ថៃរំលោភបទឈប់បាញ់! ពលរដ្ឋខ្មែរតាមបន្ទាត់ព្រំដែនខេត្តព្រះវិហារ បង្ខំចិត្តជម្លៀសខ្លួនជាថ្មី
អុន សម្ផស្ស
30 កញ្ញា 2025 12:30 PM

ក្រុងព្រះវិហារ៖ ប្រជាពលរដ្ឋខ្មែរមួយចំនួនរស់នៅតំបន់ប្រឈមខ្ពស់ តាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តព្រះវិហារ ត្រូវបង្ខំចិត្តចាកចេញពីលំនៅឋានសាជាថ្មី ក្រោយហេតុការណ៍យោធាថៃរំលោភបទឈប់បាញ់នាពេលថ្មីៗនេះ។ មួយថ្ងៃក្រោយក្រសួងការពារជាតិកម្ពុជា ប្រកាសពីការបាញ់ផ្លោងគ្រាប់ចូលទឹកដីកម្ពុជានៅតំបន់អានសេះ ពលរដ្ឋប្រមាណជាង១០០គ្រួសារ បានជម្លៀសទៅកាន់មណ្ឌលសុវត្ថិភាពដោយខ្លួនឯង។ នេះបើតាមការបញ្ជាក់ពីលោក គឹម ចាន់បញ្ញា អភិបាលរង និងជាអ្នកនាំពាក្យខេត្តព្រះវិហារ..។

លោក គឹម ចាន់បញ្ញា ថ្លែងប្រាប់ SBM News តាមទូរសព្ទនៅព្រឹកថ្ងៃទី៣០កញ្ញា នេះថា ដ្បិតតែស្ថានភាពទូទៅក្នុងខេត្តនាពេលបច្ចុប្បន្ន ស្ងប់ស្ងាត់ ក៏ប៉ុន្តែពលរដ្ឋមួយចំនួនមានការភ័យខ្លាច ព្រួយបារម្ភពីសុវត្ថិភាពគ្រួសារ ក្រោយហេតុការណ៍ថៃផ្ទុះអាវុធឯកតោភាគី កាលពីថ្ងៃទី២៧កញ្ញា។ ជាក់ស្តែង តាមរបាយការណ៍ពីមន្ទីរព័ត៌មានខេត្ត ពលរដ្ឋដែលរស់នៅក្បែរតំបន់ប្រឈមជាង១០០គ្រួសារ កាលពីថ្ងៃទី២៨ និង២៩កញ្ញា បានជម្លៀសទៅមណ្ឌលសុវត្ថិភាពវត្តពោធិ៍៥០០០ដើម ស្ថិតក្នុងស្រុកគូលែន។ ទោះជាយ៉ាងណា លោក គឹម ចាន់បញ្ញា គូសរំលេចថា៖«[..]ពលរដ្ឋដែលវិលមកជំរំសុវត្ថិភាពនាពេលនេះ មិនមានច្រើននោះទេ គឺតែមួយចំនួនតូច ហើយអាជ្ញាធរយើង គឺយកចិត្តទុកដាក់ក្នុងការផ្ដល់ជាកន្លែងស្នាក់នៅ ផ្តល់ជាស្បៀងអាហារ ផ្តល់ជាការត្រួតពិនិត្យសុខភាព ជាប្រចាំផងដែរ[..]»។

លោក គឹម ចាន់បញ្ញា អភិបាលរង និងជាអ្នកនាំពាក្យខេត្តព្រះវិហារ
លោក គឹម ចាន់បញ្ញា អភិបាលរង និងជាអ្នកនាំពាក្យខេត្តព្រះវិហារ

ក្នុងគ្រាអាសន្ននេះ អភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី បានចាត់ក្រុមការងារតំណាងចុះទៅរៀបចំសម្របសម្រួល និងផ្ដល់ទីតាំងស្នាក់នៅបណ្ដោះអាសន្នភ្លាមៗ។ ជាមួយគ្នានេះ អាជ្ញាធរខេត្តបានប្រគល់តង់កៅស៊ូ ដែលជាអំណោយរបស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ណែត និងលោកជំទាវបណ្ឌិត ជូនដល់ប្រជាពលរដ្ឋទាំង​១០០គ្រួសារដែលទើបជម្លៀសមកសាជាថ្មី ដើម្បីសាងសង់ទីលំនៅស្នាក់នៅបណ្ដោះអាសន្ន រង់ចាំស្ថានការណ៍មានភាពល្អប្រសើរឡើងវិញ។ គួរជ្រាបថា បច្ចុប្បន្នមណ្ឌលសុវត្ថិភាពវត្តពោធិ៍៥០០០ដើម មានពលរដ្ឋភៀសសឹកទាំងថ្មី ទាំងចាស់ជិត២00គ្រួសារ កំពុងរស់នៅគេចពីជម្លោះព្រំដែនដែលបង្កឡើងពីការឈ្លានពានរបស់ភាគីថៃមកលើដែនអធិបតេយ្យភាពកម្ពុជា។

សូមរំឭកថា ក្រោយបទឈប់បាញ់ចូលជាធរមានបានប្រមាណ២ខែ ពោលគឺគិតចាប់ពីថ្ងៃទី២៨កក្កដា រហូតដល់ថ្ងៃទី២៨កញ្ញា ឆ្នាំ២០២៥ ក្រសួងការពារជាតិកម្ពុជា បានប្រកាសពីការបង្កហេតុផ្ទុះអាវុធប្រមាណជាង៣០គ្រាប់សាជាថ្មីរបស់ភាគីថៃ កាលពីថ្ងៃទី២៧កញ្ញា នៅក្នុងទឹកដីថៃខ្លួនឯងដែលជាប់ជាមួយកម្ពុជា។ ក្នុងនោះរួមមាន៖ សំឡេងបាញ់កាំភ្លើងនៅទល់មុខភូមិសាស្ត្រជប់តាប្រិ, សំឡេងបាញ់កាំភ្លើងនៅទល់មុខភូមិសាស្ត្រច្រកអានសេះ និងស្នូរសំឡេងបាញ់កាំភ្លើងនៅទល់មុខភូមិសាស្ត្រ ព្រលានថ្ម បុស្សស្បូវ ជាំតែ ប្រហែលចំនួន២៥ទៅ៣០គ្រាប់ ខណៈក្រសួងការពារជាតិកម្ពុជា អះអាងថា កងទ័ពកម្ពុជាប្រកាន់ជំហរអត់ធ្មត់មិនតបត និងគោរពតាមបទឈប់បាញ់៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត