សម្តេចតេជោ លើកយោបល់ឱ្យរាជរដ្ឋាភិបាលទម្លាក់ថវិកាឧបត្ថម្ភបន្ថែមទៅតំបន់ជនភៀសសឹក
អុន សម្ផស្ស
26 មិថុនា 2025 11:12 PM

ខេត្តព្រះវិហារ៖ ស្ថិតក្នុងស្ថានភាពស្មុគស្មាញ និងកាន់តែឡើងកម្តៅនៃបញ្ហាជម្លោះព្រំដែន រវាងកម្ពុជា-ថៃ មានប្រជាពលរដ្ឋខ្មែរក្នុងខេត្តព្រះវិហារជាង១៥០០គ្រួសារ ត្រូវជម្លៀសចេញពីតំបន់ប្រឈមផ្ទុះអាវុធ។ ពិតណាស់ការចាកចេញពីផ្ទះសំបែង ពលរដ្ឋទាំងនោះគឺចាំបាច់ណាត្រូវតែមានជំនួយមនុស្សធម៌ ថ្នាក់ដឹកនាំកំពូលៗរបស់កម្ពុជា បានចុះសួរសុខទុក្ខនឹងនាំយកអំណោយទៅផ្ដល់ជូនជាបន្តបន្ទាប់...។

ក្រៅតែពីសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានចុះទៅដោយផ្ទាល់កាលពីថ្ងៃទី២៣មិថុនា។ នៅរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ និងជាប្រធានព្រឹទ្ធសភាកម្ពុជា សម្តេចតេជោ ហ៊ុន សែន ក៏អញ្ជើញជួបសួរសុខទុក្ខ និងពិនិត្យស្ថានភាពរស់នៅបណ្តោះអាសន្នរបស់បងប្អូនប្រជាពលរដ្ឋ ដែលបានជម្លៀសដោយស្ម័គ្រចិត្ត នៅមណ្ឌលសុវត្ថិភាព«វត្ត​ពោធិ៍៥០០០» ស្ថិតនៅភូមិគូលែន ឃុំគូលែន ស្រុកគូលែន ខេត្តព្រះវិហារនេះផងដែរ។

 សម្តេចតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ និងជាប្រធានព្រឹទ្ធសភាកម្ពុជា
 សម្តេចតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ និងជាប្រធានព្រឹទ្ធសភាកម្ពុជា

ក្នុងដំណើរចុះទៅដោយផ្ទាល់នេះ សម្ដេចតេជោ បាននាំយកនូវព្រះរាជបណ្ដាំសាកសួរសុខទុក្ខពីសំណាក់ព្រះមហាក្សត្រ និងហ្លូងម៉ែ ជូនប្រជាពលរដ្ឋនៅតំបន់ភៀសសឹកទាំងអស់ដែលព្រះអង្គទាំងទ្វេតែងខ្វាយខ្វល់អំពីសុខទុក្ខពលរដ្ឋ និងកងទ័ពគ្រប់ពេលវេលា។ ជាមួយគ្នានោះ សម្តេចប្រធានព្រឹទ្ធសភា បាននាំយកនូវថវិកាជូនដល់គ្រួសារភៀសសឹកនៅទីនេះជាង១៥០០គ្រួសារ ដោយ១គ្រួសារទទួលបាន៥០ម៉ឺនរៀល និងស្ត្រីមានផ្ទៃពោះ១លានរៀល។ ក្រៅតែពីផ្តល់ជំនួយនាពេលនេះ សម្តេចប្រធានព្រឹទ្ធសភាក៏បានថ្លែង៖«លើកជាយោបល់ឱ្យរាជរដ្ឋាភិបាលទម្លាក់ថវិកាបន្ថែមសម្រាប់ឧបត្ថម្ភនៅតំបន់ជនភៀសសឹកបន្តទៀត»។ បន្ថែមលើនោះ អាជ្ញាធរខេត្ត ត្រូវរៀបចំក្រុមគ្រូពេទ្យប្រចាំការឱ្យបានច្បាស់លាស់ ហើយក្រសួងសុខាភិបាល កាកបាទក្រហម និងផ្នែកពាក់ព័ន្ធត្រូវរួមគ្នាទទួលខុសត្រូវចំពោះជនរួមជាតិខ្មែរ។ សម្តេចថែមទាំងបានអំពាវនាវពលរដ្ឋនៅតំបន់ភៀសសឹក រក្សាអនាម័យ និងការពារខ្លួន ពិសេសស្ត្រីមានផ្ទៃពោះ។

គួរជម្រាបថា ពលរដ្ឋរស់នៅក្បែរតំបន់មុំបី ត្រូវបង្ខំចិត្តនាំកូនចៅចាកចោលផ្ទះសំបែង ដីស្រែចម្ការ និងរបររកស៊ីរបស់ខ្លួនមកស្នាក់នៅមណ្ឌលសុវត្ថិភាព«វត្តពោធិ៍៥០០០ដើម» តាំងតែពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥។ ការចល័តទៅរកតំបន់សុវត្ថិភាពរបស់ពលរដ្ឋទាំងនេះ បន្ទាប់ពីស្ថានភាពតាមព្រំដែនកម្ពុជា-ថៃ កាន់តែឡើងកម្តៅពីមួយថ្ងៃទៅមួយថ្ងៃ ក្រោយករណីផ្ទុះអាវុធដាក់គ្នានៅតំបន់មុំបី កាលពីព្រឹកថ្ងៃទី២៨ឧសភា បណ្ដាលឱ្យកងទ័ពកម្ពុជាម្នាក់បាត់បង់ជីវិត៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត