ថៃ ថាបានរកឃើញផែនទីជំនាន់អាណានិគមបារាំង បញ្ជាក់ភាពជាម្ចាស់កម្មសិទ្ធិលើកោះគជ់ (ឬកោះគុត)
ហៀប ស៊ីថេត
10 មិថុនា 2025 10:30 AM

រាជធានីបាងកក៖ អនុព័ន្ធយោធាថៃ បានរកឃើញឯកសារដែលមានអាយុកាលរាប់សតវត្សរ៍ពីបណ្ណាល័យជាតិបារាំងដែលបង្ហាញពីកោះទាមទារត្រួតស៊ីគ្នាជាមួយភាគីកម្ពុជា ខណៈឯសារនោះបង្ហាញថា កោះគជ់ (ឬកោះគុត)ជាកម្មសិទ្ធិរបស់សៀម។ នេះបើតាមការចុះផ្សាយដោយកាសែត The nation នៅថ្ងៃទី១០មិថុនា...។

កាសែតថៃដដែលបានចុះផ្សាយថា ផែនទីអាណានិគមបារាំងជាប្រវត្តិសាស្ត្រមួយ ដែលបានលេចចេញមកពីបណ្ណាល័យជាតិបារាំង ដែលបានគាំទ្រការទាមទារដ៏យូររបស់ប្រទេសថៃ ចំពោះកោះ[គុត] ដែលមានភាពតានតឹងនាពេលថ្មីៗនេះជាមួយកម្ពុជា។ ផែនទីនេះ បង្កើតឡើងដោយអ្នកនយោបាយជនជាតិបារាំង លោក ហ្វ្រង់ស័រ ម៉ារីស ប៊ូឌញ់ (François Marius Baudoin ១៨៦៧-១៩៥៧) ដោយពេលនោះ លោកបានបម្រើការជាមន្រ្តីអាណានិគមជាន់ខ្ពស់នៅប្រទេសកម្ពុជា ចន្លោះឆ្នាំ១៩១៤ និង១៩២៧ និងកំណត់យ៉ាងច្បាស់នូវព្រំដែនសមុទ្ទដែលបង្ហាញថា កោះគជ់ (ឬកោះគុត) គឺជាផ្នែកមួយនៃទឹកដីសៀម

ទោះយ៉ាងណាក៏ដោយ ឯកសារនេះត្រូវបានរកឃើញតាមរយៈការស្រាវជ្រាវដែលធ្វើឡើងដោយ លោក ប្រៈឆា ស្មីតសម្បូរណ៍ (ประชา สมิทธ์สมบูรณ์) ជំនួយការអនុព័ន្ធយោធានៅស្ថានទូតថៃប្រចាំរដ្ឋធានីប៉ារីស ដែលបានបញ្ចប់ការសិក្សាពីសាលាយោធា Saint-Cyr ដ៏ល្បីល្បាញរបស់ប្រទេសបារាំង។ តាមការបញ្ជាក់ ផែនទីនោះ មានចំណងជើងថា «Le Résident Supérieur Baudoin au Cambodge pendant l'époque coloniale française» ដោយត្រូវបានបង្កើតឡើងកំលុងពេលកាន់កាប់របស់លោកប៊ួឌាំង Baudoin ដែលមានឥទ្ធិពលខ្លាំងលើកិច្ចការរដ្ឋបាល ក្រោមប្រព័ន្ធអាណានិគមបារាំងនៅកម្ពុជា។

យោងតាមការស្រាវជ្រាវដែលចុះផ្សាយដោយកាសែតថៃខាងលើនេះ ព្រំដែនសមុទ្ទបង្ហាញយ៉ាងច្បាស់នៅក្នុងផែនទីអាណានិគមបារាំង ផ្ទុយនឹងការទាមទាររបស់កម្ពុជា នាពេលថ្មីៗលើកោះ[គុត]នេះ។ ព្រំប្រទល់​​បង្ហាញ​ថា កោះ​គត់ជា​កម្មសិទ្ធិ​របស់​ប្រទេស​សៀម​។ សូមជម្រាបថា ការអះអាងរបស់ភាគីថៃ ចុះផ្សាយដោយកាសែត The Nation នេះ កើតឡើងក្រោយវិវាទលើកោះគុតកាន់តែតានតឹង ក្នុងពេលប៉ុន្មានឆ្នាំចុងក្រោយ ខណៈកោះនេះបានក្លាយជាចំណុចប្រសព្វនៃការខ្វែងគំនិតគ្នា នៅឈូងសមុទ្ទថៃ ដែលមានផ្ទុកឧស្ម័នធម្មជាតិប្រហែល១១ពាន់ពាន់លានហ្វីតគូប

គួរបញ្ជាក់ថា ការបំពងសំឡេងរបស់ថៃប្រាប់ទៅពិភពលោក និងអនុព័ន្ធយោធាក្តែងៗ លើភាពជាម្ចាស់កោះគុតបែបនេះ ជួនចំពេលកម្ពុជា-ថៃកំពុងប្រឈមមុខដាក់គ្នាដ៏ស្មុគស្មាញលើវិវាទតំបន់ព្រំដែន និងក្រោយទាហានថៃមួយក្រុមស្ពាយកាំភ្លើងលួចឆ្មក់បាញ់យោធាកម្ពុជាដល់លេណដ្ឋាន បណ្ដាលឱ្យយោធិនកម្ពុជាម្នាក់ពលីជីវិត៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត