កម្ពុជា-ថៃ​ ដោះលែង​ជនបរទេសចម្រុះជាតិសាស៍ជាង​២០០​នាក់​ចេញពីមជ្ឈមណ្ឌល​ឆបោក​ក្រុងប៉ោយប៉ែត
ហៀប ស៊ីថេត
24 កុម្ភៈ 2025 02:00 AM

រាជធានីបាងកក៖ ប៉ូលិសកម្ពុជា-ថៃ បានឆ្មក់សម្រុកចូលអគារមួយក្នុងក្រុងប៉ោយប៉ែតជាប់ព្រំដែន និងបានរំដោះជនបរទេសចម្រុះជាតិសាសន៍ចំនួន២១៥នាក់ ក្នុងប្រតិបត្តិការបង្ក្រាប និងប្រឆាំងយ៉ាងទូលំទូលាយចំពោះការរីកដុះដាលដូចផ្សិតនៃមជ្ឈមណ្ឌលបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណិតនៅក្នុងតំបន់។ នេះបើតាមមន្ត្រីជាន់ខ្ពស់ថៃម្នាក់អះអាងកាលពីថ្ងៃអាទិត្យទី២៣កុម្ភៈ...។

ការ​​ឆ្មក់​បង្ក្រាបកាល​ពី​ថ្ងៃ​អាទិត្យ​ទី២៣កុម្ភៈ បាន​កំណត់​គោល​ដៅ​លើ​អគារ​បី​ជាន់​ក្នុង​ក្រុង​ប៉ោយ​ប៉ែត ខេត្ត​បន្ទាយ​មាន​ជ័យ។ ជុំវិញការឆ្មក់បង្ក្រាបនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលថៃ លោក ជីរ៉ាយុ ហ៊ួងសាប់ (Jirayu Houngsub) លើកឡើងថា ជនបរទេសដែលត្រូវបានជួយសង្គ្រោះរួមមាន៖ ជនជាតិថៃ១០៩នាក់, ប៉ាគីស្ថាន៥០នាក់, ឥណ្ឌា៤៨នាក់, តៃវ៉ាន់៥នាក់, និងឥណ្ឌូណេស៊ី៣នាក់។ អ្នកនាំពាក្យរូបនេះបានសង្កត់ធ្ងន់ថា៖«នេះគឺជាចំនួនច្រើនបំផុតនៃជនជាតិថៃ ដែលត្រូវបានដោះលែងពីអគារដែលសង្ស័យថា ប្រតិបត្តិការបោកប្រាស់តាមអ៊ីនធឺណិតសម្រាប់ប្រទេសទាំងពីរ»។ លើសពីនេះ លោក​​បន្ត​ថា ការបង្រ្កាបនេះ ​គឺ​ជា​លទ្ធផល​នៃ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​រួម​គ្នា​របស់ប៉ូលិស​ថៃ-កម្ពុជា ដើម្បី​ដោះស្រាយ​បញ្ហាមជ្ឈមណ្ឌល​ឆបោក ដែលកំពុងតែចាក់គ្រឹះយ៉ាងជ្រៅក្នុងតំបន់ព្រំដែនរវាងប្រទេសកម្ពុជា-ថៃ។

លោក ជីរ៉ាយុ ហ៊ួងសាប់
លោក ជីរ៉ាយុ ហ៊ួងសាប់

មនុស្សរាប់សែននាក់ត្រូវបានជួញដូរដូចសត្វធាតុដោយក្រុមឧក្រិដ្ឋជន និងបង្ខំឱ្យពួកគេធ្វើការនៅក្នុងមជ្ឈមណ្ឌលបោកប្រាស់ និងប្រតិបត្តិការអនឡាញខុសច្បាប់នៅទូទាំងអាស៊ីអាគ្នេយ៍។ នេះបើយោងតាមអង្គការសហប្រជាជាតិ។ ប្រតិបត្តិការជួញដូរមនុស្ស និងការឆបោកតាមអ៊ីនធឺណេតបាននិងកំពុងក្លាយជាជំងឺមហារីកក្នុងតំបន់ និងបង្កើតបានប្រាក់រាប់ពាន់លានដុល្លារជារៀងរាល់ឆ្នាំ។ នេះបើតាមរបាយការណ៍របស់អង្គការសហប្រជាជាតិក្នុងឆ្នាំ២០២៣។ គួរជម្រាបថា បណ្តាប្រទេសអាស៊ីអាគ្នេយ៍ បានបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយបញ្ហារ៉ាំរ៉ៃមជ្ឈមណ្ឌលបោកប្រាស់តាមអ៊ីនធឺណេតជាមួយសកម្មភាពថ្មីៗ ជាពិសេសនៅតាមព្រំដែនថៃ-មីយ៉ាន់ម៉ា។ គួរបញ្ជាក់ថា កងទ័ពថៃបានលើកឡើងកាលពីថ្ងៃសៅរ៍ទី២២កុម្ភៈថា ចិនក៏បានធ្វើមាតុភូមិនិវត្តន៍ជនជាតិរបស់ខ្លួនចំនួន៦២១នាក់ ដែលត្រូវបានជួយសង្គ្រោះពីមជ្ឈមណ្ឌលឆបោកនៅតំបន់ទាំងនោះ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះផងដែរ។

ជាក់ស្តែង កាលពីដើមខែនេះ ថៃបានកាត់ផ្តាច់ការផ្គត់ផ្គង់ថាមពល ប្រេងឥន្ធនៈ និងអ៊ីនធឺណិត ទៅកាន់តំបន់ដែលមានទំនាក់ទំនងជាមួយមជ្ឈមណ្ឌលឆបោកជាមួយភូមា និងកាត់ផ្តាច់ប្រព័ន្ធសេវា និងដងអង់តែនសេវាទូរសព្ទនៅតាមព្រំដែនកម្ពុជាទៀតផង ជាពិសេសរាជធានីបាងកកកំពុងពិចារណាក្នុងការសាងសង់របងព្រំដែនប្រវែង ៥៥គីឡូម៉ែត្រ តាមបណ្តោយនៃព្រំដែន កម្ពុជា-ថៃ ជាមួយទំហំទឹកប្រាក់ចំនួន៣៨៥លានបាត ឬប្រមាណជាង១១លានដុល្លារអាម៉េរិក

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត