
ការប្រកបអាជីវកម្មមិនស្មោះត្រង់ចំពោះអ្នកប្រើប្រាស់ មិនមានអនុលោមភាពក្នុងធុរកិច្ច ទាក់ទងនឹងវិស័យប្រេងឥន្ធនៈ មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ រកឃើញជាញឹកញាប់ ហើយថ្មីៗនេះ នៅថ្ងៃទី៨-៩ ខែមិថុនា ឆ្នាំ២០២២ មន្ត្រីជំនាញ បន្តរកឃើញដេប៉ូប្រេងឥន្ធនៈសរុបចំនួន ៥ទីតាំង ស្ថិតនៅក្នុងស្រុកកំពង់ស្វាយ ស្រុកស្ទោង ក្រុងបានលុង ស្រុករលៀប្អៀរ ក្រុងកំពង់ឆ្នាំង និងខណ្ឌមានជ័យ នៃខេត្តកំពង់ធំ ខេត្តរតនគិរី ខេត្តកំពង់ឆ្នាំង និងរាជធានីភ្នំពេញ មិនស្មោះត្រង់ចំពោះអ្នកប្រើប្រាស់។

ការរកឃើញរបស់មន្ត្រីជំនាញ គឺក្នុងពេលចុះប្រតិបត្តិការត្រួតពិនិត្យអនុលោមភាពតាមបណ្តាស្ថានីយ ដេប៉ូប្រេងឥន្ធនៈសរុបចំនួន ២៥ទីតាំង នៃរាជធានីខេត្តទាំងបួនខាងលើ។ បន្ទាប់ពីរកឃើញភាពមិនអនុលោមភាព មន្ត្រីជំនាញ ពិន័យអន្តរការណ៍ចំពោះម្ចាស់ដេប៉ូ ស្របតាមច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងតម្រូវឱ្យធ្វើកិច្ចសន្យាកែតម្រូវចំពោះមន្ត្រីមានសមត្ថកិច្ចផងដែរ។

សូមរំឭកថា កាលពីថ្ងៃទី២៤-២៥ ខែឧសភា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ក៏បានចាត់វិធានការលើម្ចាស់ដេប៉ូប្រេងឥន្ធនៈចំនួន ៦ទីតាំង មិនមានអនុលោមភាពនៅក្នុងអាជីវកម្ម នៅស្រុកបាកាន ស្រុកពោធិ៍រៀង ស្រុកពារាំង ស្រុកសំរោងទង ស្រុកឧត្តុង្គ ស្រុកបារាយ និងស្រុកកំពង់ថ្ម ផងដែរ។

ឯកឧត្តម ផាន អូន មន្ត្រីជាន់ខ្ពស់នៃ ក.ប.ប បានអះអាងថា ករណីដេប៉ូឬស្ថានីយលក់ប្រេងឥន្ធនៈ ប្រព្រឹត្តល្មើសលើកទី១ ត្រូវទទួលពិន័យជាអន្តរការណ៍ ហើយបើរកឃើញប្រព្រឹត្តកំហុសដដែលទៀតជាលើក២ នឹងត្រូវពិន័យទ្វេគុណ។ ប្រសិនបើនៅតែបន្តប្រព្រឹត្តកំហុសជាច្រើនដងមិនរាងចាល ពួកគេអាចនឹងត្រូវអនុវត្តទៅតាមផ្លូវតុលាការផងដែរ។

សូមជម្រាបថា ក្នុងត្រីមាសទី១ ឆ្នាំ២០២២ មន្រ្តីក.ប.ប. ចុះត្រួតពិនិត្យស្ថានីយ/ដេប៉ូប្រេងឥន្ធនៈ បានចំនួន១១៣០ទីតាំង រកឃើញដេប៉ូចំនួន ៣៨៧ ទីតាំង ដែលមិនមានអនុលោមភាព និងពិន័យទៅតាមនីតិវិធីលើម្ចាស់ដេប៉ូទាំងនោះ៕





