
ក្រុងប៉ោយប៉ែត៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជូនមជ្ឈមណ្ឌលការងារចល័ត (ដែលមានប្រភេទការងារផ្សេងៗ) ទៅកាន់តំបន់ព្រំដែនកម្ពុជា-ថៃ ដើម្បីទទួលចុះឈ្មោះបងប្អូនពលករខ្មែរត្រឡប់មកពីប្រទេសថៃមានបំណងចង់បានការងារធ្វើ និងចុះឈ្មោះចូលរៀនវគ្គបណ្តុះបណ្តាលបច្ចេកទេស។

តាមរយៈសំណេរនៅលើទំព័រហ្វេសប៊ុក លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ បានគូសបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៤មិថុនា ឆ្នាំ២០២៥នេះ កម្ពុជាមានការងារនៅទូទាំងប្រទេសប្រមាណ២៣ម៉ឺនកន្លែង។ អ្នកនាំពាក្យ បានស្រង់សម្តីលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារដែលថ្លែងទៅកាន់អ្នកសារព័ត៌មាន មកសរសេរថា ក្រសួងមានយន្តការនិងមានលទ្ធភាពគ្រប់គ្រាន់ ដើម្បីផ្តល់ឱកាសការងារជូនបងប្អូនពលករខ្មែរដែលបានត្រឡប់មកកាន់ប្រទេសកម្ពុជា។

ក្រៅពីការផ្ដល់ឱកាសការងារហើយនោះ ក្រសួង ក៏បានត្រៀមរៀបចំរួចរាល់ក្នុងការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសវិជ្ជាជីវៈទៅដល់ប្រជាពលរដ្ឋកម្ពុជាជាទូទៅ និងពលករជាពិសេស។ សូមរំឭកថា កាលពីរសៀលថ្ងៃទី១៤មិថុនា ឆ្នាំ២០២៥ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានដាក់ចេញបទបញ្ជាមួយចំនួនចេញពីបណ្តាញសង្គមហ្វេសប៊ុក ទៅកាន់មន្ត្រីថ្នាក់ក្រោម រួមមាន ចាំជួយផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ ត្រៀមកន្លែងស្នាក់នៅ ត្រៀមរថយន្តក្រុងដឹកចេញពីព្រំដែនជូនទៅដល់ស្រុកកំណើត និងរកការងារជូនពលរដ្ឋខ្មែរគ្រប់រូប ដែលវិលមកពីប្រទេសថៃវិញ៕




