
រាជធានីបាងកក៖ បន្ទាប់ពីមានភាពតានតឹងនៅសមរភូមិមុខនៃតំបន់មុំបី-ឆងបក រវាងកងទ័ពកម្ពុជា-ថៃ ពេលនេះ ប្រមុខរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ បានឯកភាពគ្នាកែសម្រួលកងទ័ពនៅតំបន់មានជម្លោះ។ នេះបើតាមការបញ្ជាក់ពីលោកស្រី ផែថងថាន ឈិនៈវ័ត (ភាសាថៃ៖ แพทองธาร ชินวัตร) បានស្នើឱ្យប្រជាជនថៃជឿជាក់លើរាជរដ្ឋាភិបាល និងរក្សាភាពស្ងប់ស្ងាត់ កាលពីថ្ងៃទី៨មិថុនាម្សិលមិញ...។

លោកស្រីនាយករដ្ឋមន្ត្រី បានបញ្ជាក់នៅគណនីហ្វេសប៊ុកផ្ទាល់ខ្លួនជាភាសាថៃ និងបានប្រែសម្រួលជាខេមរភាសាថា ការដោះស្រាយអំពីបញ្ហាស្ថានការណ៍នានាដែលបានកើតឡើងនៅព្រំដែន ជាពិសេសទាំងកម្រិតរាជរដ្ឋាភិបាល ក្រសួងការបរទេស យោធា និងស្ថាប័នពាក់ព័ន្ធទាំងអស់ ធ្វើឱ្យការចរចាឈានទៅសម្រេចបាននូវស្ថិរភាព ភាពស្ងប់សុខរវាងកងទ័ពនៃប្រទេសទាំងពីរ។ លោកស្រី ផែថងថាន ឈិនៈវ័ត គូសបញ្ជាក់យ៉ាងដូច្នេះថា៖«ខ្ញុំបានពិភាក្សាជាមួយរាជរដ្ឋាភិបាលកម្ពុជា។ មានការសន្និដ្ឋានលើការជះឥទ្ធិពលជាអវិជ្ជមានដល់ស្ថានការណ៍រួម ទើបភាគីទាំងពីរបានជួបពិភាក្សាឯកភាពគ្នា ក្នុងការកែសម្រួលកងកម្លាំងយោធានៅចំណុចមានជម្លោះ។»

លោកស្រីបន្តថា ដើម្បីកាត់បន្ថយការប្រឈមមុខដាក់គ្នា និងការតភ្ជាប់កិច្ចសហប្រតិបត្តិការដោយប្រើយន្តការ (JBC) នាថ្ងៃទី១៤ ខែមិថុនាខាងមុខ យើងបានជំរុញឱ្យមានកិច្ចពិភាក្សាគ្រប់កម្រិតទាំងអស់ ដើម្បីធ្វើឱ្យទំនាក់ទំនងនៃប្រទេសទាំងពីរមានប្រក្រតីភាពឡើងវិញឱ្យបានឆាប់រហ័សបំផុត។ ជាមួយគ្នា យើងក៏សូមស្នើឱ្យប្រជាពលរដ្ឋតាមដានស្ថានការណ៍ និងការផ្ដល់ព័ត៌មានពិតពីរាជរដ្ឋាភិបាល និងផ្តល់ការលើកទឹកចិត្តដល់យើងឱ្យបន្តការងាររហូតទទួលបានជោគជ័យ។ «ជាចុងក្រោយ ខ្ញុំសូមសំណូមពរដល់បងប្អូនជនរួមជាតិ មេត្តារំសាយការព្រួយបារម្ភ និងជឿជាក់មកលើដំណោះស្រាយរបស់រាជរដ្ឋាភិបាល ចំពោះបញ្ហានេះ។ ហើយយើងប្រាកដជានឹងមិនឱ្យមានឧប្បត្តិហេតុណាមួយកើតឡើងធ្ងន់ធ្ងរនោះឡើយ។» នេះជាការបញ្ជាក់របស់លោកស្រីនាយករដ្ឋមន្ត្រីថៃ ផែថងថាន ឈិនៈវ័ត។

ដោយឡែក ភាគីកម្ពុជាឯណេះវិញ ក៏មានការប្រកាសអំពីការកែសម្រួលកងទ័ពដែលកំពុងឈរជើងនៅតំបន់ព្រំដែនកម្ពុជា-ថៃ ដូចគ្នាដែរ ក្នុងនោះ ក្រសួងការពារជាតិកម្ពុជា បានប្រកាសប្រាប់សាធារណជន កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥ ថា យោធាកម្ពុជា-ថៃ បានជួបគ្នា និងបានសម្រេចធ្វើការកែសម្រួលកម្លាំងទាហានទាំងសងខាងឱ្យត្រឡប់ចូលតំបន់ដែលសមស្រប ដើម្បីកាត់បន្ថយភាពតានតឹង និងប្រឈមមុខគ្នានៅតាមព្រំដែន។ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ក៏បានបង្ហោះសារនៅលើគណនីហ្វេសប៊ុករបស់សម្តេចភ្លាមៗផងដែរ ក្រោយក្រសួងការពារជាតិកម្ពុជា ចេញសេចក្តីជូនដំណឹងបានប្រហែលជិតមួយម៉ោងក្រោយមក។ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា៖«ការកែសម្រួលកម្លាំងកងទ័ពនៅតំបន់មានជម្លោះដែលស្រុះស្រួលគ្នារវាងមេបញ្ជាការកងទ័ពនៃប្រទេសទាំងពីរកម្ពុជា-ថៃ ដើម្បីបញ្ជៀសនូវការប៉ះទង្គិច បង្ហូរឈាមទ្រង់ទ្រាយធំ គឺជារឿងចាំបាច់។»

សម្តេចតេជោគូសបញ្ជាក់បន្ថែមថា៖«ប្រជាជននៃប្រទេសទាំងពីរកម្ពុជា-ថៃ ពិតជាចង់មានសន្តិភាពជាបន្ត និងមិនចង់ឃើញនូវសង្គ្រាមនោះឡើយ។ ការស្វែងរកដំណោះស្រាយតាមរយៈការចរចា ត្រូវបានធ្វើតាំងពីកំរិតថ្នាក់រាជរដ្ឋាភិបាលរហូតដល់មេបញ្ជាការនៅអង្គភាពជួរមុខ ទើបមានលទ្ធផលដូចពេលនេះ។ សូមបងប្អូនជនរួមជាតិជឿទុកចិត្តលើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី ដែលជាវិធីតែមួយគត់ ដើម្បីបញ្ជៀសសង្រ្គាមបង្ហូរឈាម និងដើម្បីមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសជិតខាង។» ងាកមកក្រសួងការពារជាតិឯណេះវិញ នៅព្រឹកថ្ងៃចន្ទទី០៩ ខែមិថុនានេះ បានចេញសេចក្តីប្រកាសព័ត៌មានមួយបន្ថែមទៀត ជុំវិញការលេចចេញនូវព័ត៌មានមិនពិតលើបណ្តាញផ្សព្វផ្សាយសង្គមមួយចំនួនពីភាគីថៃ និងកម្ពុជា ដែលអាចនាំទៅការបញ្ឆេះកំហឹងជាតិសាសន៍។

ក្រសួងការពារជាតិបញ្ជាក់ថា៖«សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ មានស្ថាប័នសារព័ត៌មានថៃ និងបណ្តាញសង្គមក្នុងស្រុកមួយចំនួន បានផ្សព្វផ្សាយព័ត៌មានមិនពិត នាំឱ្យមានការយល់ច្រឡំ ដែលអាចបញ្ឆេះកំហឹងជាតិសាសន៍ និងរុញច្រានឱ្យស្ថានការណ៍រឹតតែតានតឹង។ ក្នុងន័យនេះ ក្រសួងការពារជាតិសូមអំពាវនាវឱ្យបងប្អូនជនរួមជាតិទាំងអស់ ទទួលយកតែព័ត៌មានដែលមានប្រភពច្បាស់លាស់ ជាពិសេសការជូនព័ត៌មានដោយរាជរដ្ឋាភិបាល និងពីក្រសួងការពារជាតិ នៃប្រទេសទាំងពីរ ដែលជាប្រភពព័ត៌មានផ្លូវការ ពិត និងត្រឹមត្រូវ ជឿទុកចិត្តបាន។ ដើម្បីថែរក្សាសន្តិភាព មិត្តភាពល្អ និងបញ្ចៀសសង្គ្រាមជាយថាហេតុ»៕



