អាជ្ញាធរខេត្តកណ្តាល រកបានទីតាំងដីថ្មី ដោះដូរ​ទីតាំងចាស់ដែលពលរដ្ឋទិញជាង២០០ទ្បូតិ៍ ពីក្រុមហ៊ុន 7NG
S
Sreyleak Yith
29 មករា 2025 08:15 AM

ខេត្តកណ្តាល៖​ ដី២១៥ឡូតិ៍ ដែលពលរដ្ឋទិញពីក្រុមហ៊ុន 7NG ស្ថិតនៅឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល​ ត្រូវអាជ្ញាធរអះអាងថា ជាទីតាំងដែលប៉ះពាល់លើគម្រោងផ្លូវហេដ្ឋារចនាសម្ព័ន្ធ ដូច្នេះ អាជ្ញាធរក៏ស្វែងរកទីតាំងដីថ្មីសម្រាប់ដោះដូរ។ 

រូបភាពតំណាង
រូបភាពតំណាង

ឆ្លើយតបនឹងសំណួររបស់​អង្គភាព​ SBM News តាមប្រព័ន្ធទូរសព្ទ នាថ្ងៃទី២៩មករា​ ឆ្នាំ២០២៥​​​ លោក ជី ស៊ីវុត្ថា នាយករដ្ឋបាលសាលាខេត្តកណ្តាល​ បានឱ្យដឹងថា​​ អាជ្ញាធរបានប្រឹងប្រែងរកទីតាំងដីថ្មីដែលមានលក្ខណៈល្អប្រហែលទៅនឹងទីតាំងចាស់ក្នុងការដោះដូរជូនពលរដ្ឋ។​​ លោកអះអាងថា ទីតាំងថ្មីនោះ អាជ្ញាធររកបានហើយ។ នាយករដ្ឋបាលខេត្តរូបនេះ គូសបញ្ជាក់ថា៖ «[…] ខ្ញុំសុំពិនិត្យតិចដោយសារការងារនេះមាន ឯកឧត្តមអភិបាលរង លោកទទួលបន្ទុកសម្របសម្រួលដឹកនាំ[…]​​ ការងារនេះដោយសារមានផលប៉ះពាល់អស់ហើយ បានរដ្ឋបាលខេត្ត ខិតខំរកទីតាំងណាមួយដែលប្រហាក់ប្រហែល​ ជាមួយនឹងទីតាំងចាស់ដើម្បីដោះដូរ​​ ដើម្បីឱ្យសមស្របប្រជាពលរដ្ឋអាចទទួលយកបាន[…]។​​ ​លោកបន្តថា លោកនឹងពិនិត្យមើលបន្ថែមជាមួយក្រុមការងារ​ ថាតើមានប្រជាពលរដ្ឋមិនយល់ព្រម ​ឬមិនពេញចិត្តនឹងការដោះដូរនេះដែរឬទេ​ ហើយលោកនឹងជម្រាបជូននៅពេលក្រោយទៀត។

លោក ជី ស៊ីវុត្ថា នាយករដ្ឋបាលសាលាខេត្តកណ្តាល​ 
លោក ជី ស៊ីវុត្ថា នាយករដ្ឋបាលសាលាខេត្តកណ្តាល​ 

ជាមួយគ្នា​​នេះ លោក  ឌឹម បូរ៉ា អភិបាលរងខេត្តកណ្ដាល ​​​បានអំពាវនាវដល់ប្រជាពលរដ្ឋដែលបានទិញពីក្រុមហ៊ុន 7NG ឱ្យទៅតាមទីតាំងដែលលោកអភិបាលខេត្តបានរៀបចំដោះដូរជូន។​​ ​លោកអភិបាលរងខេត្ត មានប្រសាសន៍ថា៖ «[…]​ ឯកឧត្តមអភិបាលខេត្តលោកបានបង្ហោះលើទំព័រហ្វេសប៊ុកគាត់​​ ខ្ញុំគិតថាជាព័ត៌មានមួយអាចគ្រប់គ្រាន់ […] សូមឱ្យប្រជាពលរដ្ឋគាត់មកទទួលពត៌មានតាមអ្វីដែល ឯកឧត្តមលោក​​បា​ន​​ធ្វើការសម្របសម្រួល ហើយនឹងអញ្ជើញអ្នកដែលមានប៉ុន្មានទ្បូតិ៍ហ្នឹង[…]។​ 

លោក  ឌឹម បូរ៉ា អភិបាលរងនៃគណៈអភិបាលខេត្តកណ្ដាល ​​​  
លោក  ឌឹម បូរ៉ា អភិបាលរងនៃគណៈអភិបាលខេត្តកណ្ដាល ​​​  

គួរដឹងថា​ កាលពីថ្មីៗនេះ​​ រដ្ឋបាលខេត្តកណ្តាល បានចេញសេចក្តីជូនដំណឹងដល់​​ប្រជាពលរដ្ឋដែលបានទិញដីទាំង២១៥ឡូតិ៍ពីក្រុមហ៊ុន 7NG ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល​ អំពីការប៉ះពាល់លើគម្រោងផ្លូវហេដ្ឋារចនាសម្ព័ន្ធ (ផ្លូវ៦០ម៉ែត្រ)។ រដ្ឋបាលខេត្តកណ្តាល ស្នើឱ្យប្រជាពលរដ្ឋ យកឯកសារមកពិនិត្យ និងផ្ទៀងផ្ទាត់លើដីឡូតិ៍របស់ខ្លួន ដែលរដ្ឋបាលខេត្តបានសម្របសម្រួលជាមួយក្រុមហ៊ុន ដើម្បីរៀបចំផ្លាស់ប្តូរជូននូវទីតាំងដីឡូតិ៍ថ្មីទាំង២១៥ឡូតិ៍ ស្ថិតនៅភូមិព្រៃចាស់ ឃុំវិហារសួគ៌ និងភូមិសន្លុង ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ការយកឯកសារពាក់ព័ន្ធមកពិនិត្យ និងផ្ទៀងផ្ទាត់ ដើម្បីទទួលយកដីឡូតិ៍ថ្មី គឺអនុវត្ត ចាប់ពីថ្ងៃទី៣កុម្ភៈ រហូតដល់ថ្ងៃទី១៨កុម្ភៈ ឆ្នាំ២០២៥ នៅទីស្នាក់ការរបស់ក្រុមហ៊ុន 7NG​​៕

<br />

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត