រដ្ឋមន្រ្តី ប្រាប់គ្រប់មន្ទីរពេទ្យត្រៀមគ្រូពេទ្យ បរិក្ខារ ឱសថ និងឈាម ធានាសេវាសង្រ្គោះថែទាំពលរដ្ឋតាមតំបន់ព្រំដែន
S
Soriya Sou
17 មិថុនា 2025 05:00 AM

រាជធានីភ្នំពេញ៖ ដើម្បីធានាការបម្រើសេវាសុខាភិបាលដល់ប្រជាពលរដ្ឋ ជាពិសេសពលករដែលវិលមកពីថៃ និងអ្នកដែលរស់នៅតាមបណ្ដាខេត្តជាប់ព្រំដែន លោក ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានណែនាំដល់គ្រប់មន្ទីរពេទ្យទាំងអស់ ត្រូវត្រៀមលក្ខណៈឱ្យបានជាប់ជាប្រចាំ ទាំងគ្រូពេទ្យ ថ្នាំ ឈាម ត្រៀមជួយសង្រ្គោះពលរដ្ឋ ក្នុងករណីមានបញ្ហាកើតឡើងជាយថាហេតុ…។

លោក ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល
លោក ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល

ថ្លែងក្នុងកិច្ចប្រជុំពង្រឹងគុណភាពនៃការបម្រើសេវាសុខាភិបាល នៅគ្រប់កម្រិតមណ្ឌលសុខភាព ដល់មន្ទីរពេទ្យជាតិ ខេត្ត-ស្រុក កាលពីរសៀលថ្ងៃទី១៧មិថុនា ឆ្នាំ២០២៥ លោក ឈាង រ៉ា បានណែនាំដល់ថ្នាក់ដឹកនាំ មន្ទីរពេទ្យជាតិ និងមន្ទីរពេទ្យបង្អែកស្រុក-ខេត្ត ត្រូវរៀបចំផែនការ និងសហការជាមួយស្ថាប័ន អង្គភាពពាក់ព័ន្ធ ដើម្បីធានាឱ្យបានសេវាថែទាំសុខភាពសាធារណៈជូនប្រជាពលរដ្ឋ ជាពិសេសនៅតាមតំបន់ព្រំដែន ប្រកបដោយគុណភាព ប្រសិទ្ធភាព និងសមធម៌។ លោកបានដាក់បទបញ្ជាដល់គ្រប់មន្ទីរពេទ្យទាំងអស់ ត្រូវត្រៀមនូវការសង្រ្គោះបន្ទាន់, គ្រូពេទ្យប្រចាំការ, ការរៀបចំសម្ភារបរិក្ខារពេទ្យ, ការផ្គត់ផ្គង់ឱសថ, និងឈាម សម្រាប់ត្រៀមក្នុងជួយសង្រ្គោះអាយុជីវិត ក្នុងករណីមានការកើតឡើងជាយថាហេតុ ដើម្បីធានាការបម្រើសេវាសុខាភិបាលដល់ប្រជាជន និងបងប្អូនពលករដោយការយកចិត្តទុកដាក់ខ្ពស់។

លោករដ្ឋមន្ត្រី គូសបញ្ជាក់ថា ត្រូវត្រៀមលក្ខណៈក្នុងការគាំទ្រដល់ប្រជាពលរដ្ឋ ដែលត្រូវធ្វើការចល័តទីតាំងទៅទីកន្លែងមានសុវត្ថិភាព ដោយត្រៀមរៀបចំនូវស្បៀងអាហារ ឱសថ ទឹកស្អាត មុង ក្រមា និងសម្ភារ ឱសថប្រើប្រាស់សំខាន់ៗ ជាពិសេសជំងឺឆ្លងផ្សេងៗ។ លោកក៏បានណែនាំបន្ថែមដល់ថ្នាក់ដឹកនាំ នៅគ្រប់មន្ទីរពេទ្យទាំងអស់ ត្រូវសហការជាមួយមន្រ្តីរដ្ឋបាលរាជធានី-ខេត្ត គ្រប់លំដាប់ថ្នាក់ ក្នុងគោលបំណងធ្វើកិច្ចសហប្រតិបត្តិការរួមគ្នាដោយស្មារតីសាមគ្គី។ ត្រូវរក្សាទំនាក់ទំនងគ្នា និងផ្តល់ព័ត៌មានជូនក្រុមការងារឱ្យបានជាប់ជានិច្ច ដើម្បីទទួលបានកិច្ចអន្តរាគមន៍ទាន់ពេលវេលា នៅពេលចាំបាច់។

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា

សូមជម្រាបថា ការណែនាំរបស់លោករដ្ឋមន្រ្តីក្រសួងសុខាភិបាល ជាវិធានការមួយក្នុងចំណោមវិធានការជាច្រើនរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោយសភាពការណ៍នៅតាមព្រំដែនកម្ពុជា-ថៃ នៅតែបន្តមានភាពតានតឹង រហូតដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានអំពាវនាវឱ្យពលករខ្មែរដែលកំពុងធ្វើការ និងស្នាក់នៅប្រទេសថៃ វិលត្រឡប់មកកម្ពុជាវិញ កុំឱ្យថៃបណ្ដេញ និងធ្វើបាបទាន់។ ក្រោយការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាល ពលករកម្ពុជាជាច្រើនបានកំពុងវិលត្រឡប់ពីប្រទេសថៃមកមាតុភូមិកម្ពុជាវិញជាបន្តបន្ទាប់ ខណៈរាជរដ្ឋាភិបាលបានរៀបចំមណ្ឌលសំចត ការស្នាក់នៅ ហូបចុក សេវាសង្រ្គោះ សេវាដឹកជញ្ជូន ដើម្បីជួយសម្រូលដល់បងប្អូនពលករកម្ពុជាផងដែរ៕

ពលករខ្មែរសម្រុកវិលត្រឡប់ពីប្រទេសថៃមកប្រទេសកម្ពុជាវិញ
ពលករខ្មែរសម្រុកវិលត្រឡប់ពីប្រទេសថៃមកប្រទេសកម្ពុជាវិញ
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត