មេបញ្ជាការជប៉ុន បញ្ជាក់គោលជំហរនឹងបន្តជួយកម្ពុជាលើផ្នែកកងទ័ពជើងគោក
L
Linda Sorn
23 មិថុនា 2025 10:00 AM

ក្រុងសៀមរាប៖ មេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន លោកនាយឧត្តមសេនីយ៍ ម៉ូរីសហ៊ីតា យ៉ាស៊ូណូរី (MORISHITA Yasunori) បានបញ្ជាក់ពីគោលជំហរក្នុងការបន្តពង្រីកទំនាក់ទំនង រួមទាំងកិច្ចសហប្រតិបត្តិការលើការបណ្ដុះបណ្ដាលកងទ័ពជើងគោកនៃប្រទេសទាំងពីរ…។

ថ្លែងក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្នុងខេត្តសៀមរាប នៅថ្ងៃទី២៣មិថុនា ឆ្នាំ២០២៥ លោកនាយឧត្តមសេនីយ៍ ម៉ូរីសហ៊ីតា យ៉ាស៊ូណូរី បានបង្ហាញនូវការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា នៅក្នុងក្របខ័ណ្ឌកងទ័ពជើងគោកដែលប្រព្រឹត្តទៅបានល្អមកទល់នឹងពេលបច្ចុប្បន្ន។ ក្នុងន័យនេះ លោកបានគូសបញ្ជាក់ថា ជប៉ុននឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើការបណ្ដុះបណ្ដាលធនធានមនុស្ស ដល់កងទ័ពជើងគោកកម្ពុជា។

ហាក់មិនខុសគ្នា សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏មើលឃើញអំពីទំនាក់ទំនងល្អរវាងប្រទេសទាំងពីរក្នុងពេលកន្លងមក ជាពិសេស ជប៉ុនបានផ្តល់ការចែករំលែកបទពិសោធ, ជំនាញ, ការបណ្ដុះបណ្ដាលធនធានមនុស្សុំ និងអភិវឌ្ឍសមត្ថភាពកងទ័ពជើងគោកកម្ពុជា។ តាមរយៈកិច្ចសហប្រតិបត្តិការនេះ សម្តេចរំពឹងថា កងទ័ពជើងគោកនៃប្រទេសទាំងពីរ នឹងអាចបន្តផ្សារភ្ជាប់ទំនាក់ទំនង ស្វែងយល់ពីគ្នាទៅវិញទៅមក ព្រមទាំងអាចរួមសហការគ្នានៅក្នុងកិច្ចការមនុស្សធម៌។ យ៉ាងណា សម្តេចនាយករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តឱ្យកងទ័ពជើងគោកនៃប្រទេសទាំងពីរ ពិនិត្យលទ្ធភាពក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ក្នុងការធ្វើលំហាត់ហ្វឹកហ្វឺនរួម សម្រាប់ការសង្គ្រោះគ្រោះមហន្តរាយ និងការបោសសម្អាតមីនជាដើម៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត