
សុខភាព៖ ផ្លែមន មានរូបរាងស្រដៀងផ្លែបឺរី តែមានរសជាតិស្រដៀងផ្លែទំពាំងបាយជូ។ ផ្លែមន ផ្ទុកសារធាតុចិញ្ចឹមល្អៗ ដែលផ្តល់គុណប្រយោជន៍ជាច្រើនដល់រាងកាយ។ ចំពោះអត្ថប្រយោជន៍ដែលទទួលបានពីការទទួលទានផ្លែមននោះមាន១១យ៉ាង…។

១.ជំនួយបេះដូង៖ ផ្លែមន ជួយពង្រឹងប្រព័ន្ធសរសៃប្រសាទ និងកាត់បន្ថយកូលេស្តេរ៉ូលអាក្រក់ អាចជួយការពារបញ្ហាសរសៃឈាមបេះដូង កាត់បន្ថយហានិភ័យនៃការគាំងបេះដូង និងដាច់សរសៃឈាមខួរក្បាល។ វាក៏មានជាតិសរសៃសារធាតុប្រឆាំងអុកស៊ីតកម្ម សារធាតុ flavonoid និង polyphenols ជួយសម្រួលដល់សុខភាពបេះដូង។ ២.ជំនួយដល់ការរំលាយអាហារ៖ ប្រព័ន្ធរំលាយអាហារមានសុខភាពអាចល្អជួយឱ្យរាងកាយមានសុខភាពល្អ ដូច្នេះ ផ្លែមនជាម្រើសល្អ ព្រោះវាជួយកាត់បន្ថយការទល់លាមក ហើមពោះ និងឈឺពោះ ដោយសារផ្លែមនផ្ទុកជាតិសរសៃច្រើនជួយដល់ដំណើរការរំលាយអាហារ។ តាមការសិក្សារបស់វិទ្យាស្ថានមួយនៅប្រទេសអ៊ីតាលី បានឱ្យដឹងថា អ្នកដែលបានបញ្ចូលផ្លែមនទៅក្នុងរបបអាហារប្រចាំថ្ងៃអាចស្រកគីឡូប្រហែល១០ភាគរយ នៃទម្ងន់រាងកាយសរុប ក្នុងរយៈពេលប្រហែល៣ខែ។

៣.ជំនួយភ្នែក៖ ផ្លែមនមានផ្ទុកវីតាមីន A និងស័ង្កសី ដែលជួយពង្រឹងសុខភាពភ្នែក បំបាត់ការចុករួយភ្នែក និងការពារភ្នែកពីរ៉ាឌីកាល់សេរី ជាមូលហេតុធ្វើឱ្យភ្នែកចុះខ្សោយ។ ៤.ជួយគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម៖ តាមការសិក្សាបានឱ្យដឹងថា សារធាតុមួយចំនួនដែលមាននៅក្នុងផ្លែមនមានប្រសិទ្ធភាពស្រដៀង នឹងថ្នាំព្យាបាលជំងឺទឹកនោមផ្អែមប្រភេទ២ព្រោះពួកវាជួយគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម។ ៥.ជំនួយថ្លើម៖ ផ្លែមន អាចជួយបន្សុទ្ធឈាមក្នុងថ្លើម ព្រមទាំងមានជាតិដែកដែលមានប្រយោជន៍ក្នុងការថែរក្សាសុខភាពថ្លើម។ ៦.ជួយពង្រឹងប្រព័ន្ធភាពស៊ាំ៖ ផ្លែមន មានផ្ទុកសារធាតុអាល់កាឡូអ៊ីត ជួយឱ្យកោសិកាម៉ាក្រូហ្វាហ្ស ជាកោសិកាឈាម-ស សកម្មនិងជំរុញឱ្យប្រព័ន្ធភាពស៊ាំប្រយុទ្ធប្រឆាំងនិងវីរុស ឬបាក់តេរី។ ចំពោះវីតាមីន C ដែលមាននៅក្នុងផ្លែមន ក៏ជួយពង្រឹងប្រព័ន្ធភាពស៊ាំផងដែរ។

៧.ជំនួយសក់៖ ផ្លែមនអាចជួយថែរក្សាពណ៌សក់កុំឱ្យស្កូវមុនអាយុ និងធ្វើឱ្យសក់មានសុខភាពល្អ។ ៨.ប្រឆាំងភាពចាស់៖ ផ្លែមន សម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម និងវីតាមីន C ជួយប្រឆាំងភាពចាស់ និងជួយឱ្យស្បែកភ្លឺថ្លាក្មេងជាងវ័យ។ ៩.ជួយឱ្យឆ្អឹងរឹងមាំ៖ ផ្លែមន មានផ្ទុកកាល់ស្យូម វីតាមីន K និងជាតិដែក ជាសារធាតុចិញ្ចឹមជួយបង្កើតជាលិកាឆ្អឹង និងធ្វើឱ្យឆ្អឹងឱ្យរឹងមាំ។ សារធាតុចិញ្ចឹមទាំងនេះ អាចការពារជំងឺពុកឆ្អឹង និងជំងឺរលាកសន្លាក់។ ១០.កាត់បន្ថយហានិភ័យនៃការកើតមហារីក៖ ផ្លែមន មានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មដូចជា Resveratrol និង Anthocyanins អាចជួយការពារការកើតមហារីកដូចជា មហារីកពោះវៀនធំ មហារីកស្បែក មហារីកក្រពេញប្រូស្តាត និងមហារីកក្រពេញទីរ៉ូអ៊ីត។

១១.ជួយសម្រួលចរន្តឈាម៖ ផ្លែមន ជួយគ្រប់គ្រងសម្ពាធឈាម ដោយសារវាមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មអាចជួយពង្រីកសរសៃឈាម និងជួយពង្រឹងសុខភាពសរសៃឈាម។ ដូច្នេះ ចរន្តឈាមរត់បានល្អហើយឈាមអាចហូរទៅកាន់បេះដូង និងផ្នែកផ្សេងទៀតនៃរាងកាយដោយគ្មានការរាំងស្ទះ។ លើសពីនេះ ផ្លែមន ក៏ផ្ទុកប៉ូតាស្យូមដែលអាចជួយបន្ថយកាត់សម្ពាធឈាម និងជាតិដែកដែលជួយបង្កើនដល់ការផលិតកោសិកាឈាមក្រហម។ បើទោះបីជា ផ្លែមន មានអត្ថប្រយោជន៍ចំពោះសុខភាព តែក៏ត្រូវទទួលទានឱ្យមានកម្រិត។ បើតាមការសិក្សារបស់សមាគមជំងឺទឹកនោមផ្អែមអាម៉េរិក បានឱ្យដឹងថា ការបរិភោគផ្លែមនច្រើនពេក អាចបណ្ដាលឱ្យកម្រិតជាតិស្ករក្នុងឈាមធ្លាក់ចុះខ្លាំង និងបណ្ដាលឱ្យមានគ្រោះថ្នាក់៕ ដកស្រង់ពី៖ Hello គ្រូពេទ្យ



