ថៃ​គ្រោងទិញ​យន្តហោះ​ចម្បាំង​បន្ថែម​ទៀត ក្រោយផ្ទុះជម្លោះឈ្លានពានព្រំដែនកម្ពុជាជាថ្មី
ម៉េងហុង
05 មិថុនា 2025 01:30 AM

រាជធានីបាងកក៖ ប្រមុខកងទ័ពអាកាសថៃ បានប្រកាសកាលពីថ្ងៃពុធទី៤មិថុនាថា ប្រទេសថៃ គ្រោងនឹងទិញយន្តហោះចម្បាំង Gripen JAS 39 រាប់សិបគ្រឿង ផលិតដោយក្រុមហ៊ុន SAAB របស់ប្រទេសស៊ុយអែត ក្នុងរយៈពេល១០ឆ្នាំ ដើម្បីជំនួសកងយន្តហោះចាស់របស់ខ្លួន ដែលភាគច្រើនជាយន្តហោះរបស់សហរដ្ឋអាម៉េរិក ពីរឆ្នាំបន្ទាប់ពីរដ្ឋធានីវ៉ាស៊ីនតោន បដិសេធសំណើទិញយន្តហោះ F-35។ ការប្រកាសនេះកើតឡើងស្របពេលដែលថៃ កំពុងមានភាពតានតឹងនៅតាមបណ្តោយព្រំដែនជាមួយកម្ពុជា។

យន្តហោះចម្បាំង Gripen JAS 39 
យន្តហោះចម្បាំង Gripen JAS 39 

ថៃត្រូវបានគេមើលឃើញថា មានកងទ័ពអាកាសបំពាក់អាវុធល្អបំផុតនៅតំបន់អាស៊ីអាគ្នេយ៍ ដែលមានយន្តហោះ JAS 39 Gripen ចំនួន១១គ្រឿង និងយន្តហោះ F-16 និង F-5 របស់អាម៉េរិករាប់សិបគ្រឿង ដែលយន្តហោះខ្លះបានដំណើរការតាំងពីចុងទសវត្សរ៍ឆ្នាំ១៩៨០។ មេទ័ពអាកាសថៃ លោក ភុនភក្តី ផាតនៈកូល (พันธ์ภักดี พัฒนกุล) បាននិយាយថា ថវិកាសម្រាប់ដំណាក់កាលលទ្ធកម្មដំបូងពីឆ្នាំ២០២៥ ដល់ឆ្នាំ២០២៩ គឺ១៩,៥ពាន់លានបាត ឬស្មើនឹង៥៩៦លានដុល្លារអាម៉េរិក សម្រាប់យន្តហោះ Gripen ចំនួន៤គ្រឿង។ កងទ័ពអាកាស នឹងបញ្ជូនផែនការនេះទៅគណៈរដ្ឋមន្ត្រីដើម្បីអនុម័តនៅខែក្រោយ។ ប្រសិនបើត្រូវបានអនុម័ត កិច្ចសន្យានេះ ត្រូវបានគេរំពឹងថា នឹងចុះហត្ថលេខានៅក្នុងខែសីហា។

លោក ភុនភក្តី ផាតនៈកូល (ឈ្មោះជាភាសាថៃ៖ พันธ์ภักดี พัฒนกุล)
លោក ភុនភក្តី ផាតនៈកូល (ឈ្មោះជាភាសាថៃ៖ พันธ์ภักดี พัฒนกุล)

នាយកប្រតិបត្តិរបស់ក្រុមហ៊ុន SAAB លោក មីឃែល ចូហាន់សុន  (Micael Johansson) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«យើងស្វាគមន៍ចំពោះការជ្រើសរើសយន្តហោះ Gripen របស់កងទ័ពអាកាសថៃ ជាយន្តហោះចម្បាំងនាពេលអនាគត ហើយទន្ទឹងរង់ចាំជំហានបន្ទាប់នៅក្នុងដំណើរការលទ្ធកម្មនេះ»។ លោកបន្តថា Gripen គឺជាដំណោះស្រាយដ៏ល្អបំផុត ដើម្បីផ្តល់ឱ្យប្រទេសថៃនូវថាមពលអាកាសដ៏ខ្លាំងក្លាសម្រាប់អនាគតដែលនឹងរួមចំណែកយ៉ាងសំខាន់ដល់សុវត្ថិភាព និងសន្តិសុខរបស់ប្រទេសជាតិ។ យ៉ាងណា ក្រុមហ៊ុនស៊ុយអែត មិនទាន់បានចុះហត្ថលេខាលើកិច្ចសន្យា ហើយក៏មិនទាន់ទទួលបានការបញ្ជាទិញនៅឡើយទេ។

លោក មីឃែល ចូហាន់សុន (Micael Johansson)
លោក មីឃែល ចូហាន់សុន (Micael Johansson)

ប្រទេសថៃមានប្រវត្តិសហប្រតិបត្តិការយោធាយូរអង្វែងជាមួយសហរដ្ឋអាម៉េរិក ដំបូងឡើយ បានស្វែងរកការទិញយន្តហោះបំបាំងកាយក្រុមហ៊ុន Lockheed Martin គឺ F-35 ចំនួនប្រាំបីគ្រឿង។ ប៉ុន្តែសហរដ្ឋអាម៉េរិកក្នុងឆ្នាំ២០២៣ បានបដិសេធមិនលក់ឱ្យ។ ការលក់កំពូលយន្តហោះ F-35 គឺមានភាពតឹងរ៉ឹង ​ដោយសហរដ្ឋអាម៉េរិក​លក់​ទៅ​ឱ្យ​សម្ព័ន្ធមិត្ត​ជិត​ស្និទ្ធ​បំផុត​របស់​ខ្លួនប៉ុណ្ណោះ ដែល​ក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​រួម​មាន អូស្ត្រាលី ជប៉ុន កូរ៉េ​ខាង​ត្បូង និង​សិង្ហបុរី។

យន្តហោះ F-35
យន្តហោះ F-35

ការប្រកាសពីគម្រោងទិញយន្តហោះចម្បាំងបន្ថែមរបស់ថៃ កើតឡើងស្របពេលដែលភាពតានតឹងរវាងកម្ពុជា-ថៃ បានផ្ទុះឡើងជាថ្មី បន្ទាប់ពីយោធាថៃស្ពាយកាំភ្លើងលួចឆ្មក់បាញ់រះស្រោចលើយោធាព្រំដែនកម្ពុជាទាំងព្រឹកព្រលឹមអុល ដោយបានផ្តាច់សង្ខារយោធិនស្នេហាជាតិកម្ពុជាមួយរូប កាលពីថ្ងៃពុធទី២៨ឧសភាកន្លងទៅ។ ហេតុការណ៍នេះកើតឡើងនៅ​តំបន់ព្រំដែនមុំបី-ឆងបក ដែលខណ្ឌចែកដែនសីមារវាងខេត្ត​ព្រះវិហារកម្ពុជា និង​ខេត្តឧប្បលរាជធានីរបស់​ថៃ៕  

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត