ទាហានកម្ពុជាម្នាក់ពលី ក្នុងហេតុការណ៍ផ្ទុះអាវុធជាមួយកងទ័ពថៃនៅតំបន់មុំបី-ឆងបក
អាន ប៊ុនរ័ត្ននៈ
28 ឧសភា 2025 10:30 AM

រាជធានីភ្នំពេញ៖ អ្នកនាំពាក្យកងទ័ពជើងគោក លោកឧត្តមសេនីយ៍ទោ ម៉ៅ ផល្លា បញ្ជាក់ថា យោធិនកម្ពុជាម្នាក់បានពលីក្នុងហេតុការណ៍ផ្ទុះអាវុធមួយប្រាវរយៈពេលប្រមាណ១០នាទី នាព្រឹកថ្ងៃពុធទី២៨ឧសភា ឆ្នាំ២០២៥ ជាមួយកងទ័ពថៃនៅតំបន់មុំបី-ឆងបក...។

លោក ម៉ៅ ផល្លា អ្នកនាំពាក្យកងទ័ពជើងគោក  
លោក ម៉ៅ ផល្លា អ្នកនាំពាក្យកងទ័ពជើងគោក  

យោងតាមប្រភពព័ត៌មានពីតំបន់មុំបី បានឱ្យដឹងថា ទាហានថៃបានលួចចូលមកបាញ់រះលើកងកម្លាំងយោធាកម្ពុជា ដែលកំពុងឈរជើងប្រចាំការនៅតំបន់ព្រំដែន បណ្ដាលឱ្យយោធិនកម្ពុជាម្នាក់ឈ្មោះ សួន រោន មានទីលំនៅក្នុងភូមិកំពេញ ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ទទួលមរណភាព។ មន្ត្រីយោធាកម្ពុជាម្នាក់ដែលសុំមិនបញ្ចេញឈ្មោះ បានប្រាប់អង្គភាពសារព័ត៌មាន SBM News ថា នៅព្រឹកព្រហ៊ាមស្រាងៗ យោធាថៃមានគ្នាប្រមាណ២៥នាក់ បំពាក់ដោយសម្ភារសឹកបានចូលមកទីតាំងឈរជើងរបស់ទាហានកម្ពុជា ហើយបានធ្វើការបាញ់ប្រហារតែម្ដង ភ្លាមៗទាហានកម្ពុជា ក៏បានបាញ់តដៃទៅវិញដើម្បីការពារខ្លួន ខណៈក្រុមទាហានថៃក៏បានប្រញាប់ដកថយចេញពីតំបន់ប្រយុទ្ធនោះភ្លាមដែរ ខណៈអ្នកនាំពាក្យកងទ័ពជើងគោកកម្ពុជា ក៏បានបញ្ជាក់បន្ថែមនៅរសៀលថ្ងៃដដែលនេះថា យោធិនការពារព្រំដែនកម្ពុជាម្នាក់ពិតជាបានពលីជីវិត នៅក្នុងការផ្ទុះអាវុធនៅព្រំដែនមុំបីប្រាកដមែន។

យោធិនកម្ពុជាដ៏អង់អាចក្លាហាន លោក សួន រោន ពលីជីវិតដើម្បីជាតិមាតុភូមិ
យោធិនកម្ពុជាដ៏អង់អាចក្លាហាន លោក សួន រោន ពលីជីវិតដើម្បីជាតិមាតុភូមិ

ដោយឡែក រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ថៃ លោក ភូមិថាំ វិជ្យៈឆ័យ (ภูมิธรรม เวชยชัย) បានបញ្ជាក់ប្រាប់កាសែត The Nation ​ថា ទាហានកម្ពុជា បានបាញ់ទៅលើទាហានថៃមុន ទើបទាហានថៃ ចាំបាច់ត្រូវតែបាញ់​តដៃវិញ​ដើម្បី​ការពារ​ខ្លួន និងការពារ​អធិបតេយ្យភាព។ យ៉ាងណា ការឆ្លើយបំភ្លឺរបស់លោករដ្ឋមន្ត្រីការពារជាតិថៃរូបនេះ មិនឆ្លុះបញ្ចាំងពីហេតុការណ៍ពិត នៃការផ្ទុះអាវុធនៅតំបន់ព្រំដែនមុំបី-ឆងបក រវាងយោធាកម្ពុជា និងយោធាថៃនោះឡើយ។ រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិថៃរូបនេះ ពន្យល់យ៉ាងក្បោះក្បាយថា ហេតុការណ៍នេះ​កើត​ឡើងនៅ​តំបន់​ជម្លោះដែល​ភាគី​ទាំង​សងខាង​ទាមទារតំបន់ត្រួតស៊ីគ្នា។ កន្លង​មក​កម្ពុជា​បាន​ជីក​លេណដ្ឋាន​ ឬត្រង់សេនៅ​តំបន់​ភ្នំ​៧៤៥ នា​ច្រកព្រំដែនឆងបក។   

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ថៃ លោក ភូមិថាំ វិជ្យៈឆ័យ (ภูมิธรรม เวชยชัย)   
រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ថៃ លោក ភូមិថាំ វិជ្យៈឆ័យ (ภูมิธรรม เวชยชัย)   

ទោះជាយ៉ាងណាក៏ដោយ ក្រោយភាគីថៃព្យាយាមបំប៉ោងសំឡេងស្រែកប្រាប់អន្តរជាតិតាមរយៈសារព័ត៌មានបរទេសធំៗ ថាខ្លួនជាជនរងគ្រោះពីការបាញ់ប្រហាររបស់យោធាកម្ពុជា ហើយប្រើសិទ្ធិការពារខ្លួន នៅល្ងាចថ្ងៃដដែលនេះ ក្រសួងការពារជាតិកម្ពុជា  បានចេញសេចក្តីប្រកាសព័ត៌មានមួយបញ្ជាក់ថា ការប៉ះទង្គិចរវាងកងទ័ពកម្ពុជា និងកងទ័ពថៃ នៅភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយកងទ័ពថៃបានធ្វើការបាញ់ប្រហារមុនមកលើលេណដ្ឋាន ដែលជាទីតាំងឈរជើងរបស់កងទ័ពកម្ពុជាជាយូរលង់ណាស់មកហើយ បណ្ដាលឱ្យបាត់បង់ជីវិតកងទ័ពកម្ពុជាម្នាក់។ ការប៉ះទង្គិចគ្នានេះ មិនមែនជាជម្រើសដែលកម្ពុជាចង់បាននោះទេ ហើយកម្ពុជានឹងបន្តពិភាក្សាជាមួយក្រសួងការពារជាតិថៃ ដើម្បីស្វែងរកដំណោះស្រាយរួមមួយ ក្នុងការធ្វើឱ្យស្ថានភាពវិលត្រឡប់ទៅដូចដើមវិញឱ្យបានឆាប់រហ័ស និងបង្ការកុំឱ្យស្ថានភាពនេះកើតឡើងសាជាថ្មីម្ដងទៀត។

ក្រសួងការពារជាតិ គូសបញ្ជាក់បន្ថែមថា កម្ពុជាប្រកាន់ខ្ជាប់នូវមធ្យោបាយការទូត និងការដោះស្រាយបញ្ហាដោយសន្តិវិធី ព្រមទាំងការរក្សាព្រំដែនរបស់ខ្លួនជាមួយប្រទេសជិតខាង ជាព្រំដែនសន្តិភាព ស្ថិរភាព ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការដែលផ្តល់ប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។ យ៉ាងណា កម្ពុជាប្តេជ្ញាចិត្តក្នុងការការពារបូរណភាពទឹកដី ទោះក្នុងតម្លៃណាក៏ដោយ។ ក្នុងន័យនេះ ក្រសួងការពារជាតិ សូមអំពាវនាវឱ្យសាធារណជនទាំងអស់មេត្តាកុំជឿ និងផ្សព្វផ្សាយនៅតាមបណ្តាញទំនាក់ទំនងសង្គមនូវព័ត៌មានមិនពិត ដែលអាចរុញច្រានស្ថានការណ៍នៅតាមបណ្តោយព្រំដែនឱ្យមានអស្ថិរភាព និងអសន្តិសុខ ព្រមទាំងបង្កផលប៉ះពាល់ដល់ទំនាក់ទំនងរបស់កងទ័ព ការប្រព្រឹត្តទៅនៃជីវភាពធម្មតារបស់ប្រជាពលរដ្ឋ ក៏ដូចជារបស់ប្រទេសជាតិទាំងសងខាង៕

តំបន់ផ្ទុះអាវុធ
តំបន់ផ្ទុះអាវុធ
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត