មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ ព្រមានចាត់វិធានការលើរថយន្តដឹកខ្សាច់ និងថ្មលើសទម្ងន់ បំផ្លាញផ្លូវ«ស្រែអំបិល-កោះកុង»
L
Linda Sorn
10 មិថុនា 2025 11:00 AM

រាជធានីភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន លោក សូរ វ៉ិចទ័រ ព្រមានចាត់វិធានការលើរថយន្តដឹកខ្សាច់ និងថ្មលើសទម្ងន់ ដែលបានធ្វើឱ្យខូចខាតផ្លូវជាតិលេខ៤៨ «ស្រែអំបិល-កោះកុង» ដែលទើបតែបញ្ចប់ការស្ថាបនាថ្មីៗ…។

លោក សូរ វ៉ិចទ័រ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន
លោក សូរ វ៉ិចទ័រ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន

លោក សូរ វ៉ិចទ័រ បានឱ្យដឹងថា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មន្ត្រីក្រសួងសាធារណការ បានស្ទាក់ឃាត់រថយន្តដឹកខ្សាច់ផ្ទុកទម្ងន់ធ្ងន់ៗមួយចំនួន ដែលបានចរាចរណ៍នៅលើផ្លូវលេខ៤៨។ លោករដ្ឋលេខាធិការ អះអាងថា ផ្លូវជាតិលេខ៤៨ គឺជាផ្លូវថ្មីមួយក្នុងខេត្តកោះកុង ទើបតែបញ្ចប់ការស្ថាបនា និងកំពុងដំឡើងជញ្ជីង សម្រាប់ថ្លឹងយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ផងនោះ បែរជាមានរថយន្តមួយចំនួនឆ្លៀតឱកាសហ៊ានដឹកខ្សាច់ និងថ្មធ្ងន់ៗ ធ្វើឱ្យផ្លូវខូចខាតទៅវិញ។ លោក សូរ វ៉ិចទ័រ គូសបញ្ជាក់យ៉ាងដូច្នេះថា៖«ផ្លូវនេះវេទនាណាស់ ទម្រាំតែធ្វើហើយ ៦-៧ឆ្នាំ ហើយទីតាំងផ្លូវកោះកុងនេះ ស្ថានភាពធាតុអាកាសក៏ពិបាក ភ្លៀង ដូច្នេះយើងត្រូវថែទាំ បើមិនដូច្នេះទេ ហ្នឹងខូចអស់ទៀត ហើយផ្លូវនេះ គឺទើបតែធ្វើហើយថ្មីៗ មិនទាន់ស្ងួតកៅស៊ូផង [រថយន្តទាំងនេះ] នាំគ្នាដឹកបំផ្លាញផ្លូវយើង»

រថយន្តដឹកខ្សាច់ និងថ្មលើសទម្ងន់
រថយន្តដឹកខ្សាច់ និងថ្មលើសទម្ងន់

លោកបន្តថា ផ្លូវដែលបានអ៊ុតបេតុងកៅស៊ូហើយ គឺត្រូវការរយៈពេលសមស្របទើបអាចរឹងបានល្អ ដូច្នេះនៅពេលដែលមានរថយន្តដឹកខ្សាច់ធ្ងន់ៗឆ្លងកាត់ ផ្លូវនឹងខូចទៅវិញតែម្ដង។ ក្នុងន័យនេះ លោកព្រមានឱ្យរថយន្តទាំងនោះបញ្ឈប់ការដឹកធ្ងន់ បើមិនដូច្នេះទេ លោកនឹងចាត់វិធានការក្ដៅ ដោយអាចនឹងឈានដល់ការបញ្ឈប់ ប្រសិនក្រុមហ៊ុន ឬការដ្ឋានណានៅតែហ៊ានដឹកខ្សាច់ និងថ្ម នៅលើផ្លូវជាតិលេខ៤៨នេះទៀត។ ជាមួយគ្នានេះ លោកក៏បានបញ្ជាឱ្យស្ថានីយជញ្ជីងត្រៀមស្ទាក់ឃាត់រថយន្តដឹកទាំងនោះ ជាប្រចាំផងដែរ។

រថយន្តដឹកខ្សាច់ និងថ្មលើសទម្ងន់
រថយន្តដឹកខ្សាច់ និងថ្មលើសទម្ងន់

សូមជម្រាបថា ផ្លូវជាតិលេខ៤៨ តភ្ជាប់ពីស្រុកស្រែអំបិល (ផ្លូវបំបែកផ្លូវជាតិលេខ៤) ដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ទើបតែបញ្ចប់ការស្ថាបនាកាលពីអំឡុងខែមេសា ឆ្នាំ២០២៥ នេះទេ។ ជាក់ស្តែង ការស្ថាបនា គ្រោងបញ្ចប់តាំងពីខែមិថុនា ឆ្នាំ២០២៤ ប៉ុន្តែដោយសារតែកត្តាភូមិសាស្ត្រ អាកាសធាតុ និងបញ្ហាកូវីដ-១៩ផងនោះ ក្រុមហ៊ុនអនុវត្តការសាងសង់បានស្នើសុំពន្យាពេលចំនួន១០ខែ ទៅវិញ។ ផ្លូវជាតិលេខ៤៨នេះ ក៏ត្រូវបានចាត់ទុកថា ជាខ្សែផ្លូវដ៏មានសារសំខាន់ និងយុទ្ធសាស្ត្រ ប្រកបដោយសក្តានុពលសេដ្ឋកិច្ច ពាណិជ្ជកម្ម ដឹកជញ្ជូនផងដែរ៕   

  លូវជាតិលេខ៤៨ «ស្រែអំបិល-កោះកុង» 
  លូវជាតិលេខ៤៨ «ស្រែអំបិល-កោះកុង» 
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត