
វែលលីងតុន៖ វៀតណាម-នូវែលហ្សេឡង់ បានចុះហត្ថលេខាលើភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ កាលពីល្ងាចថ្ងៃពុធទី២៦កុម្ភៈ ដោយជំរុញឱ្យមានការចូលរួមនៅក្នុងវិស័យនានារួមទាំងវិស័យការពារជាតិ និងការអប់រំផងដែរ។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ប្រទេសទាំងពីរ...។

រដ្ឋធានីហាណូយ និងរដ្ឋធានីវែលលីងតុន នឹងបង្កើតផែនការសកម្មភាពរួមមួយ ដែលផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យពាក់ព័ន្ធនយោបាយ សន្តិសុខការពារជាតិ និងលម្ហមហាសមុទ្ទ សេដ្ឋកិច្ចពាណិជ្ជកម្ម និងការវិនិយោគ ការប្រែប្រួលអាកាសធាតុ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ការអប់រំ និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន។ នេះបើតាមសេចក្តីថ្លែងការណ៍រួម។ នាយករដ្ឋមន្ត្រីនូវែលហ្សេឡង់ លោក គ្រីស្តូហ្វើ លូហ្សុន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ក្នុងដំណើរបំពេញទស្សនកិច្ចនៅវៀតណាម ដើម្បីរំលឹកខួប៥០ឆ្នាំនៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។

ជាក់ស្តែង លោក លូហ្សុន បានអះអាងនៅថ្ងៃព្រហស្បតិ៍ទី២៧ ខែកុម្ភៈនេះថា៖«ការពង្រឹងទំនាក់ទំនងរបស់យើងជាមួយវៀតណាម គឺមានសារសំខាន់មិនគួរឱ្យជឿជាក់ចំពោះអនាគតសេដ្ឋកិច្ចរបស់ប្រទេសនូវែលហ្សេឡង់ ជាមួយនឹងកាលានុវឌ្ឍភាពកាន់តែច្រើនសម្រាប់អាជីវកម្មនៅក្នុងប្រទេស ជុំវិញការចូលទៅកាន់ទីផ្សារដ៏សំខាន់មួយនេះ»។ បន្ថែមលើនេះ លោក លូហ្ស៊ុន បានបន្ដែមថា៖«វៀតណាមគឺជាតារាដែលកំពុងរះឡើងនៅទ្វីបអាស៊ី ហើយឱកាសដើម្បីធ្វើការរួមគ្នាលើគោលដៅរួម គឺធំធេងណាស់»។

ជាមួយគ្នា នាយករដ្ឋមន្រ្តីវៀតណាម លោក ផាំ មិញជិញ លើកឡើងថា ការបើកចំហ ស្មោះត្រង់ ការទុកចិត្តគ្នា និងកសាងលើការយោគយល់គ្នាទៅវិញទៅមក ហើយក្របខណ្ឌថ្មីនេះ នឹងពង្រឹងទំនុកចិត្តផ្នែកនយោបាយ និងធ្វើឱ្យកិច្ចសហប្រតិបត្តិការវៀតណាម-នូវែលហ្សេឡង់ កាន់តែស៊ីជម្រៅ បំពេញសេចក្តីប្រាថ្នារួមរបស់ប្រជាជននៃប្រទេសទាំងពីរ ដោយផ្អែកលើការគោរពច្បាប់អន្តរជាតិ ឯករាជ្យភាព អធិបតេយ្យភាព បូរណភាពទឹកដី និងប្រព័ន្ធនយោបាយរបស់គ្នាទៅវិញទៅមក។ ការណ៍នេះក៏នឹងរួមចំណែកយ៉ាងសំខាន់ដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោកផងដែរ។

ក្រោមភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយថ្មីនេះ នឹងផ្តោតលើទំនាក់ទំនងទ្វេភាគីលើការកែលម្អសំខាន់ៗចំនួនប្រាំចំណុច។ ចំណុចទី១.ភាពជឿជាក់ខាងនយោបាយកាន់តែរឹងមាំ និងជាយុទ្ធសាស្ត្រ, ទី២.កិច្ចសហប្រតិបត្តិការសំខាន់បន្ថែមទៀត ក្នុងវិស័យការពារជាតិ និងសន្តិសុខ, ទី៣.កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគកាន់តែជិតស្និទ្ធ និងមានប្រសិទ្ធភាពជាងមុន, ទី៤.ការកើនឡើងនៃវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងកិច្ចសហប្រតិបត្តិការបម្រែបម្រួលអាកាសធាតុ ជាសសរស្តម្ភថ្មីនៃទំនាក់ទំនងទ្វេភាគី, និងទី៥.ទំនាក់ទំនងរវាងប្រជាជន និងប្រជាជនកាន់តែស៊ីជម្រៅតាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍធនធានមនុស្ស កម្លាំងពលកម្ម និងទេសចរណ៍។

ក្រៅពីនេះ មេដឹកនាំវៀតណាមបានលើកឡើងថា ភាគីទាំងពីរក៏បានឯកភាពជំរុញការសម្របសម្រួល និងការគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគី ជាពិសេសអង្គការសហប្រជាជាតិ អាស៊ាន និងយន្តការអាស៊ាន ក៏ដូចជាជំរុញកិច្ចសន្ទនា កសាងទំនុកចិត្តក្នុងចំណោមប្រជាជាតិនានា និងលើកតម្កើងតួនាទីកណ្តាលរបស់អាស៊ានក្នុងការបង្កើតស្ថាបត្យកម្មក្នុងតំបន់ដែលកំពុងវិវត្តទៅមុខ។ ជាងនេះទៅទៀត ប្រទេសទាំងពីរ ក៏បានអះអាងសាជាថ្មីអំពីសារសំខាន់នៃការរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព និងសេរីភាពនាវាចរណ៍ និងអាកាសចរណ៍នៅសមុទ្ទចិនខាងកើត ដោះស្រាយវិវាទតាមរយៈវិធានការដោយសន្តិវិធី ឈរលើមូលដ្ឋានច្បាប់អន្តរជាតិ។

ជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្ទឆ្នាំ១៩៨២ (UNCLOS) ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការលើដែនសមុទ្ទ ស្របពេលរដ្ឋធានីប៉េកាំងកំពុងអង្គៀមទាមទារស្ទើរតែទាំងមូលនៃសមុទ្ទចិនខាងត្បូង។ គួរបញ្ជាក់ថា ការបោះយុថ្កាលើភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម-ណូវែលហ្សេឡង់ កើតឡើងចំពេលរដ្ឋធានីហាណូយ បញ្ចេញការកំណត់ផែនទីថ្មីនៃឈោងសមុទ្ទតុងកឹង៕




