
រាជធានីភ្នំពេញ៖ ថ្លែងប្រាប់ប្រាប់ SBM News កាលពីយប់ថ្ងៃសុក្រទី១៣កញ្ញា ប្រធានសហព័ន្ធសហជីពកម្ពុជា អ្នកស្រី យ៉ាង សុភ័ណ្ឌ ថាការពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមា សម្រាប់ឆ្នាំ២០២៥ កាលពីរសៀលថ្ងៃព្រហស្បតិ៍ ភាគីនិយោជក ស្នើរក្សាតួលេខកំណើន២ដុល្លារដដែល ឯភាគីខាងអ្នកស្រី ក៏នៅរក្សាតួលេខ៣របស់ខ្លួនដូចគ្នា។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងកិច្ចប្រជុំពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៥ កាលពីរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ក្រោមវត្ថមានរបស់លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយក្នុងកិច្ចប្រជុំបានឱ្យដឹងថា ភាគីទាំងពីរបានបន្តពន្យល់គ្នាទៅវិញទៅមក នូវគោលជំហររបស់ខ្លួន ប្រកបដោយវិជ្ជាជីវៈ ហើយជាមួយគ្នានេះ តំណាងភាគីរាជរដ្ឋាភិបាល បានបន្តសម្របសម្រួល និងផ្តល់នូវការពន្យល់បន្ថែមពាក់ព័ន្ធនឹងលក្ខណវិនិច្ឆ័យបែបសង្គម និងសេដ្ឋកិច្ច ជូនតំណាងភាគីកម្មករនិយោជិត និងតំណាងភាគីនិយោជកផងដែរ។

ប៉ុន្តែយ៉ាងណា ជាលទ្ធផលតំណាងភាគីកម្មករនិយោជិត បានស្នើតួលេខកំណើនរបស់ខ្លួនចំនួន៣ផ្សេងគ្នា គឺតួលេខកំណើន៦ដុល្លារអាម៉េរិក ៧ដុល្លារ និង១០ដុល្លារ លើតួលេខបច្ចុប្បន្ន២០៤ដុល្លារ ដោយភ្ជាប់ជាមួយនូវសំណើចំនួន៧ចំណុច ជូនក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏ដូចជារាជរដ្ឋាភិបាល ដើម្បីពិចារណាដោះស្រាយ។ ដោយឡែក តំណាងភាគីនិយោជក ក៏បានស្នើដូចគ្នា ដោយបន្តរក្សាតួលេខកំណើនចំនួន២ដុល្លារដដែល លើតួលេខបច្ចុប្បន្ន២០៤ដុល្លារ។ ជុំវិញបញ្ហានេះ ប្រធានសហព័ន្ធសហជីពកម្ពុជា អ្នកស្រី យ៉ាង សុភ័ណ្ឌ បានប្រាប់ SBM News កាលពីយប់ថ្ងៃសុក្រទី១៣កញ្ញាថា ចំពោះជំហររបស់ភាគីនិយោជក លើការស្នើដោយរក្សាកំណើនចំនួន២ដុល្លារ គឺជាសិទ្ធិ និងការសម្រេចចិត្តរបស់ពួកគេ។

ប៉ុន្តែយ៉ាងណា អ្នកស្រីយល់ថា តាមការលើកឡើងរបស់ភាគីនិយោជកក្នុងកិច្ចប្រជុំហាក់មិនបានលើកឡើងពីបញ្ហាលំបាកដែលមិនអាចផ្តល់ប្រាក់ឈ្នួលលើសពីនេះបានទេ ហើយតាមស្ថានភាពជាក់ស្តែងលើការនាំចូល និងការនាំចេញភាគីនិយោជកហាក់មានសមត្ថភាពស្នើថ្លៃប្រាក់ឈ្នួលអប្បបរមាលើសតម្លៃ ២ដុល្លារនេះផងដែរ។ អ្នកស្រីបញ្ជាក់ថា៖«ជាការមើលឃើញរបស់បង ដែលបងមើលទៅសម្រាប់ឆ្នាំនេះភាគីនិយោជកគឺមានលទ្ធភាពច្រើនក្នុងការដំឡើងឱ្យភាគីនិយោជិតរបស់យើង ពីព្រោះបើយើងមើលទៅ[...]កត្តានៃការនាំចេញត្រីមាសចុងក្រោយសម្រាប់ឆ្នាំ២០២៤ នេះហូរហែរ យើងឃើញថាកត្តានាំចេញគឺសម្រាប់ស្រុកខ្មែរយើងគឺមានសក្តានុពលបើប្រៀបធៀបទៅនឹងប្រទេសផ្សេងៗ ស្រុកខ្មែរយើងគឺនៅមានឱកាសនៅក្នុងការនាំចេញជាលក្ខណៈល្អប្រសើរនៅឡើយ»។

ដោយឡែក ពាក់ព័ន្ធនឹងការស្នើរបស់និយោជិតលើទឹកចំនួនទឹកប្រាក់៣តួលេខនេះគឺជាចំនួនមួយដែលសមល្មមអាចឱ្យកម្មករនិយោជិតអាចទ្រទ្រង់ជីវភាពប្រចាំថ្ងៃបាន ប៉ុន្តែប្រសិនបើរដ្ឋាភិបាលសម្រេចយកតម្លៃ២ដុល្លារ បន្ថែមនោះអាចនឹងបង្កការលំបាកដល់កម្មករទាំងអស់បន្តទៀតបាន។ នេះបើតាមអ្នកស្រី យ៉ាង សុភ័ណ្ឌ។ យ៉ាងណាអ្នកស្រីក៏សង្ឃឹមថាសម្រាប់ការប្រជុំសម្រេចលើកចុងក្រោយ រដ្ឋាភិបាលនឹងផ្តល់នូវប្រាក់ឈ្នួលមួយសមរម្យសម្រាប់កម្មករទាំងអស់។ សូមជម្រាបថា គិតត្រឹមថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤នេះ កិច្ចប្រជុំពិភាក្សាចរចាកំណត់ប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៥ សរុបមានចំនួន ១១លើករួចមកហើយ រួមមាន កិច្ចប្រជុំត្រីភាគីចំនួន ៤លើក កិច្ចប្រជុំផ្ទៃក្នុងរបស់តំណាងភាគីកម្មករនិយោជិត ចំនួន ៤លើក និងតំណាងភាគីនិយោជកចំនួន ៣លើក។

ដោយឡែក ចំពោះកិច្ចប្រជុំត្រីភាគីចុងក្រោយ ដើម្បីកំណត់ប្រាក់ឈ្នួលអប្បបរមានឹងធ្វើឡើងនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ខាងមុខនេះ។ គួរបញ្ជាក់ថា កាលពីឆ្នាំ២០២៣ ក្រសួងបានសម្រេចកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៤ចំនួន ២០៤ដុល្លារ ក្នុង១ខែ (កើន ៤ដុល្លារ ប្រៀបធៀបជាមួយឆ្នាំ ២០២៣ ដែលមានត្រឹម ២០០ដុល្លារ) ដោយចំនួន ២ដុល្លារបានពីខាងភាគីនិយោជក និង២ដុល្លារបន្ថែមទៀតបានពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា៕



