
រាជធានីបាងកក៖ មេបញ្ជាការកងទ័ពជើងគោកថៃភូមិភាគ២ លោក ប៊ុនស៊ីន ផាដក្លាង (ភាសាថៃ៖ บุญสิน พาดกลาง) បានទទួលការសរសើរយ៉ាងខ្លាំងពីសំណាក់ប្រជាជនថៃ ជុំវិញការបំប៉ោងសំឡេង និងដំឡើងសរសៃ-កដាក់កម្ពុជា ជុំវិញជម្លោះព្រំដែននាពេលថ្មីៗ ដោយមេទ័ពភូមិភាគ២រូបនេះ ហ៊ានប្រកាសថា ចង់ធ្វើសង្គ្រាមជាមួយកម្ពុជាថែមទៀតផង។ នេះបើតាមការចេញផ្សាយរបស់ទូរទស្សន៍ Thai PBS...។

ហេតុអ្វីបានជាប្រជាជនថៃគាំទ្រលោក ប៊ុនស៊ីន ច្រើនបែបនេះ? ជាក់ស្តែង មេទ័ពភាគខាងកើតរូបនេះ បានប្រកាន់ជំហរយ៉ាងរឹងត្អឹងប្រឆាំងនឹងកម្ពុជា ដោយបានបញ្ជាយោធាមិនឱ្យដកថយពីតំបន់ព្រំដែនដែលកំពុងមានវិវាទជាមួយកម្ពុជា ហើយលោកបានអះអាងថា តំបន់វិវាទនោះជាកម្មសិទ្ធិរបស់ប្រទេសថៃ។ ជាទឡ្ហីករណ៍ មេបញ្ជាការយោធាភូមិភាគ២រូបនេះ បានសង្កត់ធ្ងន់ថា៖«បុព្វបុរសរបស់យើង បានការពារទឹកដីនេះ ដូច្នេះយើងអាចរស់នៅទីនេះបាន។ យើងត្រូវតែរក្សាវាទុក។ យើងជាកូនចៅជំនាន់ក្រោយ ត្រៀមខ្លួនរួចរាល់ហើយដើម្បីបំពេញកាតព្វកិច្ច[ការពារទឹកដី]របស់យើង»។ តាមពិតទៅ មេភូមិភាគ វ័យ៦០ឆ្នាំរូបនេះ ទទួលបានការគាំទ្រជាសាធារណៈពីសំណាក់ប្រជាជនថៃ ប៉ុន្តែរាជរដ្ឋាភិបាលថៃ ហាក់ដូចជាមិនសប្បាយចិត្តចំពោះវិធានអត្តនោម័តិរបស់មេទ័ពរូបនេះឡើយ។

តើមេទ័ពថៃភូមិភាគ២ មានប្រវត្តិបែបណា? លោក ប៊ុនស៊ីន កើតនៅខេត្តឧប្បលរាជធានីភាគឦសាន ដោយបានបញ្ចប់ការសិក្សាពីសាលាយោធាភូមិន្ទថៃ មុននឹងបន្តការសិក្សានៅរាជបណ្ឌិត្យសភាយោធា។ ក្រោយមក លោកបានចូលរៀននៅមហាវិទ្យាល័យអគ្គសេនាធិការកងទ័ពថៃ។ លោក ប៊ុនស៊ីន បានចាប់ផ្តើមអាជីពយោធា នៅក្នុងតំបន់ភូមិភាគ២ មានតួនាទីសំខាន់ក្នុង[ការ]ការពារតំបន់ជាប់ព្រំដែនកម្ពុជា និងឡាវ។ ដើមឡើយ លោកបានបម្រើការជាមេបញ្ជាការកងវរសេនាតូចនៅកងវរសេនាធំថ្មើរជើងលេខ៣ មុននឹងបន្តដឹកនាំកងពលលេខ២២។ ក្រោយមកលោក ក៏ត្រូវបានគេតែងតាំងតួនាទីជាបន្តបន្ទាប់។ ហើយក្រោយមកទៀត លោក ប៊ុនស៊ីន ត្រូវបានតែងតាំងជាមេបញ្ជាការរងនៃកងទ័ពភូមិភាគ២ ហើយក្លាយជាមេបញ្ជាការយោធាភូមិភាគ២ រហូតមកដល់បច្ចុប្បន្ន។ យ៉ាងណា មេយោធារូបនេះ គ្រោងនឹងចូលនិវត្តន៍នៅចុងខែកញ្ញាខាងមុខ។

គួរបញ្ជាក់ថា លោក ប៊ុនស៊ីន ផាដក្លាង បានច្បាមយកប្រជាប្រិយភាពពីប្រជាជនកាន់តែខ្លាំងបន្ថែមទៀត ក្រោយមេទ័ពភូមិភាគ២រូបនេះ បង្ហាញបំណងចង់ប្រយុទ្ធ និងធ្វើសង្គ្រាមជាមួយកម្ពុជា ដើម្បីបញ្ចប់វិវាទព្រំដែន ដោយមិនចង់ទៅដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ)នោះឡើយ៕





