យោធា​ថៃ​ គ្រវីក្បាលមិនបានលុកលុយ​ចូល​កម្ពុជា ដូចការចោទប្រកាន់
ហៀប ស៊ីថេត
19 មិថុនា 2025 02:21 AM

រដ្ឋធានីបាងកក៖ កង​ទ័ពភូមិន្ទ​ថៃ ​បាន​បដិសេធ​ការ​អះអាង​របស់​កម្ពុជា​ ដែលថា​ ទាហាន​ថៃ​បាន​រំលោភ​លើ​អធិបតេយ្យភាព​ និង​បូរណភាព​ទឹកដីរបស់កម្ពុជា​ ដោយ​ការ​ជីក​លេណដ្ឋាន​(ត្រង់សេ) និង​ការ​លុក​លុយ​ផ្សេងៗ​តាមជើងគោក។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ កាលពីថ្ងៃទី១៨ ខែមិថុនា...។

ការគ្រវីក្បាលបដិសេធពីសំណាក់ភាគីថៃ កើតឡើងក្រោយក្រសួងការពារជាតិកម្ពុជាអះអាងនៅក្នុងរបាយការណ៍ថា ភាគីថៃមិនបានគោរពកិច្ចព្រមព្រៀងទេ ហើយថែមទាំងបានបង្កើនសកម្មភាព ដែលផ្ទុយទៅនឹងអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០០ (MoU 2000) រវាងប្រទេសទាំងពីរ។ ក្រសួងការពារជាតិកម្ពុជា បានអះអាងបន្ថែមថា ភាគីថៃ បានបង្ហោះយន្តហោះគ្មានមនុស្សបើកជាច្រើន ជីកលេណដ្ឋាន ចល័តកងទ័ព និងបង្កើនអាវុធជំនួយជាច្រើនប្រភេទ សាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងពង្រាយកងទ័ពបន្ថែមនៅតាមព្រំដែនក្នុងខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ។ ​ចំណាត់ការទាំង​នេះ​គឺជា​ការ​គំរាមកំហែង​យ៉ាង​ធ្ងន់ធ្ងរ​ដល់​សន្តិភាព និង​សន្តិសុខ​នៃ​ប្រទេស​ទាំងពីរ​។

លោក ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា
លោក ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា

ជុំវិញរឿងនេះ អ្នកនាំពាក្យរងកងទ័ពភូមិន្ទថៃ(RTAF) លោក សុរៈសាន់ គង់សិរី (สุรสันต์ คงสิริ) បានឆ្លើយតបវិញថា យោធាថៃប្រកាន់ខ្ជាប់នូវពិធីសារអន្តរជាតិ ហើយសកម្មភាពទាំងអស់ គឺស្របតាមMoUឆ្នាំ២០០០។ លោក​បន្ត​ថា សកម្មភាព​ទាំង​អស់​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​ដែន​អធិបតេយ្យ​របស់​ប្រទេស​ថៃ ហើយការកែលម្អផ្នែកផ្សេងៗ និងប្រតិបត្តិការរបស់កងកម្លាំងយោធានៅក្នុងតំបន់ទាំងនោះ គឺជាការអនុវត្តយោធាស្ដង់ដារ ដែលទាមទារឱ្យមានការអភិវឌ្ឍ ដើម្បីពង្រឹងសន្តិសុខ។

ចំពោះផលប៉ះពាល់នៃការហាមប្រាមរបស់កម្ពុជា លើការនាំចូលកសិផលពីប្រទេសថៃនោះ ក្រសួងពាណិជ្ជកម្មកំពុងព្យាយាមបន្ធូរបន្ថយផលប៉ះពាល់ ដោយការសម្របសម្រួលនៃការចែកចាយឡើងវិញទៅកាន់បណ្តាញផ្សារទំនើបក្នុងស្រុក នូវផលិតផលដែលមានគោលដៅនាំចេញ។ នេះបើតាម លោក សុរៈសាន់ ជាចុងក្រោយ អ្នកនាំពាក្យរងរបស់កងទ័ពភូមិន្ទថៃ​បញ្ជាក់ថា ស្ថានទូត​ថៃ​នៅ​ភ្នំពេញ​ ក៏​កំពុង​រក្សា​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​ជនជាតិ​ថៃ​ដែល​រស់នៅ​ក្នុង​រាជធានី​នៃប្រទេសកម្ពុជា​ ដើម្បី​ធានា​សុវត្ថិភាព​របស់​ពួកគេដែរ​៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត