
រាជធានីបាងកក៖ មេបញ្ជាការយោធាភូមិភាគ២លោក ប៊ុនស៊ីន ផាដក្លាង (ភាសាថៃ៖ บุญสิน พาดกลาง) បានបង្ហាញបំណងចង់ប្រយុទ្ធ និងធ្វើសង្គ្រាមជាមួយកម្ពុជា ដើម្បីបញ្ចប់វិវាទព្រំដែន ដោយមិនចាំបាច់ទៅដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ទេ។ ការអះអាងដ៏គឃ្លើនរបស់មេទ័ពថៃភូមិភាគ២រូបនេះ កើតឡើងមុនកិច្ចច្រជុំគណៈកម្មការព្រំដែនចម្រុះកម្ពុជា-ថៃ (JBC) តែបន្តិចប៉ុណ្ណោះ នារាជធានីភ្នំពេញ គឺនៅព្រឹកថ្ងៃទី១៤មិថុនានេះ។

លោក ប៊ុនស៊ីន ផាដក្លាង ដែលជាមេបញ្ជាការកងទ័ពជើងគោកភូមិភាគ២របស់ថៃ ទទួលបន្ទុកមើលការខុសត្រូវតំបន់ព្រំដែនកម្ពុជា-ថៃ បានអះអាងនៅព្រឹកថ្ងៃទី១៤មិថុនា ថា៖«នេះជាដីរបស់ខ្ញុំ បើអ្នកចង់បានវាតទៅទៀត តស់ប្រយុទ្ធគ្នា»។ លើសពីនេះ លោក ប៊ុនស៊ីន បាននិយាយជុំវិញប្រធានបទប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងតំបន់មុំ៣ ថា ៖«ប្រទេសថៃនឹងមិនទៅតុលាការ ICJ នោះទេ ព្រោះប្រសិនបើភាគីម្ខាងមិនទទួលយកយុត្តាធិការរបស់ ICJ ទេ នោះតុលាការនឹងមិនខ្វល់ឡើយ[...]។ អ៊ីចឹងកុំបារម្ភរឿងទៅតុលាការ ICJ ខ្ញុំបានប្រាប់រាជរដ្ឋាភិបាលរួចហើយថា មិនចាំបាច់ទៅតុលាការ ICJ ទេ វាអត់ពាក់ព័ន្ធទេ ដីនេះជារបស់យើងយូរហើយ បើគេចង់បាន តស់វ៉ៃគ្នាវាចប់រឿង វាមិនមែនជាការពិបាកទាល់តែសោះ»។ គួរបញ្ជាក់ថា ការអះអាងទាំងងងើល និងចង់បង្កាត់ភ្លើងសង្គ្រាមពីសំណាក់មេទ័ពថៃភូមិភាគ២បែបនេះ កើតឡើងក្នុងថ្ងៃតែមួយនៃកិច្ចច្រជុំគណៈកម្មការព្រំដែនចម្រុះកម្ពុជា-ថៃនៅរាជធានីភ្នំពេញ ដោយភាគីទាំង២ សង្ឃឹមថានឹងអាចស្វែងរកច្រកចេញពីវិវាទព្រំដែនដ៏ស្រួចស្រាវនេះ៕





