៣ខែក្រោយ«ផ្លូវថ្មើរជើង»នឹងមានបន្ទប់ទឹកសាធារណៈបន្ថែមសម្រាប់ភ្ញៀវទេសចរប្រើប្រាស់
អុន សម្ផស្ស
02 ឧសភា 2025 07:30 AM

រាជធានីភ្នំពេញ៖ ក្រោយដាក់ឱ្យដំណើរការបានប្រមាណជាង៣ខែ ផ្លូវថ្មើរជើង(Walk Street) ទទួលបានការពេញនិយមយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវជាតិ អន្តរជាតិ ទៅលេងកម្សាន្តក្នុងថ្ងៃចុងសប្តាហ៍។ ឆ្លើយតបទៅនឹងកំណើនភ្ញៀវទេសចរឥតឈប់ឈរនេះ រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសសាងសង់បន្ទប់ទឹកសាធារណៈចំនួន៣៧បន្ថែមទៀត ខណៈជាការប៉ាន់ប្រមាណបន្ទប់ទឹកនេះត្រូវធ្វើរួចរាល់នៅខែសីហា ឆ្នាំ២០២៥..។

រដ្ឋបាលរាជធានីភ្នំពេញ បញ្ជាក់ថា៖«ដើម្បីធ្វើឱ្យកាន់តែប្រសើរមួយកម្រិតថែមទៀត សម្រាប់ផ្លូវថ្មើរជើង(Walk Street)នេះ [លោក] ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញធ្វើការសាងសង់បន្ទប់ទឹកសាធារណៈមួយកន្លែងមានជិត៤០បន្ទប់បន្ថែមទៀត ជាមួយនឹងពិនិត្យការជួសជុលច្រាំងទន្លេមួយចំណែកឡើងវិញផងដែរ»។ ក្នុងឱកាសចុះពិនិត្យទីតាំងសាងសង់នៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥ លោក ឃួង ស្រេង បានណែនាំឱ្យមន្ទីរសាធារណការរាជធានី សាងសង់បន្ទប់ទឹកឱ្យមានខ្យល់អាកាស និងពន្លឺគ្រប់គ្រាន់ ដើម្បីសុខមាលភាពប្រជាពលរដ្ឋនិងភ្ញៀវជាតិ អន្តរជាតិ ដែលទៅកម្សាន្ត។

សូមជម្រាបថា ទីតាំងសាងសង់បន្ទប់ទឹកសាធារណៈ និងជួសជុលច្រាំងទន្លេមួយចំណែកឡើងវិញ ស្ថិតនៅចំណុចរូបសំណាកតេជោមាស និងមុខវត្តឧណ្ណាលោម។ តាមមន្ត្រីជំនាញបន្ទប់ទឹកសាធារណៈនៅចំណុចខាងលើរួមមាន៖ បន្ទប់ទឹកសម្រាប់បុរសចំនួន២២, បន្ទប់ទឹកសម្រាប់ស្ត្រីចំនួន១៤ និងបន្ទប់សម្រាប់ជនពិកាចំនួន១បន្ទប់គម្រោងសាងសង់បន្ទប់ទឹកនេះ ត្រូវប្រើប្រាស់ពេលសាងសង់រយៈពេល៣ខែ។ ចំណែកការដ្ឋានជួសជុលច្រាំងទន្លេវិញមានប្រវែង១៧២ម៉ែត្រ ជម្រាលប្រវែង២២ម៉ែត្រ ត្រូវប្រើប្រាស់ពេលវេលានៃការសាង់សង់ចំនួន១ខែ។ តាមមន្ត្រីជំនាញដដែល គម្រោងទាំងពីរនេះ ធ្វើឡើងដើម្បីទទួលភ្ញៀវលើផ្លូវថ្មើរជើង(Walk Street) និងទទួលព្រះរាជពិធីបុណ្យអុំទូកខាងមុខ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត