ចរចាសន្តិភាពជុំទី២៖ រុស្ស៊ី និងអ៊ុយក្រែន បរាជ័យជាថ្មីក្នុងការព្រមព្រៀងបទឈប់បាញ់ ប៉ុន្តែប្តេជ្ញាផ្លាស់ប្ដូរអ្នកទោសបន្ថែម
N
Nary Vann
03 មិថុនា 2025 03:30 AM

អ៊ីស្តង់ប៊ុល៖ មន្ត្រីរុស្ស៊ី និងអ៊ុយក្រែនបានជួបប្រជុំគ្នាកាលពីថ្ងៃចន្ទទី២ ខែមិថុនា សម្រាប់ជុំទីពីរនៃកិច្ចចរចាសន្តិភាពផ្ទាល់របស់ប្រទេសទាំង២ ក្នុងរយៈពេលត្រឹមតែជាងពីរសប្តាហ៍ ប៉ុន្តែកិច្ចប្រជុំបានបញ្ចប់ទៅដោយគ្មានផ្លែផ្កាធំដំអ្វីឡើយ ដោយមានតែកិច្ចព្រមព្រៀងផ្លាស់ប្ដូរអ្នកទោសសង្គ្រាមបន្ថែមទៀតប៉ុណ្ណោះ។

ក្រុមអ្នកចរចាអ៊ុយក្រែនបានបង្ហាញថា រុស្ស៊ីបានច្រានចោលបទឈប់បាញ់ដោយគ្មានលក្ខខណ្ឌ ដែលជាការទាមទារដ៏សំខាន់របស់រដ្ឋធានីកៀវ និងសម្ព័ន្ធមិត្តរបស់ខ្លួននៅអឺរ៉ុប និងសហរដ្ឋអាម៉េរិក។ ទោះ​ជា​យ៉ាង​ណា ប្រទេស​ទាំង​ពីរ​បាន​ប្តេជ្ញា​ថា​នឹងដោះដូរ​សាកសព​ទាហាន​ ១២០០០​នាក់​។ ដោយឡែក ក្រុមរុស្ស៊ីបានស្នើឱ្យមានបទឈប់បាញ់រយៈពេលពីរឬបីថ្ងៃនៅក្នុងតំបន់មួយចំនួននៃសមរភូមិជួរមុខ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមនោះទេ។ នៅក្នុងកិច្ចពិភាក្សាកាលពីថ្ងៃចន្ទនៅទីក្រុងអ៊ីស្តង់ប៊ុលនៃប្រទេសតួកគី ភាគីទាំងពីរបានយល់ព្រមផ្លាស់ប្ដូរអ្នកទោសសង្រ្គាមទាំងអស់ដែលឈឺ និងរបួសយ៉ាងធ្ងន់ធ្ងរ ក៏ដូចជាអ្នកដែលមានអាយុក្រោម២៥ឆ្នាំ។

ភាគីទាំងពីរនៅតែមានភាពផ្ទុយគ្នាយ៉ាងខ្លាំងអំពីរបៀបបញ្ចប់សង្រ្គាមដែលកំពុងផ្ទុះឡើងចាប់តាំងពីប្រទេសរុស្ស៊ីបានចាប់ផ្តើមការឈ្លានពានពេញលេញលើអ៊ុយក្រែនក្នុងខែកុម្ភៈឆ្នាំ២០២២។ បច្ចុប្បន្នរដ្ឋធានីមូស្គូគ្រប់គ្រងប្រហែល ២០ភាគរយនៃទឹកដីអ៊ុយក្រែនភាគខាងត្បូង រួមទាំងឧបទ្វីបគ្រីមៀផងដែរ។ រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោក រូសស្ទិម អ៊ូមឺរ៉ូវ (Rustem Umerov) បាននិយាយថា អ៊ុយក្រែនកំពុងទទូចឱ្យមានបទឈប់បាញ់ពេញលេញ និងគ្មានលក្ខខណ្ឌយ៉ាងហោចណាស់ ៣០ថ្ងៃនៅលើដីគោក សមុទ្រ និងនៅលើអាកាស ដើម្បីបញ្ចប់ការសម្លាប់គ្នានៅពេលនេះ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់រុស្ស៊ីបានចុះផ្សាយនូវអ្វីដែលពួកគេអះអាងគឺជាចំណុចសំខាន់នៃជំហររបស់រដ្ឋធានីមូស្គូ បន្ទាប់ពីកិច្ចពិភាក្សាបានបញ្ចប់។ វារាប់បញ្ចូលទាំងការទាមទារឱ្យដកទ័ពអ៊ុយក្រែនចេញពីតំបន់កាន់កាប់មួយផ្នែករបស់ខ្លួនចំនួនបួននៅភាគនិរតី និងការផ្លាស់ប្ដូរទាហានរបស់ខ្លួន។ រុស្សីក៏ទាមទារឱ្យមានការទទួលស្គាល់ជាអន្តរជាតិនៃតំបន់ Donetsk, Luhansk, Kherson, និង Zaporizhzhia របស់អ៊ុយក្រែន ព្រមទាំងឧបសម្ព័ន្ធគ្រីមៀផងដែរ។ លក្ខខណ្ឌផ្សេងទៀតរួមមានការហាមឃាត់សមាជិកភាពរបស់អ៊ុយក្រែនទៅក្នុងសម្ព័ន្ធភាពយោធាណាមួយ ការកំណត់ទំហំកងទ័ពអ៊ុយក្រែន ការប្រើភាសារុស្ស៊ីជាភាសាផ្លូវការ និងការដកទណ្ឌកម្មអន្តរជាតិលើរុស្ស៊ី៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត