
ក្រុងព្រះសីហនុ៖ ការដោះដូរទំនិញរវាងកម្ពុជា-ចិន កាន់តែមានភាពងាយស្រួល និងលឿនរហ័សជាងមុនបន្ទាប់ពីនាវាដឹកទំនិញរបស់ចិនអាចបោះពួយត្រង់មកកម្ពុជា តាំងតែពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥។ នេះបើតាមការបញ្ជាក់របស់ លោក វ៉ាង វិនពិន (Wang Wenbin) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា..។

លោក វ៉ាង វិនពិន បង្ហោះសារលើទំព័រហ្វេសប៊ុកផ្លូវការនៅថ្ងៃទី១៨មិថុនា ឆ្នាំ២០២៥ថា៖«នាវាដឹកទំនិញដំបូងបានចេញដំណើរពីកំពង់ផែ Suzhou ប្រទេសចិន មកកាន់កំពង់ផែក្រុងព្រះសីហនុ នេះបានបង្ហាញពីការបើកដំណើរការដោយជោគជ័យនៃជើងនាវាកុងតឺន័រ»។ នាវាដឹកទំនិញនេះនឹងចូលមកកម្ពុជាត្រង់ ដោយមិនចាំបាច់ឈប់សំចតដោះដូរទំនិញពីនាវាមួយទៅនាវាមួយទៀត តាមកំពង់ផែនៃប្រទេសដទៃឡើយ។ នាវានេះអាចធ្វើដំណើរបោះពួយតាមផ្លូវសមុទ្រមកកម្ពុជាដោយត្រង់ ជំរុញឱ្យប្រតិបត្តិការដោះដូរទំនិញទ្វេភាគីកាន់តែលឿនជាងមុន។ លោកទូតសង្កត់ធ្ងន់ថា៖«ការបើកជើងនាវាឆ្ពោះទៅត្រង់បានកាត់បន្ថយពេលវេលាដឹកជញ្ជូនបែបប្រពៃណីចន្លោះ១៥ ទៅ ២០ថ្ងៃ ទៅត្រឹមតែ៩ថ្ងៃ»។

ចិនជាប្រទេសដៃគូពាណិជ្ជកម្មធំជាងគេរបស់កម្ពុជា ដោយទំនាក់ទំនងទ្វេភាគីនេះបានកើនឡើងជាលំដាប់ពីមួយទៅមួយឆ្នាំ។ ជាក់ស្តែងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) ក្នុងត្រីមាសទី១ ឆ្នាំ២០២៥ ការនាំចូល-នាំចេញទំនិញរវាងកម្ពុជា-ចិន មានទឹកប្រាក់សរុបជាង៤ពាន់លានដុល្លារ កើនឡើង ជាង២៦ភាគរយ បើធៀបនឹងឆ្នាំ២០២៤ ដែលមានចំនួនជាង៣,២ពាន់លានដុល្លារ។ ក្នុងត្រីមាសទី១ដដែលកម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន១៧២ជាមួយទុនវិនិយោគប្រមាណ២,៥ពាន់លានដុល្លារ ដែលភាគច្រើនជាការវិនិយោគរបស់ចិន។ សូមជម្រាបថា កំពង់ផែស្វយ័តក្រុងព្រះសីហនុ ជាកំពង់ផែទឹកជ្រៅតែ១គត់របស់កម្ពុជា ដែលកំពុងប្រតិបត្តិការលើផ្ទៃដីជាង១២០ហិកតា និងអាចដឹកជញ្ជូនទំនិញផ្ទាល់តាមសមុទ្រ ទៅកាន់បណ្តាប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វីក៕






