ខេត្តកំពង់ធំ៖ ជំនន់ទឹកភ្លៀង កំពុងវាយប្រហារដំណាំស្រូវក្នុងខេត្តចំនួន៥ របស់កម្ពុជា ដោយក្នុងនោះ ខេត្តកំពង់ធំ រងផលប៉ះពាល់ច្រើនជាងគេ ដល់ជាង២ពាន់ហិកតា។ នេះបើតាមការឱ្យដឹងពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី១៩មិថុនា ឆ្នាំ២០២៥។

លោក តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម, លោក សុទ្ធ គឹមកុលមុនី អគ្គលេខាធិការរង នៃគណ:កម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ, លោក ប៉ែន វណ្ណារិទ្ធ ប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំ និងមន្ត្រីជំនាញពាក់ព័ន្ធ កាលពីថ្ងៃទី១៨មិថុនា បានចុះពិនិត្យស្ថានភាពគ្រោះជំនន់ទឹកភ្លៀង ដែលបានបង្កឱ្យប៉ះពាល់ដល់ដំណាំស្រូវ ក្នុងស្រុកចំនួន៥ នៅខេត្តកំពង់ធំ។ ជាលទ្ធផល ការពិនិត្យនិងវាយតម្លៃបានបង្ហាញថា ផ្ទៃដីដាំដំណាំស្រូវរបស់ពលរដ្ឋ ដែលបានរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង មានសរុបជាង២២០០ហិកតា ស្មើនឹងជាង២០០០គ្រួសារ។ ស្រុកទាំង៥ដែលរងផលប៉ះពាល់លើដំណាំស្រូវ រួមមាន៖ ស្រុកប្រាសាទសំបូរ ប៉ះពាល់ដំណាំស្រូវសរុបជាង៤៨០ហិកតា, ស្រុកកំពង់ស្វាយ ប៉ះពាល់ជាង១១០០ហិកតា, ស្រុកសណ្តាន់ ប៉ះពាល់ប្រែហែល២៣០ហិកតា, ស្រុកស្ទោង ប៉ះពាល់ជាង១៤០ហិកតា និង ស្រុកសន្ទុក មាន១ឃុំ ប៉ះពាល់ជាង១៨០ហិកតា។

ខេត្ត៤ផ្សេងទៀត ដែលរងការប៉ះពាល់ដែរនោះ រួមមាន៖ តាកែវ ព្រះវិហារ ពោធិ៍សាត់ និង បន្ទាយមានជ័យ ដោយមានផ្ទៃដីខូចខាតលើដំណាំស្រូវសរុបចំនួនជាង៩០០ហិកតា។ ប្រភេទស្រូវដែលរងផលប៉ះពាល់ក្នុងខេត្តទាំង៥ខាងលើ ជាប្រភេទស្រូវស្រាលមិនប្រកាន់រដូវ ហើយស្រែភាគច្រើន បានប្រជាកសិករធ្វើនៅក្នុងអាងស្តុកទឹក និងបឹងធម្មជាតិ ដោយបានដាំដុះតាំងពីចុងខែមីនា និងខែមេសា។ ស្រូវដែលរងផលប៉ះពាល់នេះទៀតសោត ជាស្រូវដែលស្ថិតក្នុងដំណាក់កាលដាក់គ្រាប់ និងមួយចំនួនបានទុំហើយត្រៀមនឹងប្រមូលផល។ ដើម្បីបង្ការផលប៉ះពាល់លើនេះ និងផលប៉ះពាល់ផ្សេងៗលើប្រជាពលរដ្ឋជាបន្តទៀត លោករដ្ឋលេខាធិការក្រសួងកសិកម្ម បានស្នើដល់អាជ្ញាធរ និងអង្គភាពពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ ត្រូវត្រៀមគ្រប់វិធានការ ដើម្បីឆ្លើយតបឱ្យបានរហ័សទៅនឹងគ្រោះមហន្តរាយបានទាន់ពេលវេលា៕


