អូស្ត្រាលី និងនូវែលហ្សេឡង់ បញ្ជូនយន្តហោះទៅជម្លៀសពលរដ្ឋខ្លួនពីរដ្ឋ New Caledonia ក្រោយផ្ទុះកុប្បកម្មដ៏សាហាវ
ហៀប ស៊ីថេត
21 ឧសភា 2024 10:00 AM

កង់បេរ៉ា/វែលលីងតុន៖ អូស្ត្រាលី និងនូវែលហ្សេឡង់ បានអះអាងរួមគ្នាថា ពួកគេនឹងបញ្ជូនយន្តហោះរដ្ឋាភិបាលទៅកាន់រដ្ឋ New Caledonia ដែលជារដ្ឋរបស់ប្រទេសបារាំងនៅតំបន់ប៉ាស៊ីហ្វិក នៅថ្ងៃអង្គារទី២១ ខែឧសភា ដើម្បីជម្លៀសពលរដ្ឋចេញពីទឹកដីបារាំងក្រោយជួបប្រទះនូវកុប្បកម្មដ៏សាហាវមួយ ដែលបង្កឡើងដោយការផ្លាស់ប្ដូរការបោះឆ្នោតដោយរដ្ឋាភិបាលបារាំងនៅក្នុងរដ្ឋធានីប៉ារីស...។

គណៈកម្មាការជាន់ខ្ពស់របស់ប្រទេសបារាំងនៅរដ្ឋ New Caledonia បានបញ្ជាក់នៅថ្ងៃអង្គារទី២១ ខែឧសភាថា អាកាសយានដ្ឋាននៅតែបិទសម្រាប់ជើងហោះហើរពាណិជ្ជកម្ម ហើយវានឹងត្រូវដាក់ពង្រាយយោធាដើម្បីការពារអគារសាធារណៈ។ ជាមួយគ្នានេះ រដ្ឋបាលក្នុងតំបន់បានលើកឡើងថា មានមនុស្សប្រហែល៣២០០នាក់កំពុងរង់ចាំការចាកចេញ ឬចូលទៅក្នុងរដ្ឋ New Caledonia ខណៈដែលជើងហោះហើរពាណិជ្ជកម្មត្រូវបានលុបចោលដោយសារតែភាពចលាចលបានផ្ទុះឡើងកាលពីសប្តាហ៍មុន។

ស្នងការជាន់ខ្ពស់របស់ប្រទេសបារាំងបានអះអាងថា កងអាវុធហត្ថ និងប៉ូលិសជាង ១០០០នាក់ មកពីប្រទេសបារាំងកំពុងធ្វើការ ហើយបុគ្គលិក៦០០នាក់ផ្សេងទៀតនឹងត្រូវបានបន្ថែមនៅទីនោះ។ គួរជម្រាបថា មនុស្ស៦នាក់បានបាត់បង់ជីវិត ហើយភាពចលាចលនេះបានបន្សល់ទុកនូវផ្សារអាជីវកម្ម និងរថយន្តឆេះខ្ទេចខ្ទី និងករណីលួចចូលហាងនានា ដែលពិបាកនឹងទទួលបានថ្នាំសង្កូវ និងអាហារ ខណៈក្រុមហ៊ុន​ចំនួន ១៥០កន្លែង ត្រូវ​បាន​គេ​លួច និង​ដុតបំផ្លាញចោល។

ជុំវិញបញ្ហានះ រដ្ឋមន្ត្រីការបរទេសនូវែលហ្សេឡង់ បារាំង និងអូស្ត្រាលី បានហៅទូរសព្ទកាលពីល្ងាចថ្ងៃចន្ទទី២០ ខែឧសភា បន្ទាប់ពីនូវែលហ្សេឡង់ និងអូស្ត្រាលី បានលើកឡើងថា ពួកគេកំពុងរង់ចាំការបើកភ្លៀងខៀវពីអាជ្ញាធរបារាំង ដើម្បីបញ្ជូនយន្តហោះការពារជាតិទៅជម្លៀសអ្នកទេសចរត្រឡប់មកផ្ទះវិញ។ គួររំឭកថា កុប្បកម្មនេះបានផ្ទុះឡើងកាលពីសប្តាហ៍មុន បង្កឡើងដោយកំហឹងក្នុងចំណោមជនជាតិដើមភាគតិច Kanak ជុំវិញវិសោធនកម្មរដ្ឋធម្មនុញ្ញត្រូវបានអនុម័តក្នុងប្រទេសបារាំង ដែលនឹងផ្លាស់ប្ដូរអ្នកត្រូវបានអនុញ្ញាតឱ្យចូលរួមក្នុងការបោះឆ្នោត ខណៈមេដឹកនាំក្នុងតំបន់បារម្ភថានឹងធ្វើឱ្យឥទ្ធិពលនៃការបោះឆ្នោត Kanak ថយចុះ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត