
រាជធានីភ្នំពេញ៖ បន្ទាប់ពីបើកដំណើរការបណ្ដោះអាសន្ន និងទទួលបានការគាំទ្រយ៉ាងផុសផុលពីប្រជាពលរដ្ឋ និងភ្ញៀវទេសចរ។ ផ្លូវថ្មើរជើងមាត់ទន្លេ (Walk Street) នឹងត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅខែមិថុនា ខាងមុខនេះ…។

លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់នៅក្នុងកិច្ចប្រជុំមួយជាមួយមន្ត្រីពាក់ព័ន្ធ នាព្រឹកថ្ងៃទី២៨ឧសភានេះថា ផ្លូវថ្មើរជើងមាត់ទន្លេ គ្រោងនឹងបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នាថ្ងៃទី២១មិថុនា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងស្ត្រីទី១ លោកជំទាវបណ្ឌិត ពេជ ចន្នមុនី ហ៊ុន ម៉ាណែត។ ពិធីសម្ពោធជាផ្លូវការនេះ ធ្វើឡើងក្រោយផ្លូវថ្មើរជើងបានបើកដំណើរការសាកល្បងអស់រយៈពេលជាង៤ខែ ដោយទទួលបានការគាំទ្រ និងពេញនិយមយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ និងភ្ញៀវជាតិ-អន្តរជាតិ។ បើតាមការបញ្ជាក់របស់លោក ឃួង ស្រេង ក្នុងឱកាសពិធីសម្ពោធជាផ្លូវការនាពេលខាងមុខ ផ្លូវថ្មើរជើងមាត់ទន្លេ ត្រូវរៀបចំឱ្យកាន់តែល្អបន្ថែមទៀត ទាំងកិច្ចការពារសន្តិសុខសុវត្ថិភាព ទាំងការរៀបចំអនាម័យបរិស្ថាន ការសម្ដែងសិល្បៈ ក៏ត្រូវឱ្យធំហើយល្អប្រសើរជាងមុន។ ចំណែក ទីតាំងលើផ្លូវថ្មើរជើងមាត់ទន្លេ ដាច់ខាតត្រូវតែស្អាត មានបរិស្ថានល្អ។

សូមជម្រាបថា ផ្លូវថ្មើរជើង ដែលកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ-អន្តរជាតិ មានទីតាំងនៅតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីវិថីបក្សីចាំក្រុង (ផ្លូវលេខ៩៤) រហូតដល់មុខព្រះបរមរាជវាំង ស្ថិតក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ផ្លូវថ្មើរជើងនេះ ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ ដាក់ឱ្យដំណើរការសាកល្បងកាលពីថ្ងៃទី១កុម្ភៈ ឆ្នាំ២០២៥ នៅរៀងរាល់ថ្ងៃសៅរ៍-អាទិត្យ ចាប់ពីម៉ោង៦ល្ងាច ដល់ម៉ោង១១យប់។ ទេសចរដែលទៅដើរលេងកម្សាន្ត អាចទស្សនាការបង្ហាញទស្សនីយ៍ភាពទាក់ទងនឹងវប្បធម៌ប្រពៃណីខ្មែរ រួមមានទាំងការសម្ដែងសិល្បៈបុរាណ ប្រពៃណី សម័យ, ការសម្ដែងរបាំប្រពៃណី ជាពិសេសល្ខោនខោល អានសៀវភៅតាមរយៈបណ្ណាល័យចល័ត និងមានការរាំលេងកម្សាន្ត ផងដែរ៕






