នូវែលសេឡង់បញ្ឈប់ការផ្ដល់មូលនិធិដល់កោះ Cook ជុំវិញទំនាក់ទំនងជិតស្និទ្ធជាមួយចិន
N
Nary Vann
19 មិថុនា 2025 11:30 AM

រដ្ឋធានីវែលីងតោន៖ នូវែលសេឡង់បានប្រកាសផ្អាកការផ្ដល់ថវិកាចំនួន១៨,២លានដុល្លារនូវែលសេឡង់ ឬត្រូវនឹងប្រមាន ១០,៩៧លានដុល្លារអាម៉េរិក ដល់កោះ Cook ខណៈកោះនេះបង្កើនទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយមហាយក្សចិន។

អ្នកនាំពាក្យរបស់រដ្ឋមន្ត្រីការបរទេសនូវែលសេឡង់ លោក វិនស្តុន ភិតទ័រ (Winston Peters) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងនៅដើមខែមិថុនា ដោយសារតែការផ្ដល់មូលនិធិគាំទ្រស្នូលរបស់ប្រទេសពឹងផ្អែកលើទំនាក់ទំនងទ្វេភាគីដែលមានទំនុកចិត្តខ្ពស់។ អ្នកនាំពាក្យរូបនេះបានថ្លែងយ៉ាងដូច្នេះថា៖«នូវែលសេឡង់នឹងមិនពិចារណាលើការផ្ដល់មូលនិធិថ្មីសំខាន់ៗទេ រហូតទាល់តែរដ្ឋាភិបាលកោះ Cook ចាត់វិធានការជាក់ស្តែងដើម្បីជួសជុលទំនាក់ទំនង និងស្ដារការជឿទុកចិត្តឡើងវិញ»។ កោះ Cook គឺជាប្រទេសកោះដែលគ្រប់គ្រងដោយខ្លួនឯងនៅក្នុងសមាគមសេរីជាមួយនូវែលសេឡង់ ហើយប្រទេសទាំងពីរបានប្តេជ្ញាចិត្តក្នុងការពិគ្រោះយោបល់លើបញ្ហាសន្តិសុខ ការពារជាតិ និងគោលនយោបាយការបរទេស។ ក្នុងរយៈពេលបីឆ្នាំកន្លងមកនេះ ប្រទេសនូវែលសេឡង់បានផ្តល់ប្រាក់ ១៩៤,២លានដុល្លារនូវែលសេឡង់ ដល់កោះ Cook តាមរយៈកម្មវិធីអភិវឌ្ឍន៍។

លោក វិនស្តុន ភិតទ័រ
លោក វិនស្តុន ភិតទ័រ

យ៉ាងណា កាលពីខែកុម្ភៈ នាយករដ្ឋមន្ត្រីកោះ Cook លោក ម៉ាក ប្រោន (Mark Brown) បានទៅទស្សនកិច្ចប្រទេសចិន និងបានចុះហត្ថលេខាលើភាពជាដៃគូយុទ្ធសាស្ត្រដែលលាតសន្ធឹងលើវិស័យនានា ពីការជីកយករ៉ែក្នុងសមុទ្រ រហូតដល់អាហារូបករណ៍អប់រំ ប៉ុន្តែមិនរាប់បញ្ចូលទំនាក់ទំនងសន្តិសុខ។ នូវែលសេឡង់បានអះអាងថា កោះ Cook មិនបានពិគ្រោះយោបល់ឱ្យបានត្រឹមត្រូវលើឯកសារមុនការចុះហត្ថលេខា ដោយបំពានលើការរៀបចំរវាងប្រទេសទាំងពីរ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត