
រាជធានីភ្នំពេញ៖ សហរដ្ឋអាម៉េរិកទុកពេលឱ្យ៩០ថ្ងៃ ដើម្បីចរចាគ្នារឿងពន្ធ បើគិតមកដល់ពេលនេះ មានរយៈពេលជាង៦០ថ្ងៃហើយ ខណៈការចរចា២ដងជាមួយអាម៉េរិកនៅមិនទាន់ទទួលលទ្ធផលវិជ្ជមាននៅឡើយ។ យ៉ាងណា ភាគីទាំងពីរ គ្រោងនឹងរៀបចំកិច្ចប្រជុំលើកទី៣ឆាប់ៗខាងមុខ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា…។

លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានឱ្យ SBM News ដឹងតាមទូរសព្ទនាព្រឹកថ្ងៃទី៨មិថុនា ឆ្នាំ២០២៥នេះថា កិច្ចប្រជុំចរចាលើកទី៣ លើរឿងពន្ធជាមួយសហរដ្ឋអាម៉េរិក មិនទាន់ដឹងថា ថ្ងៃណាទ្បើយ ដោយសារភាគីខាងអាម៉េរិកមិនទាន់បញ្ជាក់មកកម្ពុជា ថានៅពេលណា ដោយគ្រាន់តែដឹងថា នឹងឆាប់ៗនេះ។ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លើកទ្បើងយ៉ាងដូច្នេះថា៖«[..]អត់ទាន់ដឹងទេ ទាល់តែប្រកាសព័ត៌មានថា ចរចាថ្ងៃណា[..][សហរដ្ឋអាម៉េរិក]អត់ទាន់ប្រាប់[..]មកយើងទេ។ បន្ថែមពីនេះ អ្នកនាំពាក្យគូសបញ្ជាក់បន្ថែមថា កុំឱ្យមានការព្រួយបារម្ភពីការចរចាលើកទី៣នេះ គឺមិនឱ្យហួសការកំណត់៩០ថ្ងៃទ្បើយ។ ចំពោះការចរចាគ្នា២ដងកន្លងមក គឺទទួលបានផ្តល់វិជ្ជមានខ្លះដែរ មិនមែនថាចរចាគ្នាច្រើនដងហ្នឹងមិនទាន់សម្រេច មិនមានន័យថា មិនទទួលបានជោគជ័យខ្លះៗទ្បើយ។

សូមរំឭកថា កាលពីដើមខែមេសាកន្លងទៅ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិក បានប្រកាសពីការដំទ្បើងពន្ធការនាំចូលប្រទេសអាម៉េរិក ដោយយកពីកម្ពុជា៤៩ភាគរយ ប៉ុន្តែប្រហែលមួយសប្តាហ៍ក្រោយមក លោក ដូណាល់ ត្រាំ ប្តូរចិត្តវិញ ដោយប្រកាសបន្ថយពន្ធជូនគ្រប់ប្រទេសលើពិភពលោក នៅត្រឹម១០ភាគរយស្មើៗគ្នា រួមទាំងកម្ពុជាផងដែរ គឺលើកលែងតែចិន១ប៉ុណ្ណោះ និងទុករយៈពេល៩០ថ្ងៃដើម្បីចរចាពន្ធបដិការឡើងវិញ។ កម្ពុជាត្រូវបង់ពន្ធត្រឹម១០ភាគរយ ពេលនាំទំនិញចូលទៅអាម៉េរិក។ ១០ភាគរយនេះ គឺក្នុងរយៈពេល៩០ថ្ងៃប៉ុណ្ណោះ មិនមែនអចិន្ត្រៃយ៍ឡើយ។ ខណៈរយៈពេល៩០ថ្ងៃ គឺជាឱកាសដែលសហរដ្ឋអាម៉េរិកផ្តល់ឱ្យប្រទេសនានាលើពិភពលោកមកចរចាជាមួយ។ ៩០ថ្ងៃក្រោយនៃឱសានវាទ រដ្ឋាភិបាលអាម៉េរិកអាចនឹងធ្វើសេចក្តីសម្រេចផ្សេងទៀត។ សូមជម្រាបថា កម្ពុជាបានចេញទៅចរចាជាមួយអាម៉េរិក លើកទី១ នៅរដ្ឋធានីវ៉ាស៊ីនតោន ពីថ្ងៃទី១៤ដល់១៥ឧសភា ឆ្នាំ២០២៥ និងលើកទី២ ទើបតែទៅថ្មីៗនេះដែរ ពោលគឺចាប់ពីថ្ងៃទី៤-៦ ខែមិថុនា ឆ្នាំ២០២៥៕



