
ស្ថាបនិកក្រុមហ៊ុន Microsoft លោក ប៊ីល ហ្គេត បានប្រកាសថា ទ្រព្យសម្បត្តិភាគច្រើនរបស់លោកនឹងត្រូវបរិច្ចាគ សម្រាប់ការចំណាយលើការកែលម្អសេវាសុខភាព និងការអប់រំនៅទ្វីបអាហ្វ្រិកក្នុងរយៈពេល២០ ឆ្នាំខាងមុខ។

លោក ហ្គេត ជឿថា មនុស្សអាចមានសក្តានុពលពេញលេញតាមរយៈសុខភាព និងការអប់រំល្អ ដែលនឹងនាំទៅរកភាពចម្រុងចម្រើនសម្រាប់គ្រប់ប្រទេសក្នុងទ្វីបអាហ្រ្វិក។ មហាសេដ្ឋីរូបនេះក៏បានជំរុញអ្នកច្នៃប្រឌិតវ័យក្មេងរបស់ទ្វីបអាហ្រ្វិកឱ្យគិតអំពីរបៀបបង្កើតបញ្ញាសិប្បនិម្មិត (AI) ដើម្បីកែលម្អការថែទាំសុខភាពនៅលើទ្វីបនេះ។ លោក ហ្គេត បានប្រកាសកាលពីខែមុនថា លោកនឹងផ្តល់ឱ្យទ្វីបអាហ្រ្វិកនូវចំនួន៩៩ ភាគរយនៃទ្រព្យសម្បត្តិដ៏ច្រើនសន្ធឹករបស់គាត់ ដែលនឹងមានដល់២០០ពាន់លានដុល្លារនៅឆ្នាំ២០៤៥ នៅពេលដែលមូលនិធិរបស់គាត់បញ្ចប់ប្រតិបត្តិការ។ ការណ៍នេះកើតឡើស្របពេលដែលរដ្ឋាភិបាលសហរដ្ឋអាម៉េរិកបានកាត់បន្ថយជំនួយដល់ទ្វីបអាហ្រ្វិក រួមទាំងកម្មវិធីព្យាបាលអ្នកផ្ទុកមេរោគអេដស៍ ដែលបង្កើនការព្រួយបារម្ភអំពីអនាគតនៃការថែទាំសុខភាពនៅទ្វីបក្រីក្រនេះ។

លោក ហ្គេត បានលើកឡើងថា មូលនិធិរបស់គាត់នឹងផ្តោតលើការកែលម្អការថែទាំសុខភាពបឋម ដោយផ្តោតលើការជួយម្តាយឱ្យមានសុខភាពល្អ និងមានអាហារូបត្ថម្ភគ្រាប់គ្រាន់ត្រឹមត្រូវ ខណៈពេលដែលពួកគេមានផ្ទៃពោះ។ គួរបញ្ជាក់ថា មូលនិធិហ្គេតមានអាទិភាពបី ពោលគឺការបញ្ចប់ការស្លាប់របស់ម្តាយ និងទារក ធានាឱ្យមនុស្សជំនាន់ក្រោយធំលូតលាស់ឡើងដោយមិនទទួលរងជំងឺឆ្លងដ៏កាចសាហាវ និងការជួយមនុស្សរាប់លាននាក់ចេញពីភាពក្រីក្រ៕




