នូវែលហ្សេឡង់ ត្រៀមចាយលុយជាង១ពាន់លានដុល្លារលើឧទ្ធម្ភាគចក្រល្បាតដែនសមុទ្ទ
ហៀប ស៊ីថេត
05 ឧសភា 2025 11:00 AM

រដ្ឋធានីវែលលីងតុន៖ រដ្ឋាភិបាលនូវែលហ្សេឡង់ បានអះអាងកាលពីថ្ងៃអាទិត្យទី៤ ខែឧសភាថា ខ្លួនបានត្រៀមថវិកាចំនួន២ពាន់លានដុល្លារនូវែលហ្សេឡង់ ឬស្មើ១,១៩ពាន់លានដុល្លារ ដើម្បីបញ្ជាទិញឧទ្ធម្ភាគចក្រល្បាតដែនសមុទ្ទ ជំនួសឧទ្ធម្ភាគចក្រល្បាតដែនសមុទ្ទចាស់វស្សារបស់កងកម្លាំងការពារជាតិរបស់ខ្លួន ខណៈភាពតានតឹងជាសកលកំពុងកើនឡើង។

រដ្ឋាភិបាលនូវែលហ្សេឡង់អះអាងថា ខ្លួននឹងបង្កើនការចំណាយមូលដ្ឋានចំនួន ជាង១៤២លានដុល្លារ សម្រាប់កងកម្លាំងការពារជារៀងរាល់ឆ្នាំក្នុងរយៈពេល៤ឆ្នាំខាងមុខ។ រដ្ឋមន្ត្រីក្រសួងការពារជាតិនូវែលហ្សេឡង់ លោកស្រី ជូឌីត ខូលលីនស៍ (Judith Collins) បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«វាច្បាស់ណាស់ថា នូវែលហ្សេឡង់មិនមានភាពស៊ាំពីភាពតានតឹង ដែលកំពុងកើនឡើងនៅជុំវិញពិភពលោកនោះទេ»។ លោកស្រីបានបន្ថែមថា៖«[ការណ៍នេះ]កំពុងកំណត់យើងលើការចំណាយលើវិស័យការពារជាតិដើម្បីឈានដល់២ភាគរយនៃGDP នៅឆ្នាំ២០៣២ ដល់២០៣៣»។

លោកស្រី ជូឌីត ខូលលីនស៍ (Judith Collins)
លោកស្រី ជូឌីត ខូលលីនស៍ (Judith Collins)

ជាងនេះ លោកស្រី ខូលលីន បានសង្កត់ធ្ងន់ថា៖«ប្រសិនបើគ្មានសន្តិសុខជាតិ នោះក៏គ្មានសន្តិសុខសេដ្ឋកិច្ចដែរ។ ភាពតានតឹងជាសកលកំពុងកើនឡើងយ៉ាងឆាប់រហ័ស ហើយបុគ្គលិកការពារជាតិត្រូវការឧបករណ៍ និងលក្ខខណ្ឌត្រឹមត្រូវដើម្បីបំពេញការងាររបស់ពួកគេ។ ក្នុងនាមជាប្រទេសដែនសមុទ្ទ យើងកំពុងផ្តល់អាទិភាពដល់សមត្ថភាពកងទ័ពជើងទឹក»។ កងកម្លាំងការពារជាតិរបស់ប្រទេសនូវែលហ្សេឡង់ បានស៊ាំជាមួយការចំណាយតិចជាប្រព័ន្ធ ក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមក ដែលស្មើនឹងជាង១ភាគរយនៃGDP ឥឡូវនេះ។ គេនៅចាំបានថា កាលពីខែមេសា រដ្ឋាភិបាលនូវែលហ្សេឡង់ បានបង្ហាញថា ខ្លួននឹងបង្កើនការចំណាយលើវិស័យការពារជាតិ ជាមួយមូលនិធិថ្មីចំនួនជាង៥ពាន់លានដុល្លារ ក្នុងរយៈពេល៤ឆ្នាំខាងមុខ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត