
រាជធានីបាងកក៖ នាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថងថាន ឈិនៈវ័ត បានសុំទោសជាសាធារណៈ ក្រោយបែកធ្លាយឃ្លីបសំឡេងសន្ទនាជាមួយសម្តេចតេជោ ហ៊ុន សែន ហើយលោកស្រីប្តេជ្ញាពួតដៃជាមួយយោធា ដើម្បីការពារអធិបតេយ្យភាពរបស់ប្រទេសថៃ។ ការណ៍នេះ កើតឡើងស្របពេលគណៈកម្មាធិការក្រមសីលធម៌នយោបាយ នៃព្រឹទ្ធសភាថៃ ប្រកាសថានឹងដាក់ញត្តិទៅតុលាការដើម្បីដកតំណែងនាយករដ្ឋមន្ត្រីពីលោកស្រី។

លោកស្រី ផែថងថាន នៅថ្ងៃព្រហស្បតិ៍ទី១៩ ខែមិថុនា បានចេញមុខសុំទោសជាសាធារណៈចំពោះការលើកឡើងរបស់លោកស្រី អំពីមេទ័ពភូមិភាគ២ ក្នុងពេលសន្ទនាតាមទូរសព្ទជាមួយប្រមុខបក្សកាន់អំណាចកម្ពុជាសម្តេចតេជោ ហ៊ុន សែន។ លោកស្រីនាយករដ្ឋមន្ត្រី បានសម្ដែងការសោកស្ដាយចំពោះការសន្ទនាដែលបានបែកធ្លាយធ្លាយ ដោយលោកស្រីបញ្ជាក់ថា មិនបានដឹងអំពីការថតសំឡេងនោះទេ។ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំជាមួយមេដឹកនាំយោធា លោកស្រី ផែថងថាន បានថ្លែងក្នុងសន្និសីទសារព័ត៌មានថា ៖«ខ្ញុំត្រូវតែសុំទោសចំពោះអ្វីដែលបានកើតឡើង ដោយសារខ្ញុំពិតជាមិនដឹងថាការសន្ទនានេះត្រូវបានថតទុក»។

លោកស្រីបានធានាដល់សាធារណជនថា រាជរដ្ឋាភិបាលរបស់លោកស្រីនៅតែរួបរួមជាមួយកងកម្លាំងប្រដាប់អាវុធ ដើម្បីការពារបូរណភាពទឹកដីរបស់ប្រទេសថៃប្រឆាំងនឹងការឈ្លានពានណាមួយពីប្រទេសកម្ពុជា។ មិនត្រឹតែប៉ុណ្ណោះ លោកស្រីបានបន្ថែមថា ៖«ចាប់ពីពេលនេះតទៅ ខ្ញុំនឹងប្រយ័ត្នប្រយែងចំពោះពាក្យពេជន៍របស់ខ្ញុំ។ ប្រសិនបើយើងរួបរួមគ្នា យើងនឹងរួចផុតពីវិបត្តិនេះ»។ កាលពីថ្ងៃពុធ ទី១៨ ខែមិថុនា លោក ផែថងថាន ភ្ញាក់ខ្លួនព្រើត បន្ទាប់ពីការបែកធ្លាយឃ្លីបសំឡេងសន្ទនា ដែលក្នុងនោះលោកស្រីបានរិះគន់មេទ័ពភូមិភាគ២ ដឹកនាំទ័ពនៅតំបន់ជាប់ព្រំដែនជាមួយកម្ពុជា ដែលកំពុងទទួលបានប្រជាប្រិយភាពខ្លាំងក្នុងប្រទេសថៃ។ សំឡេងសន្ទនានេះ បានបែកធ្លាយលើបណ្តាញសង្គមក្នុងប្រទេសកម្ពុជា ហើយមួយរយៈពេលខ្លីក្រោយមក ក៏រាលដាល់ទៅដល់ប្រទេសថៃ។

បន្ទាប់ពីកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំយោធា លោកស្រី ថែថងថាន បានលើកឡើងថា រាជរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធត្រូវតែសហការគ្នា ដើម្បីដោះស្រាយរាល់ការគំរាមកំហែងដល់សន្តិសុខជាតិ។ លោកស្រីបានបញ្ជាក់ថា ៖«ឥឡូវនេះ យើងមិនមានពេលដើម្បីប្រយុទ្ធជាមួយគ្នាយើងទេ។ យើងត្រូវការពារអធិបតេយ្យភាពរបស់យើង ហើយរាជរដ្ឋាភិបាលបានត្រៀមខ្លួនរួចជាស្រេច ដើម្បីគាំទ្រដល់កងកម្លាំងប្រដាប់អាវុធគ្រប់មធ្យោបាយ។ យើងនឹងធ្វើការជាមួយគ្នា»។ លោកស្រីបន្ថែមថា មុននឹងចាត់វិធានការណាមួយ រាជរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធត្រូវគិតគូរពីសុវត្ថិភាពរបស់ប្រជាជនថៃនៅកម្ពុជា និងអ្នកដែលរស់នៅតាមព្រំដែនកម្ពុជា-ថៃ។

លោកស្រីនាយករដ្ឋមន្ត្រីក៏បានបង្ហាញទៀតថា ក្រសួងការបរទេសថៃបានកោះហៅឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ មកសួរនាំរឿងឃ្លីបសំឡេងសន្ទនាដែលបែកធ្លាយនោះ ដោយលោកស្រីនិយាយទាំងកំហឹងថា៖«គ្មាននរណាម្នាក់ធ្វើបែបនេះនៅក្នុងប្រទេសផ្សេងទៀតទេ។ គ្មានមេដឹកនាំពិភពលោកណាម្នាក់អនុញ្ញាតឱ្យមានឧប្បត្តិហេតុបែបនេះកើតឡើងទេ»។ ជាចុងក្រោយ លោកស្រីនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា ៖«រាជរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធរួបរួមគ្នា ដូច្នេះខ្ញុំសូមអំពាវនាវឱ្យប្រជាជនមានសាមគ្គីភាពជាមួយរាជរដ្ឋាភិបាល។ យើងមិនគួរឈ្លោះគ្នាឯងឡើយ»។

គួរបញ្ជាក់ថា គណៈកម្មាធិការក្រមសីលធម៌នយោបាយ នៃព្រឹទ្ធសភាថៃ បានប្រកាសនៅថ្ងៃព្រហស្បតិ៍ទី១៩ ខែមីនានេះថា ពួកគេនឹងដាក់ញត្តិទៅតុលាការអភិរក្ស និងគណៈកម្មាធិការជាតិប្រឆាំងអំពើពុករលួយ ដើម្បីដកដំណែងលោកស្រីនាយករដ្ឋមន្ត្រី ផែថងថាន ដោយចោទប្រកាន់លោកស្រីពីបទប្រព្រឹត្តិខុសលើជម្លោះព្រំដែនកម្ពុជា-ថៃ ជាពិសេសការសន្ទនាតាមទូរសព្ទជាមួយប្រធានបក្សកាន់អំណាចកម្ពុជា៕




