
រាជធានីភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃទី២៧មីនា នេះ បានចេញសេចក្តីជូនដំណឹងមួយបញ្ជាក់ថា ក្នុងពិធីបុណ្យចូលឆ្នាំថ្មីខាងមុខ ករណីកម្មករនិយោជិតមិនទទួលបានការឈប់សម្រាកដោយមានប្រាក់ឈ្នួលត្រឹមត្រូវ សូមផ្ដល់ព័ត៌មានមកក្រសួង តាមរយៈលេខ ១២៩៧ និង១២៨៦ ឬតាមរយៈប្រអប់បណ្ដឹងដើម្បីក្រសួងចាត់វិធានការតាមច្បាប់ចំពោះម្ចាស់រោងចក្រ-សហគ្រាស…។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គូសបញ្ជាក់ថា យោងតាមច្បាប់ស្តីពីការងារ និងច្បាប់ស្តីពីការឈប់បុណ្យមានប្រាក់ឈ្នួលប្រចាំឆ្នាំ២០២៥ ម្ចាស់ ឬនាយកសហគ្រាស ត្រូវអនុញ្ញាតឱ្យកម្មករនិយោជិតរបស់ខ្លួនឈប់សម្រាកដោយមានប្រាក់ឈ្នួលនាឱកាសពិធីបុណ្យចូលឆ្នាំថ្មីខាងមុខ និងត្រូវសម្របសម្រួលរៀបចំបើកប្រាក់ឈ្នួលសម្រាប់ខែមេសា ដែលកម្មករនិយោជិតត្រូវទទួលបានលើកទី១ ឱ្យបានមុនថ្ងៃឈប់សម្រាក។ ក្រសួងបន្ថែមថា ចំពោះសហគ្រាសទាំងហ្លាយណាមានអាជីវកម្មត្រូវប្រព្រឹត្តទៅជាប្រចាំមិនអាចបញ្ឈប់សកម្មភាពបាន ហើយការឈប់សម្រាករបស់កម្មករនិយោជិតទាំងអស់ព្រមគ្នាក្នុងពេលតែមួយ នាំឱ្យខូចប្រយោជន៍ដល់សាធារណជន ឬក៏ធ្វើឱ្យខូចដំណើរការរបស់សហគ្រាស ត្រូវរៀបចំបែងចែកឱ្យកម្មករនិយោជិតបានឈប់សម្រាក ទៅតាមថ្ងៃឈប់សម្រាកបុណ្យដោយផ្លាស់ប្ដូរវេនគ្នា។

ប្រសិនបើការផ្លាស់ប្ដូរវេនគ្នានេះ មិនអាចគាំទ្រដល់ដំណើរការអាជីវកម្មរបស់សហគ្រាស ម្ចាស់ និងតំណាងកម្មករនិយោជិត អាចពិភាក្សា និងព្រមព្រៀងគ្នាឱ្យកម្មករនិយោជិតទាំងអស់នៅធ្វើការនៅថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំថ្មី ដោយត្រូវរៀបចំឱ្យមានការឈប់សម្រាកជំនួសនៅពេលណាមួយផ្សេងទៀតបាន។ ក្នុងនោះ ម្ចាស់សហគ្រាស ត្រូវរៀបចំបញ្ជីឈ្មោះកម្មករនិយោជិត ដែលត្រូវផ្លាស់ប្ដូរគ្នាឈប់សម្រាកតាមកាលបរិច្ឆេទនីមួយៗខាងលើ និងរក្សាទុកជាប្រចាំសម្រាប់ការត្រួតពិនិត្យរបស់អធិការការងារ៕





