
រាជធានីបាងកក៖ ប៉ូលិសឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតរបស់ប្រទេសថៃ បានទទួលដីកាចាប់ខ្លួនអ្នក Hacker ជនជាតិខ្មែរម្នាក់ ដែលព្យាយាមកំណត់គោលដៅលើគេហទំព័ររបស់រាជរដ្ឋាភិបាលថៃ ជុំវិញជម្លោះព្រំដែនកម្ពុជា-ថៃ ដែលកំពុងបន្ត។ នេះបើតាមការចុះផ្សាយដោយកាសែត Bangkok Post...។

ប៉ូលិសឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតថៃ កំពុងធ្វើការជាមួយភ្នាក់ងារអន្តរជាតិដើម្បីកំណត់ទីតាំង និងធ្វើបត្យាប័នជនសង្ស័យ ដើម្បីកាត់ទោសតាមច្បាប់ប្រទេសថៃ។ ជាមួយគ្នានេះ ស្នងការនៃការិយាល័យស៊ើបអង្កេតឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត(CCIB) បានលើកឡើងកាលពីថ្ងៃអង្គារទី១០ ខែមិថុនាថា ការស៊ើបអង្កេតបានចាប់ផ្តើម បន្ទាប់ពីការជូនដំណឹងកាលពីថ្ងៃទី៣មិថុនា ពីបណ្តាញអ្នកឯកទេសផ្នែកព័ត៌មានវិទ្យារបស់រាជរដ្ឋាភិបាលថៃ (Cyber Intelligence Community) ដោយក្រុមនេះ បានរាយការណ៍ថា អ្នកHackerកម្ពុជា ត្រូវបានគេស្គាល់ថា «bl4ck_cyb3r» ដោយបានគំរាមបើកការវាយប្រហារលើការប្រឆាំងសេវាកម្មចែកចាយ (DDoS) និងធ្វើឱ្យខូចគេហទំព័រថៃ ជុំវិញការតវ៉ាលើបញ្ហាព្រំដែនកម្ពុជា-ថៃ។

សូមរំឭកថា ចាប់ពីខែមេសា ដល់ខែមិថុនា គេហទំព័ររាជរដ្ឋាភិបាលថៃមួយចំនួនពិតជាត្រូវបានគេកំណត់គោលដៅប្រាកដមែន ដោយសារការវាយប្រហារពីក្រុម Hacker រួមមាន៖ ក្រុម ANONSEC-KH , ក្រុម H3C4KEDZ, និងក្រុម NXBBSEC ហើយក្រុម Hacker ទាំងនេះ ជា ក្រុមHacker របស់កម្ពុជា។ នេះបើតាមការបញ្ជាក់ពីបណ្តាញអ្នកឯកទេសផ្នែកព័ត៌មានវិទ្យារបស់រាជរដ្ឋាភិបាលថៃ ដែលចុះផ្សាយដោយកាសែត Bangkok Post៕




