ឧបករណ៍ស្វ័យប្រវត្តិចំនួន៥៦ ត្រូវបានដាក់នៅគ្រប់រាជធានី-ខេត្ត តាមដានគុណភាពខ្យល់
L
Linda Sorn
10 ខែមុន

រាជធានីភ្នំពេញ៖ រថយន្តតាមដានគុណភាពខ្យល់ចល័តចំនួន៣គ្រឿង រួមទាំងឧបករណ៍តាមដានគុណភាពខ្យល់ស្វ័យប្រវត្តិចំនួន៥៦ ត្រូវបានដាក់នៅតាមទីតាំងផ្សេងៗតាមបណ្ដាលរាជធានី-ខេត្តទាំង២៥។ នេះជាការបញ្ជាក់របស់ លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្នុងពេលចូលរួមទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក នាថ្ងៃទី៥មិថុនា ឆ្នាំ២០២៥…។

លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន  
លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន  

ថ្លែងក្នុងឱកាសនោះ លោក អ៊ាង សុផល្លែត បានឱ្យដឹងថា ភាពស្អាតលើអាកាសគឺជារឿងសំខាន់មួយដែលក្រសួងបរិស្ថាន បានយកចិត្តទុកដាក់បន្ទាប់ពីភាពស្អាតលើដី។ ករណីនេះ លោកបានគូសបញ្ជាក់ថា ក្រសួងបរិស្ថានបានបង្កើតស្ថានីយ និងឧបករណ៍តាមដានគុណភាពខ្យល់ស្វ័យប្រវត្តិចំនួន៥៦ នៅតាមទីតាំងផ្សេងៗគ្នា សម្រាប់ត្រួតពិនិត្យគុណភាពដែលអាចដំណើរកាល២៤ម៉ោងលើ២៤ម៉ោង។ ក្រៅពីនោះ លោកបានសង្កត់ធ្ងន់ថា៖«ក្រសួងក៏បានផ្សព្វផ្សាយទិន្នន័យប្រចាំថ្ងៃ តាមរយៈបណ្តាញសារព័ត៌មាន បណ្តាញសង្គម គេហទំព័ររបស់ក្រសួងផ្ទាល់ និងតាមកម្មវិធីនៅលើទូរសព្ទដៃ ដែលក្រសួងបានបង្កើត»។

ឧបករណ៍តាមដានគុណភាពខ្យល់ស្វ័យប្រវត្តិ
ឧបករណ៍តាមដានគុណភាពខ្យល់ស្វ័យប្រវត្តិ

មួយវិញទៀត ខណៈបញ្ហាខ្យល់ពុលកើតឡើងនៅសឹងតែគ្រប់ប្រទេសជាពិសេសប្រទេសជិតខាងកម្ពុជា ដូចជាថៃ និងវៀតណាម ក្រសួងបរិស្ថាន ក៏បានសហការថ្នាក់តំបន់ រួមទាំងអង្គការដៃគូ ដើម្បីរួមគ្នាថែរក្សា និងប្រយុទ្ធប្រឆាំងនឹងការបំពុល។ នេះជាការអះអាងបន្ថែមរបស់លោក។ សូមជម្រាបថា កាលពីកន្លងទៅ ខ្យល់ពុល គឺជាបញ្ហាមួយដែលបណ្តាប្រទេសមួយចំនួនហាក់បាននិងជួបប្រទេះ ហើយប៉ះពាល់ដល់កត្តាសុខភាព។ ជាក់ស្តែង កាលពីកំលុងដើមឆ្នាំ២០២៥ កម្ពុជាក៏ធ្លាប់ទទួលរងការគំរាមកំហែងពីខ្យល់ពុលដែរ ខណៈខ្យល់មានកំហាប់ភាគល្អិត PM 2.5 ជាសារធាតុបំពុលតូចបំផុត ងាយស្រូបចូលទៅក្នុងចរន្តឈាម និងបង្កការគំរាមកំហែងដល់សុខភាព៕

រថយន្តតាមដានគុណភាពខ្យល់ចល័ត
រថយន្តតាមដានគុណភាពខ្យល់ចល័ត
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត