កម្ពុជា-ជប៉ុន ចុះMoUគាំទ្រការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ
អុន សម្ផស្ស
09 កក្កដា 2024 10:00 AM

រាជធានីភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការងារ ឯកឧត្តម ហេង សួរ នៅរសៀលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ បានចុះអនុស្សរណៈយោគយល់គ្នា(MOU) ជាមួយលោក FUKUHARA KOJI ប្រធានសមាគមពាណិជ្ជកម្មកម្ពុជា-ជប៉ុន (JBAC) ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើការចុះកម្មសិក្សាក្នុងគោលបំណងគាំទ្រលើការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីបម្រើទីផ្សារការងារនៅកម្ពុជា..។

បើតាមក្រសួងការងារ ការចុះអនុស្សរណៈនេះ មានគោលបំណងក្នុងការបង្កើនកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលជំនាញ បង្កើនសមត្ថភាព និងការផ្លាស់ប្ដូរជំនាញក្នុងទិសដៅដើម្បីបង្កើនផលិតភាពការងារដល់កម្លាំងពលកម្មដែលជាយុវជនពេញកម្លាំងរបស់កម្ពុជា រួមទាំងយុវជនគោលដៅដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ដើម្បីអាចទទួលបានការងារដែលមានស្ថិរភាព និងមានប្រាក់ចំណូលសមរម្យ។ កិច្ចសហប្រត្តិបត្តិការរវាងភាគីទាំងពីនេះ ក៏នឹងផ្តល់វិសាលភាពធំទូលាយលើការអភិវឌ្ឍធនធានមនុស្សលើគ្រប់វិស័យដោយនឹងផ្តោតលើសកម្មភាពសំខាន់ៗដូចជាការធ្វើសិក្ខាសាលា ការចុះកម្មសិក្សារបស់សិក្ខាកាមនៃវគ្គបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងសកម្មភាពសំខាន់ៗផ្សេងទៀតដែលជាគុណប្រយោជន៍សម្រាប់ការពង្រឹងសមត្ថភាព ផលិតភាពដើម្បីបម្រើទីផ្សារការងារនៅកម្ពុជា។ លោក FUKUHARA KOJI ថា ការចុះអនុស្សរណៈនេះនឹងបើកផ្លូវឱ្យមានការចុះកម្មសិក្សាពីសិក្ខាកាមជំនាញនៅក្រុមហ៊ុនជប៉ុន មានវត្តមាននៅកម្ពុជាដែលជាយន្តការពង្រឹងសមត្ថភាព និងការក្រេបជញ្ជក់ចំណេះជំនាញពីក្រុមហ៊ុនជប៉ុន។

ដោយឡែក ឯកឧត្តម ហេង សួរ គូសបញ្ជាក់ថា ការចុះកម្មសិក្សានេះ គឺមិនត្រឹមតែជាការបណ្តុះបណ្តាលសមត្ថភាពប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការរៀនសូត្រពីបរិយាកាសក្នុងកន្លែងការងារបន្ទាប់ពីការសិក្សាក្នុងសាលាផងដែរ។ ក្រៅពីនេះ ឯកឧត្តមថា ក៏ជំរុញឱ្យសហគ្រិនជប៉ុនបញ្ជូនបុគ្គលិកចូលវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពដើម្បីបង្កើនផលិតភាពការងារជាមួយនឹងកាលវិភាគ ដែលមានភាពបត់បែនក្នុងកម្មវិធីបណ្តុះបណ្តាលថ្នាក់ជាតិរបស់រាជរដ្ឋាភិបាលដោយឥតគិតថ្លៃ។ គួរជម្រាបថា ការចុះអនុស្សរណៈរវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងភាគីសមាគមពាណិជ្ជកម្មកម្ពុជា-ជប៉ុននាពេលនេះ គឺជាការចុះអនុស្សរណៈថ្មីមួយបន្ថែមទៀតបន្ទាប់ពីក្រសួងការងារ បានចុះអនុស្សរណៈជាមួយសភាពាណិជ្ជកម្មកម្ពុជា និងសមាគមនិយោជកចំនួន១៧ស្ថាប័នកាលពីខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅ ដើម្បីផ្តល់ឱកាសយុវជនកម្ពុជាដែលបានសិក្សាជំនាញបច្ចេកទេសវិជ្ជាជីវៈ អាចចូលធ្វើការ ដើម្បីដកស្រង់បទពិសោធជាក់ស្តែងបានដោយពិតប្រាកដ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត