អន្តរជាតិកំពុងទន្ទឹងមើលប្រតិកម្មអ៊ីរ៉ង់ ចំពោះការកម្ទេចទីតាំងនុយក្លេអ៊ែររបស់ខ្លួនពីសំណាក់បងធំអាម៉េរិក
ហៀប ស៊ីថេត
23 មិថុនា 2025 07:30 AM

មជ្ឈិមបូព៌ា៖ បណ្តាប្រទេសជុំវិញពិភពលោក មិនថាតូច ឬធំ បាននិងកំពុងរង់ចាំមើលការឆ្លើយតបរបស់អ៊ីរ៉ង់ បន្ទាប់ពីសហរដ្ឋអាម៉េរិកបានវាយប្រហារឥតត្រាប្រណីលើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់សំខាន់ៗចំនួន៣។ បងធំអាម៉េរិក បានចូលដៃចូលជើងជាមួយអ៊ីស្រាអែលប្រឆាំងនឹងសាធារណរដ្ឋអ៊ិស្លាមនិយម...។

អ៊ីរ៉ង់សច្ចា​ប្តេជ្ញា​ការពារ​ខ្លួន​មួយថ្ងៃ​បន្ទាប់ពីស្តេចឥន្ទ្រី​អាម៉េរិក ហោះត្រដាងស្លាបសំគាំងកណ្តាលលម្ហមេឃា ​ទម្លាក់​គ្រាប់បែក​​ទម្ងន់១៣៦០៧គីឡូក្រាម ទៅលើ​ទីតាំង​នុយក្លេអ៊ែរធំៗរបស់​អ៊ីរ៉ង់ ដែលលាក់ខ្លួនពួនអាត្មានៅខាងក្រោមភ្នំ ខណៈ​មេដឹកនាំ​អាម៉េរិក​ព្រមាន​ឱ្យ​រដ្ឋធានី​តេហេរ៉ង់​លត់ជង្គង់សុំចុះចាញ់។ ប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ បានលើកឡើងពីគំនិតនៃការផ្លាស់ប្ដូររបបដឹកនាំនៅក្នុងប្រទេសអ៊ីរ៉ង់ថា៖«ការ​ផ្លាស់​ប្តូរ​របប​នយោបាយ វា​មិន​ត្រឹម​ត្រូវ​ទេ ប៉ុន្តែ​ប្រសិន​បើ​របប​តេហេរ៉ង់បច្ចុប្បន្ន​មិន​អាច​ធ្វើ​ឱ្យ​អ៊ីរ៉ង់​មាន​ភាព​អស្ចារ្យ​ឡើង​វិញ​បានទេ ហេតុអ្វី​មិន​មាន​ការ​ផ្លាស់​ប្តូរ​របប​នេះ?..»។ លោក ត្រាំ ក៏បានអះអាងថា៖«នេះគឺជាជោគជ័យខាងយោធាដ៏អស្ចារ្យ។ កន្លែងផលិតនុយក្លេអែរសំខាន់ៗរបស់អ៊ីរ៉ង់ ត្រូវបានបំផ្លាញចោលទាំងស្រុង»។

ជាងនេះ លោក ត្រាំ បានអំពាវនាវឱ្យអ៊ីរ៉ង់បោះបង់ចោលគំនិតចង់សងសឹក បើមិនដូច្នោះទេ ការ​វាយ​ប្រហារ​កាន់តែ​ធំ និង​បំផ្លិចបំផ្លាញ​ជាង​នេះ​។ ជុំវិញរឿងរ៉ាវខាងលើ អង្គការឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ (ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ) បានបង្ហាញថា មិនមានការភាយកម្រិតវិទ្យុសកម្មនៅខាងក្រៅរោងចក្រថាមពលនុយក្លេអ៊ែរនោះទេ។ ថ្លែងនៅក្នុងទីក្រុងអ៊ីស្តង់ប៊ុល រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក អាបបាស អារ៉ាក់ឈី (عباس عراقچی) បានអះអាងថា អ៊ីរ៉ងនឹងពិចារណារាល់ការឆ្លើយតបដែលអាចកើតមាន ដោយលោកសង្កត់ធ្ងន់ថា៖«សហរដ្ឋអាម៉េរិកមិនគោរពច្បាប់អន្តរជាតិទេ[..]»។ យ៉ាងណា រដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក ម៉ាកូ រ៉ូប៊ីអូ បានលើកឡើងថា៖«គ្មានប្រតិបត្តិការយោធាដែលបានគ្រោងទុកផ្សេងទៀតប្រឆាំងនឹងអ៊ីរ៉ង់ទេ លុះត្រាតែអ៊ីរ៉ង់នៅតែគឃ្លើន»។

លោក អាបបាស អារ៉ាក់ឈី (عباس عراقچی)
លោក អាបបាស អារ៉ាក់ឈី (عباس عراقچی)

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានជួបប្រជុំគ្នាកាលពីថ្ងៃអាទិត្យទី២២ ខែមិថុនា ដើម្បីពិភាក្សាអំពីការវាយប្រហាររបស់សហរដ្ឋអាម៉េរិក ខណៈរុស្ស៊ី ចិន និងប៉ាគីស្ថាន បានស្នើឱ្យមានបទឈប់បាញ់ជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌនៅមជ្ឈិមបូព៌ា។ លើសពីនេះ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូតេរ៉ែស បានប្រាប់ក្រុមប្រឹក្សាសន្តិសុខ ថា ការទម្លាក់គ្រាប់បែករបស់អាម៉េរិកលើអ៊ីរ៉ង់ គឺជាចំណាត់ការដ៏គ្រោះថ្នាក់មួយនៅក្នុងតំបន់ ហើយបានជំរុញឱ្យបញ្ឈប់ការប្រយុទ្ធ និងត្រឡប់ទៅការចរចាលើកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់វិញ។

ក្រោយការវាយប្រហារដ៏ប្រល័យលើអ៊ីរ៉ង់ ក្រសួងសន្តិសុខសហរដ្ឋអាម៉េរិកបានព្រមានអំពីបរិយាកាសគំរាមកំហែងកាន់តែខ្លាំងនៅក្នុងប្រទេស ដោយលើកឡើងពីលទ្ធភាពនៃការវាយប្រហារតាមអ៊ីនធឺណិត ឬអំពើហិង្សានានា។ ក្រុមអនុវត្តច្បាប់នៅក្នុងទីក្រុងធំៗរបស់សហរដ្ឋអាម៉េរិក បានបង្កើនការល្បាតដោយផ្តោតលើទីកន្លែងសាសនា វប្បធម៌ និងការទូត។ លើសពីនេះ ក្រសួងការបរទេសអាម៉េរិកបានចេញសេចក្តីព្រមានសុវត្ថិភាពសម្រាប់ពលរដ្ឋអាម៉េរិកទាំងអស់នៅបរទេស ជាពិសេសនៅទូទាំងតំបន់មជ្ឈិមបូព៌ា។ រហូតមកដល់ពេលនេះ រដ្ឋធានីតេហេរ៉ង់ នៅមិនទាន់បានអនុវត្តការសងសឹកប្រឆាំងនឹងសហរដ្ឋអាម៉េរិកនោះទេ ទាំងការកំណត់គោលដៅមូលដ្ឋានសហរដ្ឋអាម៉េរិក ឬការរារាំងលើការផ្គត់ផ្គង់ប្រេងពិភពលោក ប៉ុន្តែសាធារណរដ្ឋអ៊ីស្លាមមួយនេះប្រហែលជាទប់កំហឹងមិនជាប់ទេ។

មេដឹកនាំជាន់ខ្ពស់របស់អ៊ីរ៉ង់
មេដឹកនាំជាន់ខ្ពស់របស់អ៊ីរ៉ង់

ភ្លើងជម្លោះនៅមជ្ឈិមបូព៌ា កំពុងឆាបឆេះយ៉ាងសន្ធោសន្ធៅ។ ជាក់ស្តែង អ៊ីរ៉ង់-អ៊ីស្រាអែល ​បាន​បន្ត​ការ​វាយប្រហារ​ដោយ​ប្រើមីស៊ីល ខណៈយន្តហោះចម្បាំងអ៊ីស្រាអែល បានវាយប្រហារគោលដៅយោធានៅភាគខាងលិចប្រទេសអ៊ីរ៉ង់ ហើយអ៊ីរ៉ង់​ បាន​បាញ់​មី​ស៊ី​ល​ស្រោចលើររដ្ឋធានីហ្សេរ៊ុយសាឡិម និងទីក្រុងតែលអាវីវ ដែល​បណ្ដាល​ឱ្យ​មនុស្ស​ជាច្រើន​នាក់ស្លាប់ និង​រងរបួស។ ជាចុងក្រោយ អាជ្ញាធរអ៊ីរ៉ង់បានបញ្ជាក់ថា មនុស្សជាង៤០០នាក់ត្រូវបានសម្លាប់ ចាប់តាំងពីការវាយប្រហាររបស់អ៊ីស្រាអែលលើរដ្ឋធានីតេហេរ៉ង់៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត