មេទ័ព​កំពូលៗថៃកំពុងកោះប្រជុំជជែកយុទ្ធសាស្ត្រសង្គ្រាម ខណៈវិវាទព្រំដែនឡើងកម្តៅដូចបន្ទុះភ្នំភ្លើង
ហៀប ស៊ីថេត
07 មិថុនា 2025 06:37 AM

រាជធានីបាងកក៖ យោធាថៃបានធានាដល់ពលរដ្ឋខ្លួន ដោយជំរុញឱ្យពួកគេជឿជាក់លើការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កងកម្លាំងយោធា និងប៉ូលិសលើការ[ការពារ]អធិបតេយ្យភាពជាតិ និងធានាសុវត្ថិភាពប្រជាជន ជុំវិញការវិវាទព្រំដែនជាមួយកម្ពុជា...។

កងកម្លាំងភូមិន្ទថៃ បានបើកកិច្ចប្រជុំមេទ័ពកំពូលៗលើកទី៤ ក្នុងឆ្នាំ២០២៥នេះ កាលពីថ្ងៃសុក្រទី៦មិថុនា នៅទីបញ្ជាការកងទ័ពអាកាសថៃ ក្រោមអធិបតីភាព លោក ទ្រុងវីត នន់ភក្តី (ทรงวิทย์ หนุนภักดี) នាយសេនាធិការនៃកងកម្លាំងភូមិន្ទថៃ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី អគ្គមេបញ្ជាការកងទ័ពជើងគោក, អគ្គមេបញ្ជាការកងទ័ពជើងទឹក, អគ្គមេបញ្ជាការកងទ័ពអាកាស, និងអគ្គស្នងការនគរបាលជាតិថៃ។ លោក ទ្រុងវីត បានថ្លែងអំណរគុណចំពោះការគាំទ្រដ៏រឹងមាំរបស់កងទ័ពជើងទឹក-ជើងគោក កងទ័ពអាកាស និងនគរបាលតម្រួតជាតិថៃ ក្នុងការជួយគាំទ្រដល់រាជរដ្ឋាភិបាល ជាពិសេស ក្នុងការការពារអធិបតេយ្យភាពតាមតំបន់ជម្លោះព្រំដែនកម្ពុជា-ថៃ គ្រប់ស្ថានការណ៍ទាំងអស់ ​ក្នុង​ក្របខណ្ឌ​នៃ​រដ្ឋធម្មនុញ្ញ។

លោក ទ្រុងវីត នន់ភក្តី (ทรงวิทย์ หนุนภักดี)
លោក ទ្រុងវីត នន់ភក្តី (ทรงวิทย์ หนุนภักดี)

ប្រមុខមេបញ្ជាការទ័ពអាកាសថៃរូបនេះ បញ្ជាក់​ថា សកម្មភាព​យោធា​ថៃ​ គឺ​អនុវត្ត​យ៉ាង​តឹងរ៉ឹង​ផ្តោតទៅ​លើ​ច្បាប់ ក្នុង​ការ​ចូលរួម​ក្នុង​គោលបំណង​គ្រប់គ្រង​ស្ថានការណ៍ និង​ទប់ស្កាត់​ការ​កើនឡើង​នៃភាពតានតឹងតាមព្រំដែនជាមួយកម្ពុជា ជុំវិញតំបន់វិវាទនាពេលថ្មីៗ នៅតំបន់មុំបី-ឆងបក។ ជាមួយគ្នា មេបញ្ជាការកងទ័ពជើងគោកថៃ បានចោទកម្ពុជាទាំង[ងងើល]ថា ការប៉ះទង្គិចគ្នានេះកើតឡើង ស្របពេលកងទ័ពថៃកំពុងល្បាតក្នុងទឹកដីខ្លួន ហើយកងទ័ពកម្ពុជាបាញ់កងទ័ពថៃមុន។ យ៉ាងណា ការអះអាងរបស់មេទ័ពជើងគោកថៃរូបនេះ គ្មានមូលដ្ឋានច្បាស់លាស់ និងមានចេតនាចោទប្រកាន់ ទម្លាក់កំហុសមកលើកម្ពុជា ដើម្បីលាក់បាំងពីឧបាយកលឈ្លានពានរបស់ខ្លួនតែប៉ុណ្ណោះ។

កង​កម្លាំង​ថៃ ​អះអាងបន្ថែមថា ការចរចារបស់គណៈកម្មាធិការព្រំដែនរួមកម្ពុជា-ថៃ (JBC) ហាក់គ្មានសង្ឃឹមទាល់តែសោះ ក្រោយកម្ពុជាគ្រវីក្បាលមិនទទួលយកសំណើ [ថ្ពឹនភ្នែក]ទាំង៤ចំណុច នោះក៏ព្រោះតែមេដឹកនាំកម្ពុជាហាក់យល់ច្បាស់អំពីឧបាយកលទុច្ចរិតរបស់ក្រុមមេដឹកនាំយោធាថៃដ។ ចំណុចសំខាន់ៗទាំង៤ដែលភាគីថៃសុំយកមកចរចា នោះរួមមាន៖ សំណុំរឿងប្រាសាទទាំង៣ [តាមមាន់តូច តាមាន់ធំ និងតាក្របី] និងតំបន់មុំបី ដែលត្រូវបាននាំយកទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) នាទីក្រុងឡាអេ ប្រទេសហូរឡង់។ ដូចកម្រោលចូលសន្ធិត! មេបញ្ជាការកងទ័ពជើងគោកបានណែនាំដល់គ្រប់អង្គភាពទាំងអស់ ត្រូវបង្កើនការត្រៀមលក្ខណៈសម្បត្តិឱ្យរួចរាល់ រួមទាំងបុគ្គលិកយោធា បរិក្ខារសឹក និងផែនការបន្ទាន់ ដើម្បីត្រៀមលក្ខណៈសម្រាប់សកម្មភាពយោធាដែលអាចកើតមាន ប្រសិនបើចាំបាច់ ដើម្បីការពារបូរណភាពទឹកដី និងការពារសាធារណជន។

លើសពីនេះ អគ្គស្នងការនគរបាលជាតិថៃ បានបញ្ជាក់ជំហរឥតងាករេលើការការពារអធិបតេយ្យភាពជាតិ និងបានបញ្ជាឱ្យនគរបាលល្បាតព្រំដែន និងជំរុញអង្គភាពព្រំដែនផ្សេងទៀតរៀបចំឱ្យបានពេញលេញ ទាំងកងកម្លាំង និងបរិក្ខារសឹក។ ជារួម កងទ័ពភូមិន្ទថៃ រួមជាមួយនឹងកងទ័ពជើងទឹក កងទ័ពអាកាស និងនគរបាលជាតិថៃ បានបង្ហាញពីចេតនាយ៉ាងច្បាស់ក្រឡែត ជុំវិញការវាយប្រហារ និងផែនការឈ្លានពានរបស់ខ្លួនលើកម្ពុជា៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត