
រាជធានីភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃពុធទី២២មករានេះ បានបញ្ជាទៅក្រុមហ៊ុនចំនួន៥ ដែលរងបណ្ដឹងវិវាទការងារត្រូវចូលខ្លួនមកដោះស្រាយឱ្យបានមុនថ្ងៃទី១៤កុម្ភៈ ឆ្នាំ២០២៥ ខណៈក្រសួងព្រមានចំៗថា ករណីមិនអនុវត្តន៍តាមអធិការកិច្ចការងារ នឹងចាត់វិធានការផ្លូវច្បាប់បញ្ជូនសំណុំរឿងនោះទៅកាន់តុលាការ…។

តាមសេចក្តីជូនដំណឹងដដែល ក្រសួងបញ្ជាក់ថា ក្រុមហ៊ុនដែលត្រូវចូលមកដោះស្រាយនោះរួមមាន៖ ទី១.ក្រុមហ៊ុន ស្យុងយិន (ខេមបូឌា) ប៊ីថិកស្ដាយ៍។ ទី២.ក្រុមហ៊ុន អេវើហ្គ្រីន អ៊ិនដាស្ទៀល ខូអិលធីឌី។ ទី៣.ក្រុមហ៊ុន អេចស៊ីស៊ីគ្រុប។ ទី៤.ក្រុមហ៊ុន អេ ហ្សេតអាយអ៊ី និងស៊ី ឯ.ក និងទី៥.ក្រុមហ៊ុន សេហាន ហើនីឈរ និងអ៊ុនធៀរៀ ឯ.ក។ ក្រសួងជំនាញមួយនេះ សង្កត់ធ្ងន់ថា៖«ក្នុងករណីភាគីវិវាទមិនអនុវត្តតាមចំណាត់ការខាងលើ អធិការការងារនឹងចាត់វិធានការបន្តលើសំណុំរឿង វិវាទការងារទាំងនេះ និងបន្តសហការរៀបចំសំណុំរឿងបញ្ជូនទៅតុលាការមានសមត្ថកិច្ច ដើម្បីចាត់វិធានការតាម នីតិវិធីច្បាប់ជាធរមាន»។

សូមជម្រាបថា ការជូនដំណឹងរបស់ក្រសួងធ្វើឡើងដោយអនុលោមតាមច្បាប់ស្តីពីការងារបន្ទាប់ពីបានទទួលនូវបណ្ដឹងអំពីវិវាទការងារ អ្នកផ្សះផ្សានៃក្រសួងការងារ បានចាត់វិធានការភ្លាមៗដោយចាប់ផ្តើមធ្វើការផ្សះផ្សាស្របតាមនីតិវិធីច្បាប់ជាធរមាន។ ក្នុងន័យនេះ ដើម្បីធានាបាននូវការដោះស្រាយវិវាទការងារប្រកបដោយប្រសិទ្ធភាព និងមានការចូលរួមពីភាគីវិវាទ ក្រសួងជូនដំណឹងទៅភាគីវិវាទនៃសំណុំរឿងវិវាទការងារ ដែលមិនមានឆន្ទៈចូលរួមដោះស្រាយ ត្រូវតែចូលរួមក្នុងយន្តការផ្សះផ្សា និងដោះស្រាយបញ្ចប់វិវាទត្រឹមថ្ងៃដែលក្រសួងបានកំណត់ខាងលើ៕



