អាម៉េរិក​សម្រុកបញ្ជូន​យន្តហោះ​ចម្បាំង​ទៅ​មជ្ឈិមបូព៌ា ក្រោយភ្លើងសង្គ្រាមអ៊ីស្រាអែល-​អ៊ីរ៉ង់ឆាបឆេះខ្លាំង
ហៀប ស៊ីថេត
18 មិថុនា 2025 03:13 AM

រដ្ឋធានីវ៉ាស៊ីនតោន៖ យោធាអាម៉េរិក បាននិងកំពុងបញ្ជូនយន្តហោះចម្បាំងបន្ថែមទៀតទៅកាន់តំបន់មជ្ឈិមបូព៌ា រួមទាំងពង្រីកការដាក់ពង្រាយយន្តហោះផ្សេងទៀត ដើម្បីជាជន្ទល់ពង្រឹងវត្តមានយោធារបស់ខ្លួននៅក្នុងតំបន់ដ៏ផុយស្រួយនេះ ខណៈជម្លោះរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ ផ្ទុះឡើងកាន់តែខ្លាំង...។

មន្រ្តីអាម៉េរិកអះអាងថា រដ្ឋធានីវ៉ាស៊ីនតោនបានដាក់ពង្រាយយន្តហោះចម្បាំង F-16, F-22 និង F-35 ហើយវិធានការនេះ គឺប្រើដើម្បីស្ទាក់ចាប់ និងបាញ់កម្ទេចយន្តហោះគ្មានមនុស្សបើក និងមីស៊ីល។ ជាក់ស្តែង ថ្មីៗនេះ នាវាផ្ទុកយន្តហោះ USS Nimitz របស់សហរដ្ឋអាម៉េរិក បានចាកចេញពីតំបន់អាស៊ីអាគ្នេយ៍ សំដៅទៅកាន់តំបន់មជ្ឈិមបូព៌ា ចំពេលជម្លោះអ៊ីរ៉ង់ និងអ៊ីស្រាអែលកាន់តែក្ដៅគគុក។ លោក ដូណាល់ ត្រាំ ជំរុញឱ្យមានការជម្លៀសប្រជាជននៅរដ្ឋធានីតេហេរ៉ង់ ស្របពេលការប្រយុទ្ធគ្នារវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល ឈានចូលដល់ថ្ងៃទី៦។

ជាមួយគ្នានេះ រដ្ឋមន្ត្រីការពារជាតិអាម៉េរិក លោក ភេត ហេកសិត បានចាត់ទុកការដាក់ពង្រាយយន្តហោះចម្បាំងនេះថា ជាការការពារកងកម្លាំងរបស់ខ្លួននៅមជ្ឈិមបូព៌ា។ គួរបញ្ជាក់ថា សហរដ្ឋអាម៉េរិករក្សាបាននូវវត្តមានយោធាដ៏ច្រើនសន្ធឹកសន្ទាប់នៅមជ្ឈិមបូព៌ា ដោយមានកងទ័ពជិត៤ម៉ឺននាក់នៅក្នុងតំបន់ផុសឡើងដោយវិបត្តិមួយនេះ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត