សេវា​រថយន្តក្រុង​​ថៃ​មក​កម្ពុជា ​ត្រូវ​បាន​ផ្អាក​ដោយ​គ្មានកាល​កំណត់ក្រោយមានការ​រឹតត្បិត​ព្រំដែន
N
Nary Vann
09 មិថុនា 2025 06:46 AM

រាជធានីបាងកក៖ ប្រតិបត្តិកររថយន្តក្រុងគ្រប់គ្រងដោយរដ្ឋរបស់ប្រទេសថៃ គឺក្រុមហ៊ុន Transport Co Ltd. បានប្រកាសផ្អាកសេវារថយន្តក្រុងឆ្លងកាត់ព្រំដែនដ៏ពេញនិយមរបស់ខ្លួន តភ្ជាប់ប្រទេសថៃជាមួយប្រទេសកម្ពុជាជាបណ្តោះអាសន្ន ដោយលើកឡើងពីការហាមឃាតរថយន្តក្រុងដឹកអ្នកដំណើរឆ្លងកាត់ព្រំដែនកម្ពុជា-ថៃ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតថៃ The Nation។

ការផ្អាកជើងរថយន្តពីប្រទេសថៃមកកម្ពុជានេះ ចូលជាធរមានចាប់ពីថ្ងៃទី៩មិថុនានេះតទៅ។ ក្រុមហ៊ុនបានបញ្ជាក់ថា ការសម្រេចនេះ ត្រូវបានធ្វើឡើងក្រោយការហាមប្រាមភ្លាមៗ និងបណ្ដោះអាសន្នលើរថយន្ដដឹកអ្នកដំណើរឆ្លងកាត់ច្រកព្រំដែនរវាងប្រទេសទាំងពីរ។ ក្រុមហ៊ុន បានសម្ដែងការអភ័យទោស ចំពោះភាពរអាក់រអួលណាមួយដែលកើតឡើងចំពោះអ្នកដំណើរ និងបានសន្យាថា នឹងផ្តល់ព័ត៌មានថ្មីៗឱ្យបានឆាប់តាមដែលស្ថានភាពជាក់ស្តែង។

សេវាកម្មដែលរងផលប៉ះពាល់រួមមាន ជើងធ្វើដំណើរពីបាងកកទៅសៀមរាប ចម្ងាយ ៤១៩គីឡូម៉ែត្រ ជាមួយនឹងតម្លៃសំបុត្រ៧៥០បាត។ ផ្លូវនេះ ជាធម្មតា ធ្វើដំណើរពីរជើងជារៀងរាល់ថ្ងៃ ដោយចេញដំណើរពីបាងកកនៅម៉ោង៩ព្រឹក និងពីខេត្តសៀមរាបនៅម៉ោង៩ព្រឹក។ ដូចគ្នានេះដែរ ជើងរថយន្តក្រុងពីបាងកកទៅភ្នំពេញ ចម្ងាយ៧១៩គីឡូម៉ែត្រ ក្នុងម្លៃ៩០០បាត ក៏នឹងត្រូវផ្អាកផងដែរ។ សេវានេះ ជាធម្មតាធ្វើដំណើរពីរដងក្នុងមួយថ្ងៃ ដោយរថយន្តក្រុងចេញដំណើរពីទីក្រុងបាងកកនៅម៉ោង៨ព្រឹក និងរាជធានីភ្នំពេញនៅម៉ោង៨ព្រឹក៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត