ពន្ធលើមធ្យោបាយដឹកជញ្ជូនឆ្នាំ២០២៥ នឹងចាប់ផ្ដើមប្រមូលពីខែក្រោយ រហូតដល់ដំណាច់ខែវិច្ឆិកា
S
Soriya Sou
21 ឧសភា 2025 11:30 AM

រាជធានីភ្នំពេញ៖ ការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន ឆ្នាំ២០២៥ បានចូលមកដល់ហើយ ដូច្នេះសូមម្ចាស់យានយន្តទាំងអស់ រួសរាន់ទៅបង់ពន្ធចាប់ពីខែមិថុនាទៅ ​ បើមិនចង់រងពិន័យ។ នេះបើតាមការជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារ…។

រូបតំណាង
រូបតំណាង

អគ្គនាយកដ្ឋានពន្ធដារ តាមរយៈលិខិតចុះថ្ងៃទី២១ឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា ការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូនសម្រាប់ឆ្នាំ២០២៥ នឹងត្រូវចាប់ផ្តើមពីថ្ងៃទី១មិថុនា រហូតដល់ថ្ងៃទី៣០វិច្ឆិកា ឆ្នាំ២០២៥។ ម្ចាស់យានយន្ត អាចធ្វើការបង់ពន្ធបាននៅអគ្គនាយកដ្ឋានពន្ធដារផ្ទាល់ ឬនៅសាខាពន្ធដារខេត្ត-ខណ្ឌ ឬនៅតាមបណ្ដាធនាគារ ដែលបានចុះអនុស្សរណៈយោគយល់គ្នាជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឬអាចបង់តាមរយៈកម្មវិធី "GDT Taxpayer App"។ តាមការបញ្ជាក់របស់អគ្គនាយកដ្ឋានពន្ធដារ គ្រប់យានយន្តទាំងអស់ដែលធ្លាប់ចុះបញ្ជីក្នុងប្រព័ន្ធគ្រប់គ្រងពន្ធមធ្យោបាយរបស់អគ្គនាយកដ្ឋានពន្ធដារកន្លងមក ទាំងមានបណ្ណសម្គាល់ការបង់ពន្ធ (កាត) និងពុំមានបណ្ណសម្គាល់ការបង់ពន្ធ ត្រូវបានអនុញ្ញាតឱ្យម្ចាស់បង់ពន្ធ ដោយពុំតម្រូវឱ្យបំពេញលិខិតប្រកាសបង់ពន្ធលើមធ្យោបាយដឹកជញ្ចូនឡើយ។

រូបតំណាង
រូបតំណាង

តែយ៉ាងណាត្រូវបង្ហាញ ឬភ្ជាប់មកនូវឯកសារដែលអាចបញ្ជាក់អត្តសញ្ញាណយានយន្តណាមួយ ដូចជា៖ បណ្ណសម្គាល់យានយន្ត ឬបង្កាន់ដៃទទួលប្រាក់ពន្ធលើមធ្យោបាយដឹកជញ្ជូន ឬលតាបត្របង់ពន្ធឆ្នាំចាស់ សម្រាប់ឱ្យមន្រ្តីពន្ធដារ ឬបុគ្គលិកធនាគារពាណិជ្ជដៃគូ ធ្វើការផ្ទៀងផ្ទាត់ទិន្នន័យ។ ចំពោះយានយន្តថ្មីដែលត្រូវចុះបញ្ជីលើកដំបូង ម្ចាស់យានយន្តត្រូវដាក់លិខិតប្រកាសបង់ពន្ធចំនួន២សន្លឹក តាមទម្រង់ VT 001 របស់អគ្គនាយកដ្ឋានពន្ធដារ ដោយភ្ជាប់មកជាមួយនូវឯកសាររួមមាន៖ បណ្ណសម្គាល់យានយន្ត អត្តសញ្ញាណបណ្ណផ្ទាល់ របស់កម្មសិទ្ធិករ និងវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តចំពោះរថយន្តដឹកទំនិញ និងរថយន្តដឹកអ្នកដំណើរ។

រូបតំណាង
រូបតំណាង

ដោយឡែក​ យានយន្តប្រើប្រាស់ថាមពលអគ្គិសនីប្រភេទទេសចរណ៍ចាប់ពីឆ្នាំ២០២៥ទៅ ត្រូវបង់ពន្ធលើមធ្យោបាយដឹកជញ្ជូនតាមកម្លាំងសេះ (HP)។ ចំណែក យានយន្តជាកម្មសិទ្ធិរបស់ស្ថានទូត ឬស្ថានកុងស៊ុលបរទេស អង្គការអន្តរជាតិ ឬទីភ្នាក់ងារសហប្រតិបត្តិការបច្ចេកទេសរបស់រដ្ឋាភិបាលនានា ត្រូវស្នើសុំមកអគ្គនាយកដ្ឋានពន្ធដារ ដើម្បីទទួលបាននូវលតាបត្របង់ពន្ធ (ពន្ធជាបន្ទុករបស់រដ្ឋ)។ សូមចងចាំថា ក្នុងករណីខកខានមិនបានបង់ពន្ធទាន់ពេលវេលាកំណត់ ម្ចាស់យានយន្តនឹងត្រូវទទួលរងនូវពិន័យ តាមច្បាប់ស្តីពីសារពើពន្ធ ជាធរមាន៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត