ទឹកភ្លៀងរដូវវស្សា ចាប់ផ្តើមវាយប្រហារដំណាំស្រូវកសិករក្នុងខេត្តចំនួន៥
L
Linda Sorn
15 មិថុនា 2025 11:30 AM

អន្តរខេត្ត៖ ដំណាំស្រូវរបស់ប្រជាកសិករក្នុងខេត្តចំនួន៥ រួមមាន ខេត្តតាកែវ ព្រះវិហារ កំពង់ធំ ពោធិ៍សាត់ និងបន្ទាយមានជ័យ កំពុងចាប់ផ្តើមទទួលរងនូវផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនារដូវវស្សាឆ្នាំ២០២៥។ នេះបើតាមការឱ្យដឹងពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី១៤មិថុនាម្សិលមិញ…។

អាជ្ញាធរពាក់ព័ន្ធចុះត្រួតពិនិត្យដំណាំស្រូវ ក្នុងស្រុកគិរីវង់ ខេត្តតាកែវ។ រូបភាព៖ ក្រសួងកសិកម្ម
អាជ្ញាធរពាក់ព័ន្ធចុះត្រួតពិនិត្យដំណាំស្រូវ ក្នុងស្រុកគិរីវង់ ខេត្តតាកែវ។ រូបភាព៖ ក្រសួងកសិកម្ម

កាលពីថ្ងៃទី១៤មិថុនាដដែល រដ្ឋលេខាធិការក្រសួង​កសិកម្ម លោក តូច ប៊ុនហួរ រួមជាមួយ លោក ទុយ សុភ័ក្រ្ត អភិបាលរង នៃគណៈអភិបាលខេត្តតាកែវ និងអាជ្ញាធរពាក់ព័ន្ធមួយចំនួន បានចុះត្រួតពិនិត្យ និងវាយតម្លៃពីផលប៉ះពាល់នៃដំណាំស្រូវរបស់ប្រជាកសិករ ក្នុងស្រុកគិរីវង់ ខេត្តតាកែវ។ ករណីនេះ មន្ត្រីក្រសួងកសិកម្មរកឃើញថា ផ្ទៃដីដាំដំណាំស្រូវរបស់ពលរដ្ឋក្នុងភូមិចំនួន២ បាននិងកំពុងទទួលរងផលប៉ះពាល់ដោយសារទឹកជំនន់ ក្នុងនោះមានភូមិពោធិ៍រោង ប៉ះពាល់​ដំណាំ​ស្រូវចំនួន៥៥ហិកតា និងភូមិត្រពាំងស្រង់ លិចផ្ទៃដីដំាដុះចំនួន៣០ហិកតា ស្មើនឹង​៤៧គ្រួសារ។ ដោយឡែក បើគិតមកដល់ត្រឹមខែមិថុនានេះវិញ មានខេត្តចំនួន៥ហើយ កំពុងត្រូវបានជំនន់ទឹកភ្លៀងវាយប្រហារលើដំណាំកសិកម្ម ដូចជា ខេត្តតាកែវ ព្រះវិហារ កំពង់ធំ ពោធិ៍សាត់ និងខេត្តបន្ទាយមានជ័យជាដើម។

ដំណាំស្រូវ ក្នុងស្រុកគិរីវង់ ខេត្តតាកែវ ដែលទទួលរងផលប៉ះពាល់
ដំណាំស្រូវ ក្នុងស្រុកគិរីវង់ ខេត្តតាកែវ ដែលទទួលរងផលប៉ះពាល់

យ៉ាងណា ជុំវិញបញ្ហានេះ មន្ត្រីកសិកម្មអះអាងថា អាជ្ញាធរមូលដ្ឋានកំពុងសម្របសម្រួល​បើករំដោះ​ទឹកចេញ ពីអាងស្តុកទឹក ដើម្បីសង្គ្រោះស្រូវដែលរងការលិចលង់ចំនួនប្រមាណ៨៥ហិកតា។ លោក តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួង​កសិកម្ម ជំរុញឱ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់ និងអង្គភាពពាក់ព័ន្ធត្រូវត្រៀមបង្ការគ្រោះមហន្តរាយ ដើម្បីឆ្លើយតបរហ័សទៅនឹងគ្រោះមហន្តរាយឱ្យទាន់ពេលវេលា។ បើតាម លោករដ្ឋលេខាធិការ ស្ថានភាព​អាកាសធាតុ ជាពិសេសនាដើមរដូវវស្សាឆ្នាំ២០២៥នេះ មានភ្លៀងធ្លាក់មក​មុន​ពេលវេលា និងច្រើនខុសពីធម្មតា ជាហេតុធ្វើឱ្យប៉ះពាល់ដល់ដំណាំស្រូវ​នៅតាម​បណ្តា​ខេត្តមួយចំនួន។

ដំណាំស្រូវ ក្នុងស្រុកគិរីវង់ ខេត្តតាកែវ ដែលទទួលរងផលប៉ះពាល់
ដំណាំស្រូវ ក្នុងស្រុកគិរីវង់ ខេត្តតាកែវ ដែលទទួលរងផលប៉ះពាល់

កាលពីថ្ងៃទី៥មិថុនា​ ឆ្នាំ២០២៥ ក្រសួងធនធានទឹក និងឧតុនិយម ក៏បានចេញសេចក្តីជូនដំណឹងមួយដោយព្យាករថា ចាប់ពីខែមិថុនា ដល់ខែកញ្ញា​ ឆ្នាំ២០២៥ កម្ពុជា នឹងមានធ្លាក់ភ្លៀងពីមធ្យមទៅបង្គួរ និងផ្នែកខ្លះមានភ្លៀងធ្លាក់ច្រើន អាចបណ្ដាលឱ្យកើតមានជំនន់ទឹកភ្លៀងនៅតាមស្ទឹង និងដៃទន្លេ។ ជាមួយគ្នានេះ កម្ពុជាក៏កំពុងទទួលរងឥទ្ធិពលពីព្យុះឈ្មោះ វូទីព (Wutip) មានឥទ្ធិពលលើសមុទ្ទអាន់ដាម៉ាន់ ឈូងសមុទ្ទថៃ អាងទន្លេមេគង្គ ដែលបណ្ដាលឱ្យខេត្តមួយចំនួនអាចនឹងមានភ្លៀងធ្លាក់ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ ផងដែរ៕

ដំណាំស្រូវ ក្នុងស្រុកគិរីវង់ ខេត្តតាកែវ ដែលទទួលរងផលប៉ះពាល់
ដំណាំស្រូវ ក្នុងស្រុកគិរីវង់ ខេត្តតាកែវ ដែលទទួលរងផលប៉ះពាល់
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត