
រាជធានីភ្នំពេញ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានណែនាំផ្នែកពាក់ព័ន្ធពិនិត្យក្នុងការផ្តល់អាជ្ញាបណ្ណប្រកបវិជ្ជាជីវៈសុខាភិបាលចំពោះវិស័យឯកជន និងត្រូវអនុវត្តវិធានការសុខាភិបាលឱ្យបានម៉ឺងម៉ាត់ចំពោះវិស័យឯកជនណា ដែលអនុវត្តខុសពីលក្ខខណ្ឌបចេ្ចកទេសសុខាភិបាល ធ្វើឱ្យប៉ះពាល់ដល់សុខុមាលភាពប្រជាពលរដ្ឋ...។

ការក្រើនរំលឹងយ៉ាងដូច្នេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំ តាមរយៈប្រព័ន្ធហាយប្រីដ៍(Hybrid) ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត ព្រមទាំងបែងចែកតួនាទីភារកិច្ចជូនទីប្រឹក្សាក្រសួងសុខាភិបាល កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងសុខាភិបាល។ ក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យថ្នាក់ដឹកនាំទទួលបន្ទុកការងារពង្រឹងការផ្តល់សេវានៅតាមមន្ទីរពេទ្យថ្នាក់ជាតិ ខេត្ត ស្រុក ចុះពិនិត្យផ្ទាល់ និងជាប់ជាប្រចាំនៅមូលដ្ឋានសុខាភិបាលតាមបណ្តាខេត្ត ដើម្បីជួយទាំងផ្នែកបណ្តុះបណ្តាល និងបច្ចេកទេស។ បន្ថែមលើនេះ ឯកឧត្តមបានសង្កត់ធ្ងន់ថា៖«ចំពោះវិស័យឯកជនស្នើសុំផ្នែកពាក់ព័ន្ធពិនិត្យក្នុងការផ្តល់អាជ្ញាបណ្ណប្រកបវិជ្ជាជីវៈសុខាភិបាល ដោយត្រូវពិនិត្យលក្ខខណ្ឌឱ្យបានច្បាស់លាស់ និងត្រូវអនុវត្តវិធានការសុខាភិបាល ឱ្យបានម៉ឺងម៉ាត់ចំពោះវិស័យឯកជន ដែលអនុវត្តខុសពីលក្ខខណ្ឌបចេ្ចកទេសសុខាភិបាល ធ្វើឱ្យប៉ះពាល់ដល់សុខុមាលភាពប្រជាពលរដ្ឋ»។

គួរជម្រាបថា ក្រសួងសុខាភិបាលនឹងរៀបចំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំ២ដងក្នុងមួយខែ រៀងរាល់ថ្ងៃចន្ទ នៃសប្តាហ៍ទី២ និងទី៤ ព្រមទាំងកិច្ចប្រជុំប្រចាំខែ ចាប់ពីប្រធានការិយាល័យនៃទីស្តីការក្រសួងសុខាភិបាលឡើងទៅ រៀងរាល់ថ្ងៃព្រហស្បតិ៍ សប្តាហ៍ចុងក្រោយនៃខែផងដែរ៕







