
រាជធានីភ្នំពេញ៖ ផ្លូវថ្មើរជើងភ្នំពេញ (Walk Street) បាននិងកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីប្រជាពលរដ្ឋ ខណៈល្ងាចថ្ងៃអាទិត្យនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំឱ្យមានការសម្ដែងរបាំប្រពៃណី ក្នុងនោះក៏មានរបាំវាយក្រាប ជូនប្រជាពលរដ្ឋ និងទេសចរបានទស្សនាកម្សាន្ត…។

ពីមួយសប្ដាហ៍ ទៅមួយសប្ដាហ៍ រដ្ឋបាលរាជធានីភ្នំពេញតែងរៀបចំឱ្យមានការសម្ដែងសិល្បៈបុរាណ ប្រពៃណី សម័យ, បណ្ណាល័យចល័ត, កន្លែងលក់ដូរ និងកន្លែងកម្សាន្តសប្បាយផ្សេងៗខុសៗពីគ្នាជារៀងរាល់សប្ដាហ៍។ ជាក់ស្ដែង នៅសប្ដាហ៍ទី២ នៃខែមីនានេះ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំឱ្យមានល្ខោនខោល ដកស្រង់ឈុតមួយក្នុងរឿងចម្បាំងកុម្ភការ នៅក្នុងរាត្រីថ្ងៃសៅរ៍។ រីឯថ្ងៃអាទិត្យនេះវិញ នឹងមានការសម្ដែងរបាំប្រពៃណី ក្នុងនោះក៏មានរបាំវាយក្រាបផងដែរ ដើម្បីឱ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរបរទេសបានទស្សនាកម្សាន្តអារម្មណ៍ និងបានយល់ដឹងកាន់តែច្បាស់ពីរបាំប្រពៃណីដូនតាខ្មែរ។ របាំវាយក្រាប ត្រូវបានគេរកឃើញដំបូងនៅក្នុងឆ្នាំ១៩៦៥ នៅតាមខេត្តជាច្រើនដូចជា ខេត្តព្រៃវែង ស្វាយរៀង តាកែវ និងខេត្តកំពង់ស្ពឺ។

របាំវាយក្រាប ជារបាំដែលមានភាពក្រមិចក្រមើមដោយបុរស-នារីជន្លមុខញាក់ដាក់គ្នាដោយក្ដីស្រឡាញ់ អ្នករាំកាន់បំពង់់ឫស្សីជាគូក្នុងដៃ ដើម្បីធ្វើជាសំឡេង និងចង្វាក់រាំ។ សូមជម្រាបថា ផ្លូវថ្មើរជើង (Walk Street) ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញដាក់ឱ្យដំណើរការសាកល្បង២ថ្ងៃក្នុង១សប្ដាហ៍ ពោលគឺថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចាប់ពីម៉ោង៦ល្ងាចដល់ម៉ោង១១យប់ នៅតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីវិថីបក្សីចាំក្រុង (ផ្លូវលេខ៩៤) រហូតដល់មុខព្រះបរមរាជវាំង។ ចាប់តាំងពីថ្ងៃដាក់ឱ្យសាកល្បងលើកដំបូង រហូតមកដល់ពេលនេះ ផ្លូវថ្មើរជើងរាជធានីភ្នំពេញ គឺរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ ជូនប្រជាពលរដ្ឋរាប់ទាំងអ្នកប្រកបរបរអាជីវកម្ម ក៏ដូចជាប្រជាពលរដ្ឋធ្វើដំណើរកម្សាន្ត៕




