ប្រមុខការពារជាតិថៃ អះអាងប្រាប់កាសែត The Nation ថាកម្ពុជា​បាញ់​មុន ទើប​ថៃបាញ់តដៃ
ហៀប ស៊ីថេត
28 ឧសភា 2025 08:25 AM

រាជធានីបាងកក៖ កងទ័ពកម្ពុជា-ថៃ បានប៉ះ​ទង្គិច​គ្នា​មួយប្រាវនៅ​ព្រំដែនឆង​បក ខេត្តឧប្បលរាជធានី (อุบลราชธานี) ជាប់ព្រំប្រទល់ជាមួយខេត្តព្រះវិហារ(ច្រកមុំបី)។ ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ថៃ លោក ភូមិថាំ វិជ្យៈឆ័យ (ภูมิธรรม เวชยชัย) បញ្ជាក់​ថា ទាហានកម្ពុជា បានបាញ់ទៅលើទាហានថៃមុន ទើបទាហានថៃ ចាំបាច់ត្រូវតែបាញ់​តដៃវិញ​ ដើម្បី​ការពារ​ខ្លួន និង​អធិបតេយ្យភាព។ នេះបើតាមការចុះផ្សាយរបស់កាសែតថៃ The Nation។

 លោក ភូមិថាំ វិឆាយ៉ាឆៃ
លោក ភូមិថាំ វិឆាយ៉ាឆៃ

ទាក់ទិន​នឹង​ការ​ប៉ះ​ទង្គិច​គ្នា​មួយប្រាវរវាង​ទាហាន​ខ្មែរ និងទាហានថៃ ​នៅ​ច្រកព្រំដែនឆងបក (មុំបី) ក្នុងខេត្តឧប្បលរាជធានី (ថៃ) និងខេត្តព្រះវិហារ (កម្ពុជា) នៅ​ព្រឹក​ថ្ងៃ​ពុធទី​២៨ឧសភា​នេះ លោក ភូមិថាំ ជាឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិថៃផងនោះ បាន​បញ្ជាក់​ថា លោក​បាន​ទទួល​របាយការណ៍​អំពី​ឧបទ្ទវហេតុ​នេះហើយ។ មេការពារជាតិរូបនេះ បានពន្យល់យ៉ាងក្បោះក្បាយថា ហេតុការណ៍នេះ​កើត​ឡើងនៅ​តំបន់​ជម្លោះ ​ដែល​ភាគី​ទាំង​សងខាង​ទាមទារត្រួតស៊ីគ្នា។ កន្លង​មក​កម្ពុជា​បាន​ជីក​លេណដ្ឋាន​ ឬត្រង់សេនៅ​តំបន់​ភ្នំ​៧៤៥ នៅ​ច្រកព្រំដែនឆងបក។ នេះ​ជា​លើក​ទី​២ ហើយដែល​កម្ពុជា​បាន​ដាក់​ពង្រាយ​ទ័ព​ដើម្បីទាមទារ​យក​តំបន់​ជម្លោះនេះ។ យ៉ាងណាក៏ដោយ ​ទាហាន​ថៃ​កំពុង​ល្បាត​នៅ​តំបន់​នោះ ខណៈការ​ប៉ះ​ទង្គិច​ក៏បានផ្ទុះឡើង។ លើសពីនេះ លោកបាន​បញ្ជាក់​ថា កម្ពុជា​បាញ់​មុន ទើបថៃបាញ់តដៃវិញ។ នេះបើតាមការចុះផ្សាយរបស់កាសែត The Nation។

កាសែតដដែលបានចុះផ្សាយថែមទៀតថា ក្រោយកើតហេតុ ជំនួយការជិតស្និទ្ធរបស់លោក ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បានទូរសព្ទទៅលោកឧត្តមសេនីយ៍ ណាត់ថៈផុន ណាក់ផានិច (ณัฐพล นาคพาณิชย์) ដែលជាអនុរដ្ឋមន្ត្រីក្រសួងការពារជាតិថៃ ជំរុញឱ្យភាគីទាំង២ បន្ថយកម្តៅនៃភាពតានតឹង។ បច្ចុប្បន្នកង​កម្លាំងទាំង​ថៃ និង​កម្ពុជា ​កំពុងត្រូវបានដាក់​ពង្រាយ​នៅ​តំបន់​នោះ។ បន្ថែមពីនោះ ប្រមុខការពារជាតិថៃ បានសង្កត់ធ្ងន់ថា៖«ខ្ញុំត្រូវបានគេជូនដំណឹងថា ការបាញ់តបតវិញគឺជារឿងចាំបាច់ដើម្បីការពារខ្លួនយើង និងការពារអធិបតេយ្យភាពរបស់ប្រទេសថៃ។ ខ្ញុំបានណែនាំឱ្យមានការប្រុងប្រយ័ត្ន។ ទោះបីជាឈប់បាញ់ភ្លាមៗក៏ដោយ ក៏ភាគីទាំង២ នឹងនៅតែបន្តប្រឈមមុខដាក់គ្នាដដែល»។ កាសែត The Nation គូសបញ្ជាក់បន្ថែម។

លើសពីនេះ នៅ​ពេល​សួរ​ថា តើ​ការ​ចូល​បំពានតំបន់​ជម្លោះ​​បាន​រំលោភ​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ ឆ្នាំ២០០០ ឬ​អត់? ស្រាប់តែប្រមុខការពារជាតិថៃរូបនេះ ចេញមុខបញ្ជាក់​ថា តំបន់​នេះ​មិន​ទាន់​បាន​កំណត់​ព្រំដែន​ជា​ផ្លូវ​ការ​ទេ ហើយ​ក៏​មិន​មាន​ការ​ព្រមព្រៀង​លើ​កម្មសិទ្ធិ​ណាមួយដែរ។ លោកបន្ថែមថា ភាគី​ទាំង​២ [កម្ពុជា-ថៃ] ​ធ្លាប់​បាន​ព្រមព្រៀង​គ្នា​មិន​សាងសង់មូលដ្ឋានទ័ព ឬ​ការចល័តយោធាក្នុង​តំបន់​នោះ​ទេ លើក​លែង​តែ​ការ​ល្បាត​រួម​ដែល​គ្មាន​អាវុធតែប៉ុណ្ណោះ។

មិនទាន់ចប់ឡើយ លោកឧត្តមសេនីយ៍ ផាណា ក្លែវផ្លូតធូក (พนา แคล้วปลอดทุกข์) អគ្គមេបញ្ជាការនៃកងទ័ពភូមិន្ទថៃ បានកោះប្រជុំជាបន្ទាន់ជាមួយភាគីពាក់ព័ន្ធទាំងអស់ ដើម្បីធានាបាននូវគោលការណ៍ណែនាំប្រតិបត្តិការប្រកបដោយការសម្របសម្រួល និងឯកភាព។ ទន្ទឹមនឹងនេះ លោកឧត្តមសេនីយ៍ឯកថៃ ប៊ូនស៊ីន (บุญสิน) បានអះអាងថា មុនពេលប៉ះទង្គិចគ្នា ទាហានថៃបានព្យាយាមចរចា ប៉ុន្តែកម្ពុជាបែរជាយកកាណុងកាំភ្លើងមកឆ្លើយតបទៅវិញ ដែលនាំឱ្យមានការប្រឈមមុខដាក់គ្នាខ្លាំងបែបនេះ។ យ៉ាងណា បច្ចុប្បន្ន​មេ​បញ្ជាការ​នៅ​មូលដ្ឋាន​កំពុង​ពិភាក្សា​គ្នា​ ដើម្បី​ស្វែងរកដំណោះស្រាយ។ នេះបើតាមខ្លឹមសារនៃការចុះផ្សាយរបស់កាសែតថៃ The Nation៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត