
កម្ពុជា-ថៃ៖ នៅរសៀលថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥នេះ ប្រមុខក្រសួងការពារជាតិកម្ពុជា-ថៃ បានជួបពិភាក្សាការងារគ្នា ដើម្បីភ្ជាប់កិច្ចសហប្រតិបត្តិការ និងដោះស្រាយបញ្ហាជម្លោះនៅព្រំដែន។ នេះបើតាមការបញ្ជាក់របស់លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ ភូមិថាំ វេជ្យៈឆ័យ (ภูมิธรรม เวชยชัย) ដែលបានបង្ហោះសារភ្ជាប់ដោយរូបភាព៤សន្លឹក នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោក...។

លោក ភូមិថាំ វេជ្យៈឆ័យ គូសបញ្ជាក់ថា លោកជាមួយ នាយឧត្តមសេនីយ៍ ណាត់ថៈពល ណាតផានីត (ณัฐพล นาคพาณิชย์) អនុរដ្ឋមន្ត្រីក្រសួងការពារជាតិ និងនាយឧត្តមសេនីយ៍ ថងឆ័យ រ៉ដយ៉យ (ธงชัย รอดย้อย) អគ្គសេនាធិការកងទ័ព និងក្រុមការងារមួយចំនួនទៀត បានចូលរួមកិច្ចប្រជុំជាមួយ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា, នាយឧត្តមសេនីយ៍ អ៊ិត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ, នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោកកម្ពុជា និងគណៈប្រតិភូដទៃទៀត ក្នុងគោលបំណងប្រជុំផ្លាស់ប្តូរយោបល់ និងពិភាក្សាអំពីវិធីសាស្ត្រដោះស្រាយបញ្ហារវាងភាគីទាំងពីរ។

លោក ភូមិថាំ វេជ្យៈឆ័យ បានឱ្យដឹងបន្តថា ប្រទេសទាំងពីរបានព្រមព្រៀងបន្តប្រើប្រាស់យន្តការសហប្រតិបត្តិការដែលមានស្រាប់ ដើម្បីឈានដល់ការសន្និដ្ឋានជាក់ស្តែង និងកែសម្រួលកងកម្លាំងក្នុងតំបន់ឱ្យដូចឆ្នាំ២០២៤។ ជាមួយគ្នានោះ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិទាំងពីរ ក៏បានសង្កត់ធ្ងន់លើសារសំខាន់នៃការប្រើប្រាស់យន្តការទ្វេភាគី ជាឧបករណ៍សំខាន់សម្រាប់ជំរុញកិច្ចសហប្រតិបត្តិការ និងការដោះស្រាយបញ្ហារួមគ្នា ដើម្បីពង្រឹងទំនាក់ទំនងល្អ និងនិរន្តរភាពរវាងគ្នាទៅវិញទៅមក...៕




