រយៈពេល១ឆ្នាំ អាជ្ញាធរខេត្តកំពង់ធំ ដកហូតដីដែលជនល្មើសលួចទន្រ្ទានជាង៣៥០០ហិកតានៅស្រុកចំនួនពីរ
S
Soriya Sou
11 មិថុនា 2025 10:00 AM

ក្រុងស្ទឹងសែន៖ រយៈពេលពេញ១ឆ្នាំពេញ អាជ្ញាធរខេត្តកំពង់ធំ បានរកឃើញ និងដកហូតដីជាង៣៥០០ហិកតា ដែល​ជនល្មើសបាន​លួច​កាប់​ទន្ទ្រាននៅតំបន់ព្រៃឈើក្នុងស្រុកចំនួនពីរ គឺស្រុក​សណ្ដាន់ និងស្រុកសន្ទុក។ នេះបើតាមរបាយការណ៍របស់ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ត្រៃយ៍ នៃគណកម្មការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ខេត្តកំពង់ធំ...។

លោកឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្រ្តៃយ៍ នៃគណកម្មការការពារទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ ខេត្តកំពង់ធំ។
លោកឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្រ្តៃយ៍ នៃគណកម្មការការពារទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ ខេត្តកំពង់ធំ។

ថ្លែងនៅក្នុងកិច្ចប្រជុំពង្រឹងវិធានការការពារទប់ស្កាត់ បង្ក្រាបបទល្មើសព្រៃឈើ ដោះស្រាយបញ្ហាប្រឈមនានា និង​អប់រំ​ ផ្សព្វផ្សាយ​វិធានការ​ច្បាប់​ជូនពលរដ្ឋចំនួន៣ឃុំ នៅស្រុកសណ្ដាន់ ខេត្តកំពង់ធំ នៅថ្ងៃទី១១មិថុនានេះ លោក សោម ស៊ុន បានបញ្ជាក់ថា គិតពីថ្ងៃទី១​ឧសភា ឆ្នាំ២០២៤ ​ដល់ថ្ងៃទី១​ឧសភា ឆ្នាំ២០២៥​ ​ខេត្តកំពង់ធំប្រើប្រាស់កម្លាំងចម្រុះ ជាង៣០០នាក់ ដោយមានកងទ័ពជាស្នូល ដើម្បីការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ទាំងតំបន់ព្រៃឈើ និងតំបន់៣ ស្ថិតក្នុងតំបន់វាលក្រោម ដោយទទួលបានជោគជ័យគួរជាទីមោទនៈ។ ក្នុងនោះ ដីព្រៃលិចទឹកនៅតំបន់៣ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ត្រូវបានកងកម្លាំង អាជ្ញាធរ ទប់ស្កាត់បានទាំងស្រុង ពោលគឺមិនមានការកើតឡើងជាថ្មី នូវបទល្មើសរំលោភទន្ទ្រានដីព្រៃលិចទឹកនោះឡើយ។

ប៉ុន្តែក្នុងរយៈពេលដូចគ្នា នៅតំបន់ព្រៃឈើក្នុងភូមិសាស្ត្រស្រុកសណ្ដាន់ និងមួយផ្នែករបស់ស្រុកសន្ទុក អាជ្ញាធរបាន​រកឃើញ​ និង​ដកហូត​យកដី​ចំនួន​ជាង​៣៥០០ហិកតា​ ដែល​ជនល្មើសបាន​លួច​កាប់​ទន្ទ្រានកាលពី​កន្លង​ទៅ ហើយ​បាន​គ្រប់គ្រងជាសម្បត្តិរដ្ឋ​ ខណៈអាជ្ញាធរ ក៏​បានចូលរួម​ដាំ​ស្តារព្រៃឈើ​ឡើង​វិញ​ជាង៥ម៉ឺន​ដើម​​។ ទន្ទឹមនឹងលទ្ធផលគាប់ប្រសើរនេះ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន បានកោតសរសើរចំពោះកងកម្លាំងចម្រុះទាំងអស់ មន្ទីរ អង្គភាព ស្ថាប័នពាក់ព័ន្ធ និងប្រធាន​សហគមន៍​ព្រៃ​ឈើ​ ដែលបានខិតខំបំពេញភារកិច្ចតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដើម្បីការពារធនធានធម្មជាតិ ដែលជាប្រយោជន៍របស់សង្គមជាតិ។

ទោះជាយ៉ាងណាក៏ដោយ លោកនៅតែសំណូមពរឱ្យប្រជាពលរដ្ឋដែលមានការពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ ធ្លាប់បានកាប់ទន្ទ្រានយកដីរបស់រដ្ឋ នាពេលកន្លងទៅ សូមបញ្ឈប់សកម្មភាពប្រព្រឹត្តបទល្មើសសាជាថ្មី មិនដូច្នេះទេ កងកម្លាំងចម្រុះស្ថាប័នជំនាញនឹងអនុវត្តតាមច្បាប់យ៉ាងម៉ឺងម៉ាត់បំផុត។ ចំពោះជនដែលបានប្រព្រឹត្តបទល្មើសព្រៃឈើខុសច្បាប់ នឹងត្រូវកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ផន្ទាទោសតាមច្បាប់ជាធរមាន គ្មានការលើកលែងឡើយ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត