
អន្តរក្រុង៖ ក្រុមការងារក្រសួងសាធារណការ និងដឹកជញ្ជូន ចុះឆ្មក់ត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់ ចំនួន៣ទីតាំងផ្សេងៗគ្នា ក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី កណ្តាល និងកោះកុង ក្នុងនោះរកឃើញរថយន្តដឹកលើសទម្ងន់ចំនួន១៨គ្រឿង។ នេះបើតាមការឱ្យដឹងពីមន្ត្រីក្រសួងសាធារណការ កាលពីយប់ថ្ងៃទី១១មិថុនា ឆ្នាំ២០២៥…។

មន្ត្រីក្រសួងសាធារណការ គូសបញ្ជាក់ថា ៣ទីតាំងដែលបានចុះអនុវត្តច្បាប់នោះរួមមាន៖ ទី១.នៅផ្លូវជាតិលេខ៧៦ គីទ្បូម៉ែត្រលេខ១២៨ ស្រុកសែនមនោរម្យ ខេត្តមណ្ឌលគិរី បានត្រួតពិនិត្យរថយន្តចំនួន២គ្រឿង ផ្ទុកទម្ងន់សរុបចំនួន៤៩តោនដូចគ្នា លើសទម្ងន់អនុញ្ញាតចំនួន១៩តោន។ រីឯទីតាំងទី២.នៅផ្លូវជាតិលេខ៦អា គីទ្បូម៉ែត្រលេខ៤១ ស្រុកមុខកំពូល ខេត្តកណ្តាល បានត្រួតពិនិត្យរថយន្តចំនួន៤គ្រឿង ផ្ទុកទម្ងន់សរុបចន្លោះពី៣៤តោនដល់៤៨តោន លើសទម្ងន់អនុញ្ញាតចន្លោះពីចំនួន៩តោនដល់១៨តោន។ ដោយទ្បែក ទី៣.នៅផ្លូវជាតិលេខ៤៨ គីទ្បូម៉ែត្រលេខ៣ ស្រុកស្រែអំបិល ខេត្តកោះកុង ត្រួតពិនិត្យរថយន្តបានចំនួន១២គ្រឿង ផ្ទុកទម្ងន់លើសក្នុងកម្រិតអនុគ្រោះ។

មន្ត្រីសាធារណការ សង្កត់ធ្ងន់ថា កម្លាំងជំនាញនៅតែបន្តយុទ្ធនាការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់នៅទូទាំងប្រទេស ដើម្បីទប់ស្កាត់ និងចាត់វិធានការរឹតបន្តឹង ការអនុវត្តច្បាប់យ៉ាងតឹងរ៉ឹងបំផុត ដោយគ្មានការលើកលែងឡើយ។ សូមរំឭកថា កាលពីចុងខែឧសភា ឆ្នាំ២០២៥កន្លងទៅ កម្លាំងជំនាញនៃក្រសួងសាធារណការបានចុះត្រួតពិនិត្យនៅលើផ្លូវជាតិលេខ២១ គីឡូម៉ែត្រលេខ៦ ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល បានរកឃើញរថយន្ដដឹកលើសទម្ងន់ចំនួន៧គ្រឿង៕




