រដ្ឋមន្រ្តីក្រសួងសុខាភិបាល ជំរុញមន្ដ្រីសុខាភិបាលទូទាំងប្រទេសលុបបំបាត់ជំងឺគ្រុនចាញ់
SBM News
22 កុម្ភៈ 2022 04:00 PM

ខេត្តសៀមរាប៖ ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង​ រដ្ឋមន្រ្តីក្រសួងសុខាភិបាល ជំរុញដល់មន្ដ្រីសុខាភិបាលទូទាំងប្រទេសត្រូវបន្ដការខិតខំយកចិត្ដទុកដាក់ និងពង្រឹងសកម្មភាព អនុវត្តជំហានចុងក្រោយឆ្ពោះទៅលុបបំបាត់ជំងឺគ្រុនចាញ់ប្រភេទប្លាស់ស្មូដ្យូមហ្វាល់ស៊ីប៉ារ៉ូមនៅឆ្នាំ២០២៣។ ឯកឧត្តមរដ្ឋមន្រ្តី ថ្លែងជំរុញយ៉ាងដូច្នេះ នាព្រឹកថ្ងៃអង្គារ ថ្ងៃទី២២ ខែកុម្ភៈ​ឆ្នាំ២០២២នេះ ក្នុងពិធីបើកសន្និបាត បូកសរុបការងារឆ្នាំ២០២១ និងលើកទិសដៅ ឆ្នាំ២០២២ របស់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹង ជំងឺគ្រុនចាញ់ប៉ារ៉ាស៊ីតសាស្ត្រនិងបាណកសាស្ត្រ នៅខេត្តសៀមរាប។

ឯកឧត្តមរដ្ឋមន្ដ្រី បានបញ្ជាក់ថា ចំនួនអ្នកជំងឺប្លាស់ស្មូដ្យូមហ្វាល់ស៊ីប៉ារ៉ូមថ្វីដ្បិតតែមានការថយចុះច្រើន តែយើងត្រូវពង្រឹងបន្ថែមទៀតជាពិសេសសកម្មភាអនុវត្តជំហានចុងក្រោយ។ ឯកឧត្តមរដ្ឋមន្ដ្រី បន្តថា ការចូលរួមចំណែកយ៉ាងសកម្មពីមន្ដ្រីពាក់ព័ន្ធ គឺជាភាពចំាបាច់បំផុតដើម្បីសម្រេចឱ្យបាននូវផែនការយុទ្ធសាស្ត្រជាតិលុបបំបាត់ជំងឺគ្រុនចាញ់ឆ្នាំ២០១១-២០២៥ របស់រាជរដ្ឋាភិបាល ជាពិសេស គឺជំហានចុងក្រោយលុបបំបាត់ឱ្យបាននូវជំងឺគ្រុនចាញ់ប្រភេទហ្វាល់ស៊ីប៉ារ៉ូម​ ត្រឹមឆ្នាំ២០២៣។

ឯកឧត្តមរដ្ឋមន្ដ្រី បានផ្តល់នូវមតិណែនាំមន្ត្រីពាក់ព័ន្ធ ក្នុងការប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ដូចជា ត្រូវពិនិត្យតាមដានស្ថានភាពជំងឺឱ្យទាន់ពេលវេលារាល់២៤ម៉ោង និងមានវិធានការឆ្លើយតបបន្ទាន់តាមវិធីសាស្ត្រ ១-៣-៧ (រកឃើញករណីវិជ្ជមាន ត្រូវព្យាបាលនិងកំណត់ភូមិសាស្ត្រសំបុកចំលង និងឆ្លើយតបកម្ចាត់សំបុកបង្កជំងឺ)។ ត្រូវចូលរួមប្រតិបត្តិឱ្យមានប្រសិទ្ធភាពនូវវិធីសាស្ត្រជំហានចុងក្រោយ “លុបបំបាត់ជំងឺគ្រុនចាញ់ប្រភេទហ្វាល់ស៊ីប៉ារ៉ូមត្រឹមឆ្នាំ២០២៣” លើគោលដៅប្រជាជនចេញ-ចូលទៅតំបន់ប្រឈមជំងឺគ្រុនចាញ់ ដូចជា អ្នកប្រកបរបរ អ្នកទៅបោះជំរំ ឬអ្នកទេសចរកម្សាន្តក្នុងព្រៃ ឬភ្នំ ជាដើម។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ដ្រី បានអញ្ជើញក្រសួងទេសចរណ៍ ចូលរួមគាំទ្រ សកម្មភាពរបស់កម្មវិធីប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ឱ្យបានទូលំទូលាយជាចាំបាច់។

ឯកឧត្តមរដ្ឋមន្ដ្រី ក៏បានជំរុញឱ្យបង្កើនប្រសិទ្ធភាពនៃការគ្របដណ្ដប់មុងជ្រលក់ថ្នាំដល់ប្រជាជនចល័ត និងចំណាកស្រុកឱ្យបាន១០០% ពិសេសតាមរយៈអ្នកស្ម័គ្រចិត្តព្យាបាលជំងឺគ្រុនចាញ់ចល័ត។ លើសពីនេះ ត្រូវពង្រឹង និងពង្រីកវិសាលភាពការព្យាបាលផ្តាច់ជំងឺគ្រុនចាញ់ប្រភេទវីវ៉ាក់ដោយថ្នាំ Primaquine ១៤ថ្ងៃ នៅទូទាំងប្រទេសឱ្យមានប្រសិទ្ធភាពខ្ពស់៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត