
ខេត្តបាត់ដំបង៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំឱ្យរដ្ឋបាលខេត្តបាត់ដំបង ពិនិត្យ ក៏ដូចជាសិក្សាពីការចាប់ផ្តើមដំណើរការផ្លូវថ្មើរជើង រៀងរាល់ល្ងាចថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ដូចនៅរាជធានីភ្នំពេញដែរ ដើម្បីទាក់ទាញភ្ញៀវទេសចរ...។

ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ លើកទិសដៅការងារឆ្នាំ២០២៥របស់រដ្ឋបាលខេត្តបាត់ដំបង នាពេលថ្មីៗ លោកឧបនាយករដ្ឋមន្ត្រី លើកឡើងថា ការសាកល្បងផ្លូវថ្មើរជើងនៅរាជធានីភ្នំពេញ ទទួលបានការគាំទ្រពីសាធារណជន ទាំងអ្នកហាត់ប្រាណកម្សាន្ត និងអ្នកថ្មើរជើង មិនថាមនុស្សចាស់ វ័យកណ្ដាល យុវជន និងកុមារ ដ្បិតពួកគាត់មិនព្រួយបារម្ភពីបញ្ហាចរាចរណ៍ និងក្លិនផ្សែងចេញពីយានយន្ត ខណៈអ្នកលក់ដូរចល័តក៏ទទួលបានឱកាសលក់អាហារ និងវត្ថុអនុស្សាវរីយ៍ដាច់ជាងមុនដែរ។ ក្នុងន័យនេះ លោកឧបនាយករដ្ឋមន្ត្រី បានណែនាំឱ្យរដ្ឋបាលខេត្តបាត់ដំបង សិក្សាទីតាំងណាមួយក្នុងក្រុងបាត់ដំបង ដើម្បីរៀបចំតាមលំនាំសាលារាជធានីភ្នំពេញ គឺផ្លូវថ្មើរជើង សម្រាប់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ដោយកំណត់ចន្លោះពេលវេលាណាមួយ ដើម្បីផ្តល់ជម្រើសដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរបន្ថែមលើអ្វីដែលមានស្រាប់ ដូចជា ផ្លូវជុំវិញស្ទឹងសង្កែ សួនវិមានឯករាជ្យ និងសួនសម្តេចក្រឡាហោមជាដើម។ លោកបន្ថែមថា ការស្រាវជ្រាវមួយរកឃើញថា ប្រជាជន១៤ភាគរយ បានកាត់បន្ថយភាពតានតឹង ឬស្ត្រេស ដោយសារតែអាជ្ញាធររៀបចំទីតាំងសម្រាប់ពួកគាត់ដើរហាត់ប្រាណ និងទីតាំងសម្រាប់ថ្មើរជើងកម្សាន្តនៅពេលព្រឹក ពេលល្ងាច និងពេលយប់។

លោកឧបនាយករដ្ឋមន្ត្រី ក៏បានណែនាំបន្ថែមដល់អាជ្ញាធរពាក់ព័ន្ធ ត្រូវមានការជួបប្រជុំពិភាក្សាដើម្បីរៀបចំប្លង់គោល ក្នុងតំបន់គ្រប់គ្រងនៃមូលដ្ឋានរបស់ខ្លួន ចៀសវាងតំបន់មានសក្តានុពល ត្រូវបានប្រើប្រាស់ខុសគោលដៅ ដែលនាំឱ្យពិបាកដោះស្រាយនៅថ្ងៃក្រោយ។ គួរជម្រាបថា ការណែនាំខាងលើរបស់លោកឧបនាយករដ្ឋមន្ត្រី ធ្វើឡើងបន្ទាប់ពី ផ្លូវថ្មើរជើងនៅរាជធានីភ្នំពេញ (Walk Street) មានទីតាំងតាមបណ្តោយមាត់ទន្លេ ចាប់ពីមុខប្រៃសណីយ៍កម្ពុជា រហូតដល់មុខព្រះបរមរាជវាំង (ផ្លូវលេខ២៤០) ត្រូវបានដាក់ឱ្យដំណើរការសាកល្បង ទទួលបានភាពអ៊ូអរដោយប្រជាពលរដ្ឋជាច្រើន មានទាំងភ្ញៀវទេសចរបរទេសផង នាំគ្នាដើរលេងកម្សាន្តប្រកបដោយភាពងាយស្រួល សប្បាយរីករាយ ដោយគ្មានភ័យព្រួយពីបញ្ហាចរាចរណ៍ ខណៈរដ្ឋបាលរាជធានីភ្នំពេញ ក៏កំពុងគិតគូររៀបចំបន្ថែមឱ្យមានស្តង់លក់ម្ហូបអាហារ ការសម្ដែងសិល្បៈបុរាណ កន្លែងគូរគំនូរ អានសៀវភៅ ។ល។ ដើម្បីទាក់ទាញភ្ញៀវទេសចរបន្ថែមទៀត៕




