ភ្ញៀវទេសចរ និងមន្ត្រីកម្ពុជាជាង៤០នាក់ បន្តជាប់នៅប្រាសាទព្រះវិហារ ខណៈស្ថានការណ៍កំពុងតានតឹង
អុន សម្ផស្ស
មួយឆ្នាំមុន

ក្រុងព្រះវិហារ៖ គិតត្រឹមព្រឹកថ្ងៃសុក្រទី២៥កក្កដា ការបាញ់ប្រហារពីភាគីថៃ មកលើប្រាសាទព្រះវិហារនៅតែបន្ត ខណៈភ្ញៀវទេសចរ និងមន្ត្រីការពារប្រាសាទព្រះវិហារចំនួន៤៥នាក់ បន្តជាប់នៅកន្លែងកើតហេតុតាំងតែពីថ្ងៃទី២៤កក្កដាមកម្ល៉េះ។ នេះបើតាម ការបញ្ជាក់របស់ លោក គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ...។

លោក គង់ ពុទ្ធិការ បានថ្លែងប្រាប់ SBM News នៅម៉ោងប្រមាណ៩ព្រឹកថ្ងៃសុក្រនេះថា បច្ចុប្បន្ន មន្ត្រីជំនាញមិនអាចចេញធ្វើការ ដើម្បីវាយតម្លៃពីផលខូចខាតបន្ថែមនៅទីតាំងប្រាសាទព្រះវិហារបាននៅឡើយទេ។ មិនអាចចេញធ្វើការវាយតម្លៃបាន ក៏ព្រោះតែស្ថានការណ៍ប៉ះទង្គិចគ្នា រវាងកងទ័ពកម្ពុជា-ថៃ នៅតែបន្តឥតឈប់ឈរ។ ក្នុងន័យនេះ លោក គង់ ពុទ្ធិការ បញ្ជាក់ថា មានមន្ត្រីអាជ្ញាធរជាតិព្រះវិហារចំនួន៤៥នាក់ និងភ្ញៀវទេសចប្រមាណ៥នាក់ ជាប់នៅលើប្រាសាទព្រះវិហារ ខណៈមកដល់ពេលនេះភ្ញៀវទេសចរ បានបាត់ការទាក់ទងហើយ។

ប្រាសាទព្រះវិហារ កំពុងប្រឈមនឹងការប៉ះទង្គិចដោយសារគ្រាប់ផ្លោងពីភាគីថៃ។ ការប៉ះទង្គិចនេះ ចាប់ផ្តើមនៅវេលាម៉ោងប្រមាណ៩ព្រឹកថ្ងៃទី២៤កក្កដា ខណៈភាគីថៃបានចាប់ផ្តើមបង្កជម្លោះដោយបានវាយប្រហារមកលើកម្ពុជាមុន តាមខ្សែបន្ទាត់ព្រំដែននៅខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ។ ក្នុងការវាយប្រហារនេះ យោធាថៃបានប្រើប្រាស់ អាវុធគ្រប់ប្រភេទ ដោយរាប់ទាំងគ្រប់ផ្លោង និងការទម្លាក់គ្រាប់បែកពីលើយន្តហោះ ប៉ះពាល់ដល់ប្រាសាទព្រះវិហារ រួមមាន៖ ពយតាឌី គោបុរៈទី១ គោបុរៈទី២ គោបុរៈទី៣ គោបុរៈទី៥ ជណ្តើរខាងជើង និងតំបន់ក្បែរប្រាសាទព្រះវិហារ។

ក្រសួងវប្បធម៌កម្ពុជា កាលពីយប់ថ្ងៃទី២៤កក្កដា បានប្រកាសថ្កោលទោសយ៉ាងម៉ឺងម៉ាត់ និងទាមទារឱ្យភាគីថៃបញ្ឈប់ជាបន្ទាន់ ចំពោះសកម្មភាពបាញ់ផ្លោងមកលើតំបន់ប្រាសាទព្រះវិហារ និងតំបន់ការពារប្រាសាទនេះ។ ទង្វើរបស់ថៃនាពេលនេះ ត្រូវបានក្រសួងវប្បធម៌ ចាត់ទុកជាការមិនគោរពតាមអនុសញ្ញាអន្តរជាតិនានា ស្តីពីការការពារបេតិកភណ្ឌវប្បធម៌ ជាអាទិ៍៖ អនុសញ្ញាទីក្រុងឡាអេ ឆ្នាំ១៩៥៤ ស្តីពីកិច្ចការពារសម្បត្តិវប្បធម៌នៅក្នុងព្រឹត្តិការណ៍នៃជម្លោះ ប្រដាប់អាវុធ ពិធីសារទីពីរឆ្នាំ១៩៩៩ នៃអនុសញ្ញាទីក្រុងឡាអេ ឆ្នាំ១៩៥៤ ពាក់ព័ន្ធនឹងការពង្រឹងកិច្ចការពារ និងគណនេយ្យភាពលើបេតិកភណ្ឌវប្បធម៌ អនុសញ្ញាអង្គការយូណេស្កូឆ្នាំ១៩៧២ ស្តីពីកិច្ចការពារបេតិកភណ្ឌវប្បធម៌ និងធម្មជាតិពិភពលោក៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត